តំណាងគណៈកម្មការរៀបចំបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី បានឲ្យដឹងថា មានប្រជាពលរដ្ឋចន្លោះពី ៣ ទៅ ៤ម៉ឺននាក់ បានទៅចូលរួមពិធីបុណ្យនៅព្រឹកថ្ងៃនេះ ដែលជាថ្ងៃទីពីរនៃពិធីបុណ្យ។
ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលានេះ នៅឯវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ ហើយគ្រោងដង្ហែររូបសំណាក់លោក កែម ឡី ទៅកាន់ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃស្អែក។
ក្នុងថ្ងៃទីពីរនៃពិធីបុណ្យនេះ លោក សៅ កុសល តំណាងគណៈកម្មការបុណ្យ បានប្រាប់ថា មានប្រជាពលរដ្ឋខ្ទង់ ៣ ទៅ ៤ម៉ឺននាក់ បានទៅចូលរួមពិធីបុណ្យ ដែលលោកថា មានចំនួនច្រើនជាងថ្ងៃម្សិលមិញ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក ក្នុងម៉ាតមួយកន្លែង នៅម្ដុំស្តុបបូកគោក ក្នុងរាជធានីភ្នំពេញ៕