ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានផ្សាយថា ប្រទេសជប៉ុន និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលដ៏ចម្រូងចម្រាស់មួយកាលពីថ្ងៃម្សិលមិញ ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុននាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ ទៅកាន់មហាយក្សអាស៊ីខាងត្បូងមួយនេះ ខណៈដែលប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។
ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី។ បើតាម AFP វាគឺជាកិច្ចព្រមព្រៀងលើកដំបូងដែលជប៉ុនបានធ្វើជាមួយប្រទេសមួយ ដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
សន្ធិសញ្ញានោះ បានហាមប្រទេសដទៃទៀត ក្រៅពីសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនឲ្យអភិវឌ្ឍ និងផលិតអាវុធនុយក្លេអ៊ែរ។
ជប៉ុន ដែលជាប្រទេសរងគ្រោះនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២នោះ ជាយូរមកហើយ តែងតែមិនចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌានោះឡើយ៕