ក្រុមហ៊ុនមេនៃក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិចនៅក្នុងប្រទេសកម្ពុជា បានអះអាងថា ពួកគេមិនមានវីដេអូកាមេរ៉ាសុវត្ថិភាពថតសកម្មភាពនៃឃាតកម្មអ្នកវិភាគល្បីឈ្មោះ លោក កែម ឡី នោះឡើយ។
កាលពីពេលថ្មីៗនេះ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកថា តុលាការមួយរបស់អាមេរិក បានទុកពេល៣០ថ្ងៃ ឲ្យក្រុមហ៊ុន Chevron ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ឆ្លើយតបនឹងសំណើសុំបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបានផ្ដិតយកទិដ្ឋភាពនៃឃាតកម្មលោក កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីខែកក្កដាឆ្នាំមុន។
ប៉ុន្តែ ក្រុមហ៊ុន Chevron ត្រូវបានកាសែតខេមបូឌា ដេលី ទាក់ទងសម្ភាស និងដកស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃម្សិលមិញថា ក្រុមហ៊ុននេះមិនមានវីដេអូនោះឡើយ។ ក្រុមហ៊ុនប្រេងអាមេរិកមួយនេះ បានឲ្យដឹងទៀតថា វីដេអូឃាតកម្មលោក កែម ឡី ស្ថិតនៅក្នុងដៃអាជ្ញាធរកម្ពុជា។
ក្រុមហ៊ុននេះបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានដកហូតវីដេអូនោះទាំងស្រុង តែប៉ុន្មានម៉ោងក្រោយឃាតកម្មនោះ បានកើតឡើង ហើយមិនបានប្រគល់វីដេអូនោះត្រឡប់ទៅវិញទេ៕