អ្នក​ស្លាប់​កើន​ដល់​១៧​នាក់ និងរបួស​២៤​នាក់​ក្នុង​គ្រោះ​ថ្នាក់​បាក់អគារ​ចិន​នៅ​​ខេត្ត​ព្រះសីហនុ

ក្រុមអាជ្ញាធរកំពុងស្វែងរកមនុស្សដែលត្រូវបានគេជឿថា កប់នៅក្រោមគំនរបាក់បែកនៃសំណង់អគារចិន ដែលបានបាក់រលំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ (រូបថត៖ សូត សុខប្រាថ្នា)

មន្ត្រី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ក្រុមជួយសង្គ្រោះ បាន​ទាញ​យក​សព​បាន​ចំនួន ១៧​នាក់​ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​អគារ​មួយ​កម្ពស់ ៧​ជាន់​ បាន​រំលំ​បាក់​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​វីអូឌីថា គិតមកដល់ព្រឹកថ្ងៃអាទិត្យនេះ ក្រុមការងារជួយសង្គ្រោះបានរកឃើញសពចំនួន ១៧នាក់ ក្នុងនោះមានស្រី ៤នាក់ និងអ្នករងរបួសកើនដល់ ២៤នាក់ នៅក្នុងករណីបាក់សំណង់អគារ ៧ជាន់ កាលពីព្រឹកថ្ងៃសៅរិ៍ម្សិលមិញ។

យ៉ាងណាក៏ដោយ លោកអះអាងថា ក្រុមការងារជួយសង្គ្រោះកំពុងបន្ដប្រតិការជួយសង្គ្រោះបន្ដទៀត ដើម្បីរុករកអ្នកស្លាប់ និងអ្នកនៅរស់រានមានជីវិតផ្សេងទៀត។

លោក ឃាង ភារម្យ មាន​ប្រសាសន៍​ថា៖ «យើងនៅបន្ដការរុករកទាល់តែយើងយកចេញអស់ ហើយសម្អាតទីតាំង។ យើងអត់អាចវាយតម្លៃបានទេ ព្រោះបើគិតពីកម្ទេចកម្ទីសំណង់បាន ៤០ភាគ​រយ វានៅ ៦០ភាគរយទៀត។ យើងបានសម្របសម្រួលជាមួយខាងក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតបាន ៩សពហើយ ហើយយើងមានរថយន្ដជូនគាត់ដល់ស្រុកកំណើត»។

ករណីបាក់អគារ៧ជាន់នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ៣នាក់ ដោយថា សំណង់អគារនេះ គឺមាន​ពុំ​ច្បាប់អនុញ្ញាតនោះទេ ហើយអាជ្ញាធរ​បានចុះហាមឃាត់ចំនួន ២ដងរួចហើយ ប៉ុន្ដែ ម្ចាស់ការដ្ឋានមិន​អនុវត្ត​តាម​ការ​ណែនាំ។

ជនជាតិ៣នាក់នោះរួមមានឈ្មោះ Chen Kun ជាម្ចាស់ការដ្ឋានសំណង់ ឈ្មោះ Deng Xing Gul ជាម្ចាស់ក្រុមហ៊ុនទទួលសាងសង់ និង ឈ្មោះ​ Gao Yu ជាអ្នកម៉ៅការបូកជញ្ជាំងអគារ។​

ក្រៅពីជនជាតិចិនទាំង៣នាក់នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ផងដែរ ដែលមានឈ្មោះ ញឹក ហ៊ុយ ​បន្ទាប់ពីបានជួលដីឱ្យជនជាតិចិនសាងសង់អគារសម្រាប់ធ្វើសណ្ឋាគារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ