លោក កឹម សុខា ជំរុញ​ឲ្យ​ផ្ដន្ទាទោសអ្នកជាប់ពាក់ព័ន្ធក្នុងករណីបាក់អគារចិននៅខេត្ត​ព្រះសីហនុ

ក្រុម​ជួយ​សង្គ្រោះ​ស្វែង​រក​កម្មករ​សំណង់​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​ចិន​កម្ពស់ ៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៩។ រូបថត៖ សូត្រ សុខប្រាថ្នា

​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ បានជំរុញ​ឲ្យ​ស៊ើប​អង្កេតអ្នក​ពាក់​ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​បាក់​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បាន​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ និង​រង​របួស។

តួលេខ​ថ្មី​ចុង​ក្រោយ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្រុម​ជួយ​សង្គ្រោះ​បាន​ទាញ​យក​សាក​សព​មនុស្ស ១៨​នាក់​ហើយ​មក​ដល់​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​អាទិត្យ​នេះ ពី​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​កម្ពស់ ៧​ជាន់ ហើយ​មនុស្ស​ ២៤​នាក់​ទៀត​បាន​រង​របួស។

ខណៈ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​នោះ លោក កឹម សុខា បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោក និងភរិយាមានក្ដីរន្ធត់ចិត្តចំពោះសោដនាកម្ម ដែលបណ្ដាលមកពីការបាក់រំលំអគារសំណង់របស់ចិនកម្ពស់ ៧ជាន់ នៅក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរិ៍ ទី២២ ខែមិថុនា ម្សិលមិញ។

បើតាមហ្វេសប៊ុក លោក កឹម សុខា ជំរុញឲ្យអាជ្ញាធរកម្ពុជារកយុត្តិធម៌ជូនជនរងគ្រោះដោយការផ្ដល់ជាសំណង និងរកមូលហេតុពិតនៃការដួលរំលំអគារនេះ ជាពិសេសស្វែងរកវិធានការទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានជាថ្មី។

លោក កឹម សុខា សរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំក៏សូមអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយផ្តល់សំណង និងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវទាំងឡាយដែលពាក់ពន្ធ័ឲ្យបានសមរម្យ ហើយក៏សូមឲ្យរកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ និងមានវិធានការបង្ការទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានដដែលៗតទៅទៀត»

យ៉ាងណាក៏ដោយ ក្រោយហេតុការណ៍ដួលរំលំអគារនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានផ្ញើសាររំលែកទុក្ខមួយដល់គ្រួសារនៃជនរងគ្រោះ និងអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់នេះផងដែរ។

ក្នុងសាររំលែកទុក្ខនោះ លោក ស ខេង ឲ្យដឹងថា លោកនឹងចាត់វិធានការជាក់ស្ដែងដើម្បីស្រាវជ្រាវ និងរកមូលហេតុនៃការដួលរំលំអគារនេះ ព្រមទាំងចាត់វិធានការច្បាប់ចំពោះអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ។

ក្នុងសាររំលែកទុក្ខនោះ លោក ស ខេង សរសរថា៖ «តាមរយៈយន្ដការអន្ដរក្រសួង ខ្ញុំនឹងចាត់វិធានការជាក់ស្ដែងចំពោះមុខដទៃទៀត ដោយត្រូវបន្ដជំរុញស្រាវជ្រាវ និងស្វែងរកឲ្យឃើញនូវមូលហេតុដើម ដែលនាំឲ្យកើតមានសោដនាដកម្មដ៏អាណោចអាធម្មនេះ ព្រមទាំងចាត់វិធានការលើបុគ្គលពាក់ព័ន្ធ ដើម្បីទទួលខុសត្រូវតាមច្បាប់»។

ក្រោយទទួលបានដំណឹងនេះផងដែរ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានបញ្ជាពីក្រៅប្រទេសឲ្យបញ្ចេញថវិកាជាតិជួយឧបត្ដម្ភដល់ក្រុមគ្រួសារ​អ្នកស្លាប់ផងដែរ ដោយថា ក្នុងមួយគ្រួសារទទួលបានប្រាក់ ៤០លានរៀល ឬ ១ម៉ឺនដុល្លារអាមរិក។ ចំណែកឯអ្នករងរបួសក៏នឹងទទួលបានប្រាក់ចំនួន ៥លានរៀល និងការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនានា។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ វី.អូ.ឌី ថា គិតមកដល់ព្រឹកថ្ងៃអាទិត្យនេះ ក្រុមការងារជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១៧នាក់ ក្នុងនោះមានស្រី៤នាក់ និងអ្នករងរបួសកើនដល់ ២៤នាក់ នៅក្នុងករណីបាក់សំណង់អគារ៧ជាន់ កាលពីព្រឹកថ្ងៃសៅរិ៍ម្សិលមិញនេះ។

យ៉ាងណាក៏ដោយ លោកថា ក្រុមការងារជួយសង្គ្រោះកំពុងបន្ដស្វែងរកអ្នកស្លាប់ និងរបួសផ្សេងទៀត ដែលនៅរស់រានមានជីវិត។

ករណីបាក់អគារ៧ជាន់នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៣នាក់ ដោយថា សំណង់អគារនេះ គឺមានច្បាប់អនុញ្ញាតនោះទេ ហើយអាជ្ញាធរបានចុះហាមឃាត់ចំនួន២ដងរួចហើយ ប៉ុន្ដែ ម្ចាស់ការដ្ឋានមិនស្ដាប់។

ជនជាតិ៣នាក់នោះរួមមានឈ្មោះ Chen Kun ជាម្ចាស់ការដ្ឋានសំណង់ ឈ្មោះ Deng Xing Gul ជាម្ចាស់ក្រុមហ៊ុនទទួលសាងសង់ និង ឈ្មោះ​ Gao Yu ជាអ្នកម៉ៅការបូកជញ្ជាំងអគារ។​

ក្រៅពីជនជាតិចិនទាំង៣នាក់នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ផងដែរ ដែលមានឈ្មោះ ញឹក ហ៊ុយ ​បន្ទាប់ពីបានជួលដីឱ្យជនជាតិចិនសាងសង់អគារសម្រាប់ធ្វើសណ្ឋាគារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ