រដ្ឋាភិបាល​ចាត់​តាំង​ក្រុម​ថ្មី​មួយ​ឲ្យ​ពិនិត្យ​គុណភាព​សំណង់​ឡើង​វិញ​ក្រោយ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យោធា ឈរ​មើល​ក្រុម​ជួយ​សង្គ្រោះ ដែល​កំពុង​ស្វែងរក​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជឿ​ថា កប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​ចិន ដែល​បាន​បាក់​រលំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ រូបថត៖ សូត សុខប្រាថ្នា

រដ្ឋាភិបាល​បាន​ចាត់​តាំង​មន្ត្រី​ជាន់​ខ្ពស់ ១៥​រូប ឲ្យ​​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​គុណភាព​សំណង់​នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា បន្ទាប់​ពី​សំណង់​អគារ​របស់​ជន​ជាតិ​ចិន​មួយ​កន្លែង បាន​បាក់​រលំ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់​សិប​នាក់។

ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​តាំង​មន្ត្រី​ជាន់​ខ្ពស់ ១៥​រូប មក​ពី​ស្ថាប័នចម្រុះ ឲ្យ​ត្រួត​ពិនិត្យ​លើ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ។

ក្នុង​សេចក្ដី​សម្រេច​ដដែល គណៈកម្មការ​ថ្មី​មួយ​នេះ ដឹកនាំ​ដោយ​រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិព្វសីហា ជា​ប្រធាន និង​​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក អ៊ុក គឹមលេខ ជា​អនុ​ប្រធាន។

បើ​តាម​ខ្លឹមសារ​នៃ​សេចក្ដីសម្រេច​ដដែល​នេះ គណៈកម្មការ​ថ្មី​នេះ ត្រូវ​បាន​បំពាក់​នូវ​ភារកិច្ច​ឲ្យ​ត្រួត​ពិនិត្យ​​បទដ្ឋាន​បច្ចេកទេស ផ្លូវ​ច្បាប់ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​តាម​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះសីហនុ។

ជាង​នេះ​ទៅ​ទៀត ក្រុម​មន្ត្រី​ចម្រុះ​ទាំង​នេះ ក៏​នឹង​ត្រួត​ពិនិត្យ​ផង​ដែរ​លើ​ក្រុម​ហ៊ុន​ម៉ៅការ​សំណង់​នៅ​តាម​ការដ្ឋាន​សាង​សង់​នានា មុន​នឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់តាំង​ក្រុម​ចម្រុះ​នេះ​ឡើង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សំណង់​អគារ​កម្ពស់ ៧​ជាន់ ដែល​ជា​គម្រោង​សាង​សង់​របស់​ជន​ជាតិ​ចិន បាន​បាក់​រលំ​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​សៅរ៍​ម្សិល​មិញ។

កម្មករ​សំណង់​រាប់​សិប​នាក់ ដែល​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​នោះ ត្រូវ​បាន​គេ​ជឿ​ថា កប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៃ​សំណង់​នោះ។

តួលេខ​ថ្មី​បំផុត​នៅ​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ បង្ហាញ​ថា សាក​សព ២០​នាក់​ហើយ ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​ទាញ​ចេញ​ពី​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​នោះ ហើយ​មនុស្ស ២៤​នាក់​ទៀត បានរង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ