រដ្ឋាភិបាល និងអតីតបក្សប្រឆាំងរំលែកទុក្ខ និង​ទាមទារ​យុត្តិធម៌ដល់ជនគ្រោះក្នុងឧបទ្ទវហេតុបាក់អគារ

ទិដ្ឋភាពគំនរបាក់បែកនៃសំណង់អគារចិន ដែលបានបាក់រលំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ (រូបថត៖ ជន ចាន់រ៉ែន)

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងអតីតបក្សប្រឆាំងចេញសាររំលែកទុក្ខរួមទាំងអំពាវនាវរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់សំណង់អគារមួយនៅខេត្តព្រះសីហនុ។

កាលចុងសប្តាហ៍ សំណង់អគារ៧ជាន់របស់ជនជាតិចិនមួយនៅក្នុងខេត្តព្រះសីហុន បានរលំបាក់ដោយគិត​មកដល់ម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមិថុនានេះ សមត្ថកិច្ចរកឃើញកម្មករស្លាប់២៥នាក់ ខណៈរងរបួស២៤នាក់។

ឧបទ្ទវហេតុបាក់សំណង់អគារបណ្តាលឲ្យកម្មករស្លាប់ជាច្រើននាក់នេះ បានធ្វើឲ្យប្រមុខរដ្ឋាភិបាល និងអតីតបក្សប្រឆាំងរួមទាំងប្រជាពលរដ្ឋផង បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះសោកនាដកម្មមួយនេះ។

ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសាររំលែកទុក្ខតាមបណ្តាញសង្គម និងបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុបាក់សំណង់អគារ ដែលបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់ និងរងរបួសនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្តីបន្ទោ​សទៅលើក្រុមហ៊ុសាងសង់ ដោយថា ក្រុមហ៊ុននោះបានធ្វើការធ្វេសប្រហែសទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខបន្ទាន់លោក ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្គ្រោះកម្មករដែលកំពុងជាប់ផុងក្នុងសំណង់អគារបាក់បែក។

ចំណែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ក៏បានចេញសារលិខិតរំលែកទុក្ខដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់សំណងអគារ៧ជាន់នោះផងដែរ កាលពីថ្ងៃសៅរ៍ទី២២ ខែមិថុនានេះ។

ក្នុងលិខិតនោះ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃលោក ស ខេង បាន​ប្រកាស​ចាត់​វិធាន​ការ​លើ​បុគ្គ​ល​​ដែលជាប់ពាក់​ព័ន្ធ ដើម្បីយក​មក​ទទួល​ខុស​​ត្រូវ​តាម​ផ្លូវ​ច្បាប់។

កាលពីថ្ងៃទី២៣ ខែមិថុនា ក្រសួងយុត្តិធម៌ ក៏បានចេញសាររំលែកទុក្ខចំពោះសាច់ញាត្តិ និងក្រុមគ្រួសារជាន់រងគ្រោះផងដែរ ដោយក្រសួងមួយនេះ សង្ឃឹមយ៉ាងមុតមាំថា ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារនៃជនរងគ្រោះនឹងត្រូវបានអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍បន្ថែមលើខិតនេះថា ក្រសួងយុត្តិ​ធម៌នឹងជំរុញឲ្យមានការទទួលខុសត្រូវ និងអនុវត្តច្បាប់បានត្រឹមត្រូវ ក្រោយគណៈកម្មការស៊ើបអង្កេតដឹងច្បាស់លាសនៃការបាក់អគារនោះ។

លោកបន្ថែមថា៖ «ក្រសួងយុត្តិធម៌ជាស្ថាប័នទទួលបន្ទុកការអនុវត្តច្បាប់។ យើងមានតែ​ការជំរុញឲ្យមានការអនុវត្តច្បាប់ទេ បានន័យថា ក្រោយការស៊ើបអង្កេតទៅលទ្ធផលនឹងឃើញហើយ ថាតើវាជាឧបទ្ទវហេតុឬមួយ វាបង្ករដោយសារតែមានបញ្ហាកំហុសខុសឆ្គងបច្ចេកទេស ឬក៏ការបំពានច្បាប់ណាមួយ? អ៊ីចឹង ប្រសិនបើវាកើតឡើងដោយសារការបំពានច្បាប់ណាមួយ នោះអ្នកដែលបំពាន ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ ក្នុងនាមយើងទទួលខុសត្រូវការអនុវត្តច្បាប់ យើងមានតែជំរុញប៉ុណ្ណឹង»។

ជុំវិញឧបទ្ទវហេតុបាក់សំណង់អគាររបស់ចិននៅខេត្តព្រះសីហនុ អតីតគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញការតក់ស្លុត និងសោកស្តាយចំពោះហេតុការណ៍សំណង់អាគារដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នោះផងដែរ ដោយអតីតបក្សប្រឆាំងមួយនេះ បានទម្លាក់ការទទួលខុសត្រូវទៅលើរបបដឹករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ អតីតគណបក្សសង្គ្រោះជាតិ បានថ្កោលទោសចំពោះអាជ្ញាធរដែលធ្វើការធ្វេសប្រហែសមិនយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងនិងពិនិត្យសំណង់អគារ ដោយថាបានអនុញ្ញាតឲ្យមានការសាងសង់ទាំងគ្មានគុណភាព និងគ្មានច្បាប់ត្រឹមត្រូវជាដើម។

ក្នុងសេចក្តីថ្លែងការណ៍នេះ អតីតគណបក្សសង្គ្រោះជាតិ បានទាមទារឲ្យមានការផ្តន្ទាទោសចំពោះបុគ្គលពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះសីហនុដែលពាក់ព័ន្ធត្រូវលាលែងពីតំណែង ដោយថា ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

ក្នុងសាររំលែកទុក្ខរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលបានសសេរលើហ្វេសប៊ុករបស់លោកបានលើកឡើងថា ដើមចមនៃការបាក់សំណង់អគាររបស់ចិននៅខេត្តព្រះសីហនុនោះ គឺបណ្តាលមកពីអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល។

លោក សម រង្ស៊ី អះអាងថា អាចមានសំណង់អគារជាច្រើនទៀតដែលកំពុងសាងសង់ និង​សាងសង់​រួច ដោយពុំមានលិខិតអនុញ្ញាត គ្មានការត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដា និងសុវត្តិភាព។

ចំណែក លោក កឹម សុខា ខណៈ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​នោះ ក៏បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា លោក និងភរិយាមានក្ដីរន្ធត់ចិត្តចំពោះសោដនាកម្មនេះ ហើយជំរុញឲ្យអាជ្ញាធរកម្ពុជារកយុត្តិធម៌ជូនជនរងគ្រោះដោយការផ្ដល់ជាសំណង និងរកមូលហេតុពិតនៃការដួលរំលំអគារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ