ជប៉ុន ចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះក្នុងករណីបាក់អគារនៅខេត្តព្រះសីហនុ

ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួសនៅក្នុងឧបទ្ទវហេតុបាក់រលំអគារចិនមួយកន្លែង ក្នុងខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

យោងតាមការចុះផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា មានប្រសាសន៍ថា លោកមានការសោកស្ដាយជាពន់ពេក នៅពេលទទួលបានព័ត៌មានគ្រោះថ្នាក់បាក់សំណង់អគារចិនកម្ពស់៧ជាន់ កាលពីថ្ងៃទី២២ខែមិថុនាកន្លងទៅថ្មីៗនេះ។

សារលើទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជាបញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុបាក់អាគារដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅកាន់សុគតិភព»។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ VOD ថា គិតត្រឹមម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃចន្ទ​នេះ ក្រុមការងារជួយសង្គ្រោះបានរកឃើញសាកសពចំនួន ២៥នាក់ ហើយចំនួនអ្នករងរបួសកើនដល់ ២៤នាក់ នៅក្នុងករណីបាក់សំណង់អគារ ៧ជាន់ កាលពីព្រឹកថ្ងៃសៅរិ៍ ចុងសប្ដាហ៍កន្លងទៅនេះ។

យ៉ាងណាក៏ដោយ លោកថា ក្រុមការងារជួយសង្គ្រោះនៅតែបន្ដប្រតិការជួយសង្គ្រោះបន្ដទៀត ដើម្បីរុករកអ្នកស្លាប់ និងអ្នកនៅរស់រានមានជីវិតផ្សេងទៀត ដែលជាប់នៅក្រោមសំណង់អគារបាក់បែកនេះ។

ចំណែក ស្ថានទូត​ចិន កាលថ្ងៃទី២៣ ខែមិថុនា ក៏​បាន​សរសេរ​នៅ​លើទំព័រ​ហ្វេសប៊ុក​ថា ស្ថានទូត​សោក​ស្ដាយ​​ចំពោះ​ហេតុការណ៍​នេះ និង​បួង​សួង​ឲ្យ​វិញ្ញាក្ខន្ធ​ជន​រង​គ្រោះ​បាន​ទៅ​កាន់​សុគតិភព។ ស្ថានទូត​ចិន ​​បាន​បង្ហាញ​ជំហរ​គាំ​ទ្រ​ផង​ដែរ​ទៅ​ដល់​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ដែល​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដែល​ពាក់​ព័ន្ធ​នឹង​គម្រោង​សាង​សង់​នៃ​អគារ​កម្ពស់ ៧​ជាន់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ