អ្នកជំនាញ ADB ជំរុញកម្ពុជាបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ

ចរាចរណ៍នៅតាមបណ្ដោយផ្លូវ ស្ពានព្រែកតាមាក់។ រូបភាព៖ ជន ចាន់រ៉ែន

មន្ដ្រីជំនាញធនាគារអភិវឌ្ឍន៍អាស៊ី ឬ ហៅកាត់ថា ADB បានជំរុញឱ្យកម្ពុជាបង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីទាក់ទាញកំណើនអ្នកវិនិយោគ ធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

អ្នកជំនាញ ADB បានបង្ហាញថា ធនាគារមួយនេះ បានរួមចំណែកជួយដល់បណ្តាប្រទេសនៅក្នុងអាស៊ាន ឬហៅថាតំបន់អាស៊ីអាគ្នេយ៍ ​រួមមានទាំងកម្ពុជាផងដែរ។ ការជួយទាំងនោះ តាមរយៈការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចី​ ឬ ជាជំនួយបច្ចេកទេសជាដើម។

នាយកផ្នែកកិច្ចសហប្រតិបត្ដិការតំបន់ និងការស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក Rana Hasan មានប្រសាសន៍កាលពីថ្ងៃទី ១៣ មិថុនា ក្នុងពិធីជំនួបអ្នកសារព័ត៌មានមកពីប្រទេសចំនួន៨ ក្នុងតំបន់អាស៊ានថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលអាចដោះស្រាយបញ្ហាគម្លាតកំណើនសេដ្ឋកិច្ចរបស់ពួកគេតាមរយៈការចូលរួមរបស់រដ្ឋ និង ជំរុញកំណើនវិនិយោគរបស់ក្រុមហ៊ុនឯកជនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។​ លោកបន្តថា ប្រទេស៦ផ្សេងទៀតរបស់សមាជិកអាស៊ានក៏ត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែរ។​

នាយកផ្នែកកិច្ចសហប្រតិបត្ដិការតំបន់ និងការស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក Rana Hasan។ រូបភាព៖ សូត សុខប្រាថ្នា

លោកបង្ហាញថា៖ «ក្នុងចំណោមប្រទេសចំនួន ៧នៅតំបន់អាស៊ាន រួមមានវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ភូមា និង សិង្ហបុរី គឺ មានតែប្រទេសវៀតណាមមួយ ដែលបានវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្ពស់ជាងគេនៃ GDP របស់ខ្លួន ក្រៅពីនេះ គឺបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចន្លោះពី១ចុច ៦៤ភាគ (1.64%) ទៅជាង២.៦៤ភាគរយ (2.64%)  នៃ GDP របស់ខ្លួន»។

របាយការណ៍មួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានចំណងជើងថា «បំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី​» ដែលចេញផ្សាយកាលពីឆ្នាំ២០១៧ បានព្យាករណ៍ថា តំបន់អាស៊ាន​ត្រូវការទឹកប្រាក់ប្រមាណ ៣ពាន់ពាន់លានដុល្លារអាមេរិក សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០។

របាយការណ៍ដដែលថា៖ «ស្របពេលតម្រូវការហេដ្ឋារចនាសម្ព័ន្ធត្រូវបាន គេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សបែបនេះ អ្នកជំនាញ ADB ណែនាំថា រដ្ឋាភិបាល និងស្ថាប័ននានានៅក្នុងប្រទេសតំបន់អាស៊ាន ចាំបាច់ត្រូវរៀបចំផែនទីបង្ហាញផ្លូវស្តីពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានត្រឹមត្រូវ»។

លោក Rana Hasan បានបង្ហាញ​អំពីគម្លាតនៃភាពខុសគ្នា​រវាងសេចក្តីត្រូវ​ការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ​ និងការចំណាយ​ពិតប្រាកដ ដែលត្រូវបានគេហៅថា “គម្លាតហេដ្ឋារចនាសម្ព័ន្ធ”នោះ​ គឺមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅឡើយទេ។

លោកថា ការចំណាយផ្នែកហេដ្ឋារចនាសម្ព័ន្ធសរុបនៅអាស៊ីអាគ្នេយ៍ឬអាស៊ានកាលឆ្នាំ២០១៥ មានចំនួនទឹកប្រាក់ ៥៥ ពាន់លានដុល្លារ ខណៈការប៉ាន់ប្រមាណពីតម្រូវការចំណាយប្រចាំឆ្នាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់គឺមានទំហំទឹកប្រាក់ ១៥៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្នកំពុងប្រឈមនឹងគម្លាតតម្រូវការនៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធចំនួនទឹកប្រាក់១០២ពាន់លានដុល្លារសហរដ្ឋអាមេរិកទៀត។

អគ្គនាយកដ្ឋាន​ផ្នែក​និរន្តរភាព និង​ការប្រែប្រួល​អាកាសធាតុ​នៃ ADB លោក Robert Guild មានប្រសាសន៍ផងដែរថា ធនាគារ ADB បានផ្ដល់កម្ចី និងជំនួយជាច្រើនដល់បណ្ដាប្រទេសជាសមាជិក និងបណ្ដារដ្ឋាភិបាល នៅពេលពួកគេត្រូវការហិរញ្ញវត្ថុយកទៅអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។

លោកថា មានវិស័យជាច្រើនដែលស្ថិតក្នុងគម្រោងវិនិយោគរបស់ ADB ជាមួយរដ្ឋាភិបាលប្រទេសជាដៃគូក្នុងតំបន់អាស៊ាន ដោយសហការជាមួយដៃគូវិស័យឯកជន វិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ​ដូចជាវិស័យសុខាភិបាល ការអប់រំ ផ្លូវថ្នល់ ស្ពាន ផ្លូវរថភ្លើង ប្រព័ន្ធទឹកស្អាត ថាមពលអគ្គីសនី និងប្រព័ន្ធបច្ចេកវិទ្យា ជាដើម។

សម្រាប់ប្រទេសហ្វីលីពីន នាយក ADB ប្រចាំប្រទេសនេះ លោក Kelly Bird បានលើកឡើងថា ADB បានយល់ព្រមផ្តល់កម្ចីជាង៦ពាន់លានដុល្លារដល់រដ្ឋាភិបាលនេះចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨។ បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏គ្រោងនឹងផ្តល់កម្ចីប្រមាណ១២ពាន់លានដុល្លារសហរដ្ឋអាមេរិកទៀត ដល់រដ្ឋាភិបាលហ្វីលីពីន ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដើម្បីវិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ​នោះ។

នាយក ADB ប្រចាំប្រទេសនេះ លោក Kelly Bird។ (រូបថត៖ រូបភាព៖ សូត សុខប្រាថ្នា)

ដោយឡែកកម្ពុជាវិញលោកថា ជំនួយឥតសំណង កម្ចី និងជំនួយបច្ចេកទេសរបស់ ADB បានរួមចំណែកជួយឱ្យប្រទេសក្រីក្រមួយនេះបានផ្តើមមានកំណើនសេដ្ឋកិច្ចល្អប្រសើរផងដែរ។

​របាយការណ៍របស់ ADB ដែលចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០១៩ បង្ហាញថា ក្នុងអំឡុងឆ្នាំ ២០១១ ដល់២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី ផ្តល់ជំនួយឥតសំណង និងជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជាមានទឹកប្រាក់ជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក (១,៩៣៣)។ ជាងពាក់កណ្តាលនៃហិរញ្ញប្បទានទាំងនោះ ត្រូវបានទៅវិនិយោគការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត។ ការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ការវិនិយោគលើវិស័យកសិកម្ម វិស័យធនធានធម្មជាតិ ដឹកជញ្ជូន និងវិស័យអប់រំជាដើម។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម​កម្ពុជា លោក សន ជ័យ បានប្រៀបធៀបជំនួយឬ កម្ចីរបស់ដៃគូរអភិវឌ្ឍន៍សំខាន់ពីរ គឺរវាង ADB និង ចិន ថាមានភាពខុសគ្នាមួយចំនួន។ លោកថា រាល់ជំនួយ ឬកម្ចីរបស់ ADB បានភ្ជាប់លក្ខខណ្ឌតម្លាភាព និងគណនេយ្យភាព ជាមួយរដ្ឋាភិបាលជាដៃគូឬវិស័យឯកជន ប៉ុន្តែសម្រាប់ជំនួយឬ កម្ចីរបស់ចិនមិនសូវបានភ្ជាប់អំពីលក្ខខណ្ឌទាំងនេះទេ។

​លោកថា បញ្ហានេះ ធ្វើឱ្យការប្រើប្រាស់ថវិកា និងគុណភាពហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ដែលទទួលបានពីការវិនិយោគ​ ក៏មានភាពខុសគ្នាដែរ។

យ៉ាងណាក៏ដោយ អ្នកជំនាញគណនេយ្យភាពសង្គមរូបនេះ ចង់ឱ្យ ADB មានប្រព័ន្ធនៃការត្រួតពិនិត្យ ឬ តាមដានទៅលើដំណើរការវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយបន្ថែមទៀត ពិសេសនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនោះ​​កាន់តែមានភាពប្រសើរឡើង និងអនុវត្តន៍ឡើងចំគោលដៅផងដែរ។  

ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ​ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៦ ដោយមានសមាជិកចំនួន ៦៧ប្រទេស ក្នុង​នោះ ៤៨ប្រទេស ជាសមាជិកក្នុងតំបន់។ ADB បានបង្ហាញទស្សនៈវិស័យរបស់ខ្លួនមួយក្នុងចំណោមទស្សនៈវិស័យរបស់ខ្លួនផ្សេងទៀត ដោយប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកតាមរយៈកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពទាំងបរិស្ថាននិងសមាហរណកម្មក្នុងតំបន់ផងដែរ​៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ