ADB​ បង្កើន​ការ​ផ្ដល់​ហិរញ្ញប្បទាន​អាកាសធាតុ​១០០​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍

ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន​របស់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ក្រោយ​ត្រូវ​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ស្ថិតនៅ​ភូមិ​នាង​កេត ឃុំ​ឬស្សី​ក្រោក ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតាក្នុងការផ្ដល់ហិរញ្ញប្បទានឬប្រាក់កម្ចី​អាកាសធាតុ​ដល់ប្រទេសកំពុងអភិវឌ្ឍន៍​ជាសមាជិករបស់ខ្លួន ក្នុងនោះមា​នទាំងកម្ពុជាផងដែរ។

តាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០២១នេះ ADB បានបង្ហាញពីមហិច្ឆតាបង្កើនថវិកាហិរញ្ញប្បទានអាកាសធាតុឱ្យដល់១០០​ពាន់​លាន​ដុល្លារដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៩-២០៣០ ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់អ្នកពាក់ព័ន្ធ ខណៈវិបត្តិ​អាកាសធា​តុ​កាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa មានប្រសាសន៍ថា៖ «ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ីនិងប៉ាស៊ីហ្វិក នឹងឈ្នះឬក៏ចាញ់។ វិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើនអំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រផ្នែកអាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតារបស់យើងដល់១០០​ពាន់លានដុល្លារសម្រាប់ហិរញ្ញវត្ថុអាកាសធាតុ ត្រឹមឆ្នាំ២០៣០ ដោយប្រើធនធានរបស់យើងផ្ទាល់»

តាមសេចក្ដីប្រកាសព័ត៌មានដដែល ADB អះអាងថា កាលពីឆ្នាំ​​២០១៨ ខ្លួនបានប្ដេជ្ញាធានាយ៉ាង​ហោច ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួនគាំទ្រសកម្មភាពទាក់ទងនឹងអាកាសធាតុ ហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនឈានដល់យ៉ាងហោចណាស់៨០​ពាន់លាន​ដុល្លារនៅឆ្នាំ២០៣០។

បើតាមសេចក្ដីប្រកាសព័ត៌មាន ADB ថាមហិច្ឆតាហិរញ្ញវត្ថុ​ដែលបានបង្កើននេះ គឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់​ខ្លួន (DMCs) ជាមួយការប្រឈមមុខនឹងបញ្ហាប្រទាក់ក្រឡាគ្នានៃជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិអាកាសធាតុ ដែល DMCs ជាច្រើនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់ការងើបឡើងវិញប្រកបដោយពណ៌បៃតង ធន់ និងបរិយាប័ន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ