GDP ចោទរដ្ឋាភិបាលថានៅតែរក្សាទុកមន្ត្រីអសមត្ថភាពក្រោយរលំអគារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងបេសកកម្មត្រួតពិនិត្យការជួយសង្គ្រោះជនរងគ្រោះដោយសារការបាក់រលំអាគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ រូបថត៖ ជន ចាន់រ៉ែន

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP)​ ហៅ​ការដែល​រដ្ឋាភិបាល​ផ្តល់​ភារកិច្ច​ថ្មី​ ដល់​មន្ត្រី​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិ​ការណ៍​រលំ​អគារ​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​ថា​ ជា​ការ​រក្សាទុក​មន្ត្រី​អសមត្ថភាព​ក្នុង​ក្រម​ខណ្ឌ​រដ្ឋ​ បង្កើត​ជា​មន្ទិលសង្ស័យ​ដល់​ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។

គណបក្ស​នេះ​ បាន​លើកឡើង​លើ​ហ្វេសប៊ុករបស់​ខ្លួន​ នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ថា​ ឆ្លងតាម​ព្រឹត្តិ​ការណ៍​នៃ​ការ​រលំ​អគារ​ អាច​ធ្វើការ​ឆ្លុះបញ្ចាំង​ថា​ រដ្ឋបាល​ខេត្ត​អសមត្ថភាព​ក្នុង​ការគ្រប់គ្រង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​សំណង់​ខុសច្បាប់​​ ទើប​បង្ក​ឱ្យ​មាន​អគារ​បាក់​សម្លាប់​មនុស្ស​។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លើកឡើង​ទៀត​ថា​ ក្រោយ​ព្រឹត្តិ​ការណ៍​នេះ​ អភិបាលខេត្ត​ព្រះសីហនុ​ លោក​ យន្ត​ មីន​ ត្រូវ​បាន​រដ្ឋាភិបាល​តែងតាំង​ឱ្យ​មកកាន់​ភារកិច្ច​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​ ក្រោយពី​ថា​ លោក​ទទួលកំហុស​ ហើយ​សុំលាលែង​តំណែង​។

ចំណែក​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហ​ន្ត​រាយ​ លោក​ ញឹម​ វណ្ណ​ដា​ ត្រូវ​នាយក​រដ្ឋមន្ត្រី​ប្រកាស​ដក​តំណែង​ តែ​តែងតាំង​វិញ​ឱ្យ​ធ្វើជា​ទីប្រឹក្សា​រដ្ឋាភិបាល​តំណែងស្មើទេសរដ្ឋមន្ត្រីដដែល។

គណបក្ស​នេះ​ ចាត់ទុកថា៖​ «រដ្ឋាភិបាល​នៅតែ​រក្សា​មន្ត្រី​ អសមត្ថភាព​ ឬមិន​ទទួលខុសត្រូវ​ក្នុង​ក្របខណ្ឌ​ការងារ​រដ្ឋបាល​ ឬក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ផ្តល់​ជា​យោបល់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ត្រូវ​ជំរុញ​ឱ្យ​មាន​ពិន័យ​រដ្ឋបាល​ និង​បង្កើតតុលាការរដ្ឋបាលដោះស្រាយបញ្ហានេះ។​

អ្នកនាំពាក្យ​គណបក្ស​នេះ​ លោក​ ឡឹក​ សុធា​ ឱ្យ​ដឹង​បន្ថែម​ថា​ ការដែល​រដ្ឋាភិបាល​រក្សាទុក​មន្ត្រី​អសមត្ថភាព​ជិត​ខ្លួន​ វាប​ង្កើត​ជា​សំណួរ​ថា​ តើ​សោកនាដកម្ម​ប៉ុន្មាន​ករណី​ទៀត ​នឹងអាច​កើតឡើង​ ហើយ​មន្ត្រី​ពាក់ព័ន្ធ​ណាខ្លះ​ ត្រូវ​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។

លោក​ថា​៖ «អាច​ធៀប​ទៅ​អ៊ីចឹង​ថា​ សម្តេច​នាយក​ គាត់​ជា​មេទ័ព​ដ៏​ពូកែ​ដ៏​ឈ្លាសវៃ​ ប៉ុន្តែ​បើ​គាត់​មានកូន​ទា​ហា​នអសមត្ថភាព​ អាហ្នឹង​ធ្វើ​ឱ្យ​សមរភូមិ​របស់​គាត់ ​មិន​ប្រាកដ​ថា ​ជោគជ័យ​មួយ​រយ​ភាគរយ​ដែរ​។ តែបើ​គាត់​ជា​មេទ័ព​ដ៏​ពូកែ​ ហើយ​មានកូន​ទ័ព​ដ៏​មុត​ស្រួច​ ដ៏​ក្លាហាន​វាងវៃ​ ពេល​ហ្នឹង​វាយ១០០សមរភូមិ ​ឈ្នះ១០០សមរភូមិ​»។

សោកនាដកម្ម​នៃ​ការ​ដួល​រលំ​អគារ​កម្ពស់៧ជាន់​ កាលពី​ថ្ងៃទី២២ ខែមិថុនា​នេះ​ បាន​សម្លាប់​កម្មករ២៨នាក់​ និង២៦នាក់​ទៀត​រង​របួស​។ ពីរ​ថ្ងៃបន្ទាប់​ បេសកកម្ម​សង្គ្រោះ​រុករក​អ្នក​កប់​ក្នុង​គំនរ​អគារ​ ត្រូវ​បិទ​បញ្ចប់​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រកា​សនៅ​ថ្ងៃ​បិទ​បញ្ចប់​ថា​ ការប្រកាស​លាលែង​តំណែង​របស់​អភិបាលខេត្ត​ព្រះសីហនុ​ លោក​ យន្ត​ មីន​ ថា​ជា​ការ​ទទួល​សុខ​ត្រូវ​មួយ​របស់​អាជ្ញាធរ​ដែនដី​។

មេដឹកនាំ​រូប​នេះ​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​បន្ត​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ដើមហេតុ​នៃ​ការ​ដួល​រលំ​អគារ​នេះ​ ដើម្បី​ទប់ស្កាត់​ការ​បំពាន​ច្បាប់​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស ខេង​ ឆ្លើយ​សំនួរ​អ្នកសារព័ត៌មាន​ ក្រោយ​បិទ​បញ្ចប់​ទិវា​គ្រឿងញៀន​ នៅ​រាជ​ធា​ណី​ភ្នំពេញ​ នា​ថ្ងៃនេះ​ថា​ មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​មក​ប្រឈមមុខ​ច្បាប់​។

លោក​ថា​៖ «កិច្ចការ​ហ្នឹង​មានតែ​ចៅហ្វាយខេត្ត​ម្នាក់​ធ្វើ​ទេ​ វា​អាច​ពាក់ព័ន្ធ​ទៅ​នឹងនរ​ណា​ម្នាក់ទៀត​ធ្វើ​ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​ហ៊ាន​ទេ​ យើង​ត្រូវការ​ពិនិត្យ​ឯកសារ​ឱ្យ​ចម្ចាស់​លាស់​ ព្រោះ​អាហ្នឹង​ជា​បញ្ហា​យុត្តិធម៌​ ព្រោះ​កាលណាបើ​យើង​ធ្វើ​លើស​ វា​អយុត្តិធម៌​សម្រាប់​មន្ត្រី​ដែល​ខំធ្វើការ​»។ ​

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​លោក​ មឿន​ តុលា​ ផ្តល់​ជា​យោបល់​ថា​ ការ​រក្សាទុក​មន្ត្រី​ខិលខូច​នៅ​ជិត​ខ្លួន​ច្រើន​ អាច​ក្លាយជា​អ្នកទោស​ប្រវត្តិ​សាស្ត្រ ប្រសិនបើ​ឫសគល់​នៃ​បញ្ហា​មិន​ត្រូវ​បាន​កាត់​ផ្តាច់​ ហើយ​បង្ក​ឱ្យ​មាន​សោកនាដកម្ម​ កាន់តែ​ធំ​ទៅ​ថ្ងៃ​អនាគត​នោះ​។

លោក​ថា​៖ «បើ​វិបត្តិ​នៅ​ថ្ងៃក្រោយ​កើតឡើង ​វា​អាច​នឹង​ឈាន​ទៅ​ឆក់​យក​ជីវិត​មនុស្ស​ច្រើនជាង​ហ្នឹង​ ហើយ​អ្នកណា​ដែល​ធ្វើ​ហ្នឹង​ជាប់ទោស​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​ ព្រោះ​វា​ធ្វើ​ឱ្យ​បាត់បង់ជីវិត​មនុស្ស​»។

សាលាខេត្ត​ព្រះសីហនុ​ បាន​ចេញប្រកាស​ថា​ អគារ​កម្ពស់៧ជាន់​រលំ​សង្កត់​កម្មករ​ស្លាប់​ និង​រង​របួស​នោះ​ ម៉ៅការ​សាងសង់​ដោយក្រុម​ហ៊ុន​ចិន​។ លិខិត​ដដែល​បញ្ចាក់​ថា​ ដំណើរការ​សាងសង់​នោះ​ គ្មាន​ច្បាប់​អនុញ្ញ​តពី​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​ទេ​។

អាជ្ញាធរ​ខេត្តបញ្ជាក់ថា ​បាន​ចុះទៅ​ហាមឃាត់​ ក្រុមហ៊ុន​ចិន​នេះ​ចំនួន​ពីរ​ដង​ តែថា​ក្រុមហ៊ុន​មិន​សហការ​ រហូត​បង្ក​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ដួល​រលំ​ នៅ​ម៉ោង៤ជិត​ភ្លឺ​ថ្ងៃទី២២មិថុនា​ឆ្នាំ២០១៩នេះ​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ លោក​ លឹម​ ប៊ុ​នហេង​ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះដំណើរការផ្លូវច្បាប់លើ អ្នកពាក់ព័ន្ធករណីនេះ​ទេ​ ដោយ​អះអាង​ថា​សំណុំរឿង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​។ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ តុលាការខេត្ត​នេះ​ បានសម្រេច​ឃុំខ្លួន​ ជនជាតិ​ចិន៤នាក់​ តែ​ចំណោមនេះមិនមាន​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ