បទយកការណ៍៖ ក្រុមគ្រួសារ​​លោក កែម ឡី នៅតែទទូច​ទាមទាររក​​យុត្តិធម៌ពិត​

អ្នកស្រី ភោគ សេ ម្តាយលោកបណ្ឌិត កែម ឡី កំពុងជូតរៀបចំរូបថតរបស់កូន នៅមុខចេតិយ៍។ រូបភាព៖ សូត សុខប្រាថ្នា

ពេលវេលាចេះតែរសាត់ឆ្ងាយបន្តិចម្តងៗ ធ្មេចបើកៗរយៈពេលបីឆ្នាំហើយដែលឃាតករបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មនុស្សម្នាមួយចំនួនចាប់ផ្តើមរំលឹកថ្ងៃខួបនៃការបាញ់ប្រហារ និងវីរភាពរបស់លោក កែម ឡី ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ។

រីឯក្រុមគ្រួសារលោកបណ្ឌិត កែម ឡី វិញ គឺរឹតតែចងចាំនូវការលះបង់របស់កូន របស់ប្អូន របស់ប្តី ​សម្រាប់សង្គមជាតិនេះ ពិសេសរឹតតែមិនអាចបំភ្លេចឡើយនូវថ្ងៃសោកសៅ ឬជាថ្ងៃឃាតករសម្លាប់លោក កែម ឡី ។

ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារតែងធ្វើបុណ្យខួបឱ្យលោកបណ្ឌិត កែម ឡី ដោយប្រាថ្នាឱ្យលោកបានទៅកាន់សុគតិភព ចាប់កំណើតក្នុងភាពសុខសាន្ត ចេះដឹង និងជាខ្មែររហូត។ ក្រៅពីនេះ គ្រួសារលោក កែម ឡី នៅតែទាមទារយុត្តិធម៌ពិត​ ដោយចង់ឃើញឃាតករ និងអ្នកនៅពីក្រោយខ្នងពិតប្រាកដ ត្បិតពួកគេមិនអាចទទួលយកបានចំពោះឃាតករ ឈ្មោះ ជួប សម្លាប់ តែម្នាក់នោះទេ។

សម្រាន្តក្រោកៗនៅមុខចេតិយ៍របស់កូនដែលធ្វើពុំទាន់រួចនោះ ម្តាយលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ភោគ សេ មានប្រសាសន៍ថា ៣ឆ្នាំមកហើយ ចិត្តរបស់អ្នកស្រីនៅតែនឹកឃើញកូនប្រុសដែលបានស្លាប់ទាំងអយុត្តិធម៌ជានិច្ច។

កែម ឡី
អ្នកស្រី ភោគ សេ ម្តាយបង្តើត លោកបណ្ឌិត កែម ឡី ផ្តល់បទសម្ភាសន៍ឱ្យវីអូឌី នៅមុខចេតិយ៍ កូន កាលពីថ្ងៃទី ៦ កក្កដា ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

អ្នកស្រីបន្ត៖ «រូបភាពនៅតែដក់ជាប់អីចឹង នៅតែដូចថ្មីៗ មិនដែលគិតថាចាស់នោះទេ។ រូបភាពដូចថាពេលគាត់ [កែម ឡី] នៅរស់អីចឹង គាត់ចេះតែមកផ្ទះអីចឹងទៅ។ មកមើលម្តាយអីចឹងទៅ ដល់អីចឹងចេះតែស្ងាត់ទៅៗ សូម្បីតែយល់សប្តិអីក៏អត់ »។

កើតនៅឆ្នាំ១៩៦៦ ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តាម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងវ័យ៥០ឆ្នាំ។

ឃាតកម្មលើលោក កែម ឡី កើតឡើង២ថ្ងៃក្រោយ បន្ទាប់ពីលោកបានបកស្រាយបន្ថែមទៅលើរបាយការណ៍របស់អង្គការ ខ្លូបលវីណេស (Global Witness) អំពីអាណាចក្រអាជីវកម្ម«ត្រកូលហ៊ុន» ដែលក្តោបក្តាប់អាជីវកម្មយ៉ាងច្រើននៅកម្ពុជា​។

​ក្រោយឃាតកម្មនេះ រហូតមកទល់ពេលបច្ចុប្បន្ន មានឃាតករម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដែលត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់គុកមួយជីវិត។ ប៉ុន្តែសំណុំរឿង​នេះ នៅតែជាក្តីមន្ទិលសម្រាប់សាធារណជន ពិសេសក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ផ្ទាល់។

​បងស្រីបង្កើតលោកបណ្ឌិត កែម ឡី គឺអ្នកស្រី កែម ថាវី និយាយថា នៅឆ្នាំនេះ ខាងក្រុមគ្រួសារនឹងប្រារពន្ធខួប ៣ឆ្នាំប្អូនរបស់ខ្លួននៅគេហដ្ឋានរបស់លោក កែម ឡី នាខេត្តតាកែវ ប៉ុន្តែ មិនបានធ្វើធំដូចឆ្នាំមុនឡើយ ពោលគឺធ្វើតាមធនធានដែលមាន។

អ្នកស្រីឱ្យដឹងថា ៣ឆ្នាំមកនេះ នៅតែមានពលរដ្ឋខ្មែរមួយចំនួននាំគ្នាមកអុជធូប គោរពវិញ្ញាណក្ខន្ធប្អូនរបស់គាត់មិនចេះដាច់ ដោយអ្នកស្រីយល់ថា នេះប្រហែលជាពួកគេស្តាយអ្នកចេះដឹង ម្យ៉ាងអំពើឃាតកម្មនេះ ពលរដ្ឋក៏នៅតែទន្ទឹងរង់ចាំយុត្តិធម៌ពិត ត្បិតជាករណីដ៏សាហាវផងដែរ។

កែម ឡី
អ្នកស្រី កែម ថាវី ដែលត្រូវជាបងស្រីបង្កើតរបស់លោក បណ្ឌិត កែម ឡី។ រូបភាព៖ សូត សុខប្រាថ្នា

លោកស្រីបន្តថា៖ «គេគិតថា គាត់ [កែម ឡី] ស្លាប់នេះ វាសាហាវ គេសម្លាប់កណ្តាលទីក្រុងភ្នំពេញ ហើយប្រជាពលរដ្ឋពេញហ្នឹង មានសមត្ថកិច្ចមានអីនៅយាមពេញហ្នឹង ហើយបែរជាគាត់ស្លាប់ រកឃាតករពិតមិនឃើញ។ ប្រជាពលរដ្ឋគាត់មិនអស់ចិត្តទេ គាត់នៅតែមក គាត់នៅតែចាំមើលអីចឹង »។

​អ្នកស្រី កែម ថាវី អះអាងថា មិនមែនតែពលរដ្ឋទេដែលមិនអស់ចិត្ត ប៉ុន្តែ សម្រាប់គ្រួសារអ្នកស្រីរឹតតែមិនអស់ចិត្តថែមទៀត និងមិនអាចទទួលយកបានចំពោះយុត្តិធម៌ដូចពេលបច្ចុប្បន្នឡើយ ហើយក៏មិនជឿលើការកាត់ក្តីរបស់តុលាការ ចំពោះឃាតករឈ្មោះ ជួប សម្លាប់ ​ក្នុងសំណុំរឿងនេះ​​ដែរ។

អ្នកស្រីបន្តថា៖ «ខ្ញុំមិនអស់ចិត្តទេអូន ទោះបីជាប៉ុន្មានរយជាតិក៏ខ្ញុំមិនអស់ចិត្តដែរចំពោះប្អូនខ្ញុំ។ ក្រុមគ្រួសារខ្ញុំអស់ចិត្ត ឱ្យតែរកឃាតករពិតឃើញ ហើយនិងអ្នកដែលពាក់ព័ន្ធ ឱ្យតែរកឃើញថាហ្នឹងពិតហើយ គឺក្រុមគ្រួសារខ្ញុំអស់ចិត្តហើយ។ ទោះបីជាក្រុមគ្រួសារខ្ញុំត្រូវស្លាប់ម៉ាពូជទាំងអស់ហ្នឹងក៏ដោយ នៅបីនាក់ហ្នឹងត្រូវស្លាប់ក៏ដោយ ឱ្យតែរកឃើញឃាតករពិត គឺខ្ញុំអត់ចិត្តហើយ»។»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថា សំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី ត្រូវបានបែងចែកជាពីរផ្សេងគ្នា ដោយសំណុំរឿងមួយ គឺតុលាការបានសម្រេចកាត់ទោស ជួប សម្លាប់ ឱ្យជាប់គុកមួយជីវិត ហើយសំណុំរឿងនេះក៏ត្រូវបានបញ្ចប់ហើយដែរ។  

ដោយឡែកសំណុំរឿងមួយទៀត គឺការស្វែងរកជនពាក់ព័ន្ធ​ករណីនេះ ដោយកំពុងបន្តនីតិវិធីនៅឡើយ។ ​

ជិន ម៉ាលីន
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

 លោកបន្តថា៖ «ចំណែកសំណុំរឿងមួយទៀត ដែលបំបែកចេញពីសំណុំរឿងនេះ មិនទាន់បញ្ចប់ទេ ស្ថិតនៅក្នុងដំណើរការនៃការស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ។ អាហ្នឹង​ពាក់ព័ន្ធការស្វែងរកអ្នកដែលពាក់ព័ន្ធគឺអ្នកផ្តល់អាវុធ និងអ្នកនៅពីក្រោយដែលជួយឧបត្ថម្ភអ្វីគ្រប់បែបយ៉ាងហ្នឹង។ អីចឹង សំណុំរឿងមួយទៀតនេះ គឺស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការនៅឡើយ»។

លោកថា ប្រសិនក្រុមគ្រួសារ ឬសាធារណជនមិនអស់ចិត្ត ឬមានភស្តុតាងណាបញ្ជាក់ថា ជួប សម្លាប់ មិនមែនជាឃាតករពិត ពួកគេអាចចូលរួមជាមួយសមត្ថកិច្ច ឬតុលាការ ដើម្បីរួមចំណែកបង្ហាញការពិតក្នុងសំណុំរឿងនេះ ជាជាងការលើកឡើងដោយគ្មានភស្តុតាង​ និងមិនបានផ្អែកទៅលើច្បាប់​។

រីឯប្រពន្ធលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ដែលកំពុងរស់នៅមើលថែកូន៥នាក់ ក្នុងប្រទេសអូស្ត្រាលី ឱ្យដឹងថា ក្រោយពេលប្តីរបស់ខ្លួនត្រូវបានឃាតករបាញ់សម្លាប់ អ្នកស្រី និងកូនត្រូវរស់នៅទាំងភ័យខ្លាច ហើយលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត ទម្រាំនឹងបានទៅរស់នៅប្រទេសទីបី​។

អ្នកស្រីថា ខាងសហព័ន្ធខ្មែរនៅប្រទេសអូស្ត្រាលី ព្រមទាំងគ្រួសារអ្នកស្រីផង នឹងរៀបចំពិធីបុណ្យខួបគម្រប់ ៣ឆ្នាំប្តីរបស់ខ្លួន នៅថ្ងៃទី២១ ខែកក្កដា នៅវត្តពុទ្ធរង្សី ហៅវត្តធំ។ ដោយឡែក ​យុត្តិធម៌ពិតវិញ អ្នកស្រី ប៊ូ រចនា ​គ្មានសង្ឃឹម​ឡើយ ទោះបីជាតុលាការត្រូវបំបែកសំណុំរឿងនេះប៉ុន្មានទៀតក៏ដោយ។ ​

អ្នកស្រីបន្ថែមថា៖ «ចំពោះខ្ញុំវិញ មិនថាខាងក្រសួងយុត្តិធម៌ ឬក៏តុលាការអីទាំងអស់ហ្នឹងទេ។ ទោះបីជា​បំបែកសំណុំរឿងនេះទៅជា១០សំណុំរឿងទៀត ក៏ខ្ញុំមិនមានជំនឿ ក៏ខ្ញុំមិនមានសង្ឃឹម ជឿជាក់លើតុលាការ ដែលជាតុលាការតេឡេ តុលាការមានតែឈ្មោះ។ តុលាការមិនឯករាជ្យ តុលាការពុករលួយ។ ក្រសួងយុត្តិធម៌ គ្មានទេ​យុត្តិធម៌ មានតែឈ្មោះទេយុត្តិធម៌។ សម្រាប់ឱ្យមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋវិញ គឺគ្មានសូម្បីតែបន្តិច » ។

លោកបណ្ឌិត កែម ឡី កាលនៅមានជីវិត លោកបានរួមចំណែក​ចែករំលែកចំណេះដឹងដល់ពលរដ្ឋខ្មែរ ពិសេសយុវជន ​តាមរយៈការខិតខំស្រាវជ្រាវ និងវិធីសាស្ត្រពន្យល់ងាយៗ​អំពីបញ្ហាសង្គមនានា ដូចជា បញ្ហាចំណាកស្រុក បញ្ហាព្រំដែន ជនអន្តោប្រវេសន៍បរទេស អំពើពុករលួយ អភិបាលកិច្ច បញ្ហាធនធានធម្មជាតិ បញ្ហានយោបាយ បញ្ហាសិទ្ធិមនុស្ស ច្បាប់ អំពើអយុត្តិធម៌ក្នុងសង្គម ព្រមទាំងបញ្ហាជាច្រើនទៀត។

លើសពីនេះ លោកក៏បាន​និយាយកែលម្អប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាល របៀបដឹកនាំបក្សនយោបាយ ព្រមទាំងហ៊ានធ្វើជាគម្រូដល់យុវជនក្នុងការចូលរួមបញ្ចេញមតិ និយាយនូវការពិតគ្រប់ពេលដោយគ្មានការភ័យខ្លាច ប្រកបដោយក្រមសីលធម៌ខ្ពស់ បើទោះបីជាដឹងថា ខ្លួននឹងប្រឈមដល់អាយុជីវិតក៏ដោយ។

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែងករុណា លើកឡើងថា យុត្តិធម៌ពិតប្រាកដដែលធ្វើឱ្យសាធារណជន ពិសេសក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ស្ងប់ចិត្ត ជាយុត្តិធម៌​ដែលមិនស្ថិតក្នុងភាពអាថ៌កំបាំង និងមិនមែនជាយុត្តិធម៌បែបសម្តែង ឬបែបបង្រ្គប់កិច្ចឡើយ។

លោកមានប្រសាសន៍ថា៖ «យុត្តិធម៌នេះ គឺមិនមែនគ្រាន់តែធ្វើដោយលំៗ របៀបហ្នឹងហើយយើងថា មានចំណាត់ការទេ! យុត្តិធម៌ ពិតប្រាកដនោះ គឺការបង្ហាញឱ្យឃើញច្បាស់នូវអ្វី ដែលសមត្ថកិច្ចបានបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ហើយបង្ហាញមកសាធារណជន ព្រោះករណីនេះមិនមែនជាករណីធម្មតាដូចករណីពលរដ្ឋទូទៅទេ ព្រោះករណីនេះបានកើតឡើងបន្ទាប់ពីការបញ្ចេញមតិយោបល់ទៅលើបញ្ហារបស់ប្រទេសជាតិ»។

ក្រោយអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦​ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសក្តែងៗថា លោក ហ៊ុន សែន ជាអ្នកនៅពីខ្នងក្រោយនៃអំពើឃាតកម្មនេះ។ ប៉ុន្តែ ត្រូវបាន​លោក ហ៊ុន សែន ​ដាក់ពាក្យប្តឹង​ពីបទបរិហារកេរ្តិ៍ ហើយតុលាការថែមទាំងកាត់ទោសឱ្យលោក សម រង្ស៊ី ជាប់គុក១ឆ្នាំកន្លះ ពិន័យ១០លានរៀល និងសងជំងឺលោក ហ៊ុន សែន ១០០រៀល ។

ជាថ្មីម្តងទៀត កាលពីថ្ងៃទី៦ ខែកក្កដា​ លោក សម រង្ស៊ី បានប្រកាសជាសាធារណៈពីក្រៅប្រទេស ដោយបន្តចោទប្រកាន់​ លោក ហ៊ុន សែន ដដែលថា ជាអ្នកនៅពីក្រោយនៃការសម្លាប់លោក កែម ឡី ដោយថា ជនឧក្រិដ្ឋផង និងជនក្បត់ជាតិក្នុងសំណុំរឿងនេះផង។

ទោះយ៉ាងណា សម្រាប់ម្តាយលោកបណ្ឌិត កែម ឡី គឺ អ្នកស្រី ភោគ សេ វិញ មិនដឹងថា នរណាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះឡើយ ប៉ុន្តែ ចង់ឃើញយុត្តិធម៌ពិតសម្រាប់កូនខ្លួន មុនពេលអ្នកស្រីលាចាកលោកនេះ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ