យុវជន បក្សនយោយ និងសង្គមស៊ីវិល នឹងរំលឹកខួបលោក ​កែម​ ឡី​ នៅ​ថ្ងៃ​ស្អែក​

ទីតាំងផ្ទះលោក កែម ឡីង ដែលគ្រោងធ្វើពិធីបុណ្យរំលឹកខួប៣ឆ្នាំនៃការស្លាប់របស់លោក។ រូបភាព៖ ផ្ដល់ឱ្យ/ យុវជន១០០រាត្រី

ក្រុមយុវជន តំណាង​បក្សនយោបាយ រួមទាំងសង្គមស៊ីវិល មួយចំនួន អះអាងថា​ ពួកគេ​នឹងនាំគ្នាទៅដាក់កម្រងផ្កាជូនវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី ដើម្បីរំលឹកពីវីរភាពរបស់លោក​ នៅស្ថានីយ៍ប្រេងឥន្ធនៈ​កាល់​តិច​ ជាប់​ស្តុ​បបូ​កគោ​ នៅ​ថ្ងៃស្អែកនេះ។​

​ប្រធាន​សមាគមសម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ​ និងជាស​មាជិក​ក្រុម ១​០០រាត្រី ​លោក មួ​ង សូនី លើកឡើងថា ពួកគាត់នៅតែនាំគ្នាទៅដាក់​កម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី​ នៅ​ស្ថានីយ៍ប្រេងឥន្ធនៈ​កាល់​តិច​ជាប់​ស្តុ​បបូ​កគោដដែល ទោះបីជាអាជ្ញាធរមិនអនុញ្ញាតក៏ដោយ។

លោក មានប្រសាសន៍ថា៖ «យើងទៅផឹកកាហ្វេ ទៅផ្សាយមេត្តាឱ្យគាត់ត្រឹម១០ នាក់អីហ្នឹង។ ហើយគេមកចាប់អីហ្នឹងឱ្យគេមក ខ្ញុំអត់ខ្លាចអត់ព្រួយបារម្ភ ព្រោះខ្ញុំធ្វើត្រូវច្បាប់។ យើងគោរពច្បាប់។ […] យើងដាក់ពាក្យជូនដំណឹងដល់សាលាក្រុងផង អាហ្នឹងយើងគោរពសិទ្ធិពួកគាត់ និងមន្ត្រីអាជ្ញាធរដែលមានសមត្ថកិច្ចផ្សេងៗទៀត ហើយគាត់ទៅចាប់ អាហ្នឹងវាឆ្លុះបញ្ចាំអត្តចរិតរបស់គាត់ ហើយកុំនាំពាក្យទៅប្រាប់អន្តរជាតិថា កម្ពុជាជាប្រទេសគោរពច្បាប់ គោរពសិទ្ធិមនុស្ស នយោបាយពេញលេញអី»។

បើតាមលោក សូនី ថាបន្ទាប់ដាក់កម្រងផ្ការួច ពួកគាត់នឹងនាំគ្នាទៅចូលរួមពិធីបុណ្យគម្រប់ខួប ៣ ឆ្នាំលោកបណ្ឌិត កែម ឡី នៅស្រុកកំណើតក្នុងខេត្តតាកែវទៀត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក ឡឹក សុធារ ថាសមាជិក និង​ថ្នាក់ដឹក​នាំ​បក្សរបស់លោក នៅ​ថ្ងៃ​ស្អែកក៏​នឹង​ទៅ​ដាក់​កម្រងផ្កានៅកន្លែង​ដែល​លោក ​កែម ឡី ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពីបីឆ្នាំមុន​ដែរ។

លោក អះអាងថា៖ «យើងក៏មើលឃើញដែរថា ជាក់ស្ដែងទីតាំងនោះ គឺជាទីតាំងឯកជន អ៊ីចឹង បើសិនជាមានការរារាំង មិនថ្វីដែរ។​ ប៉ុន្តែ គ្រាន់តែថា យើងទៅដាក់កម្រងផ្កា យើងមិនធ្វើអីទេ យ៉ាងច្រើនស្មឹងស្មាត ដើម្បីគោរពវិញ្ញាណក្ខន្ធ​លោក​តែប៉ុណ្ណឹងឯង។ សង្ឃឹមថា ម្ចាស់​ទីកន្លែង ក៏ដូចជា អាជ្ញាធរបន្ធូរបន្ថយ ឬក៏អនុញ្ញាតធ្វើការគោរពវិញ្ញាណក្ខន្ធ​លោក​»។

ដោយឡែក ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន​​ មានប្រសាសន៍ថា នៅស្អែកនេះ លោកនឹងទៅដាក់​កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី​ នៅស្តុបបូកគោ ដើម្បីរំលឹកពីវីរភាពលោកដូចគ្នា​។

លោក ថា៖ «ដើម្បីរំលឹកគុណវីរភាព ទី២ យើងជំរុញឱ្យអាជ្ញាធរ​ត្រូវតែវែកមុខរកឃាតករ​ពិត និងអ្នកនៅពីក្រោយខ្នងយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់សពលោក កែម ឡី ក៏ដូចជា ក្រុមគ្រួសារ កូនចៅ និងមិត្តភក្ដិរួមការងារជាមួយគ្នាផងដែរ»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ ប្រសិនបើក្រុមយុវជនចង់រៀបចំពិធីរំលឹកគម្រប់៣ ឆ្នាំនេះ ពួកគេអាចធ្វើនៅវត្តអារាម និងនៅទីស្នាក់ការរបស់ខ្លួន ប៉ុន្តែសម្រាប់ទីសាធារណៈវិញ សាលារាជធានីមិនអនុញ្ញាតឡើយ។

លោកមានប្រសាសន៍​ថា៖ «ភោជនីយដ្ឋានជាកន្លែងញុាំអាហារ សណ្ឋាគារ កន្លែងស្នាក់នៅ ទីវត្តអារាមសម្រាប់យើងធ្វើពិធីសាសនាអីផ្សេងៗហ្នឹង ជាដើម ស្របតាមគោលការណ៍បំណងធ្វើហ្នឹង ទើបយើងអនុញ្ញាតឱ្យធ្វើនៅទីស្នាក់ការ ឬទីវត្តអារាមផ្សេងៗ មិនមែនយើងមិនឱ្យរៀបចំទេ តែរៀបចំឱ្យត្រូវកន្លែង។ សង្ឃឹមថា ប្អូនៗសមាគមសុទ្ធតែជាអ្នកចេះដឹង អាចយល់ពីផ្លូវច្បាប់ អ៊ីចឹង អ្វីដែលគិថាបំពានច្បាប់ បំពានបម្រាម បំពានការអនុញ្ញាតហ្នឹង គួរកុំធ្វើអីល្អជាង ព្រោះអ្វីដែលយើងធ្វើវាប្រឈមផ្លូវច្បាប់»។

កាលពីថ្ងៃទី១ ខែកក្កដា សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដោយ​ស្នើសុំ​ជួបជុំគ្នា​ចំនួន១០នាក់​ ​ដាក់​កម្រងផ្កា​ជូនវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី​ នៅ​ស្ថានីយ៍ប្រេងឥន្ធនៈ​កាល់​តិច​ ជាប់​ស្តុ​បបូ​កគោ​នៅថ្ងៃស្អែក ប៉ុន្តែ ការស្នើសុំនេះ ត្រូវសាលារាជធានីភ្នំពេញបដិសេធ ដោយថា ទីតាំង​នោះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឯកជន​។

​លោក​ កែម​ ឡី ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ស្តា​ម៉ាត​​ ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ ជាប់​នឹង​ស្តុ​បបូ​កគោ កាល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ក្រោយពី​លោក​​វិភាគ​បន្ថែម​លើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ ​GlobalWitness​ ​ដែល​លាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​«ត្រកូល​ហ៊ុន​»។

​បច្ចុប្បន្ន ​អាជ្ញាធរ​ចាប់ខ្លួន​បុរស​ម្នាក់​ប៉ុណ្ណោះ​ ឈ្មោះ​ អឿត​ អាង​ ហៅ​ ​«ជួប​សម្លាប់​» ​ដោយ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​។

ការ​បាញ់សម្លាប់​លោក​ កែម​ ឡី​ ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី ​ចោទ​រដ្ឋាភិបាល​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​។ ប៉ុន្តែ​ នាយក​រដ្ឋមន្ត្រី​តាមរយៈ​មេធាវី បាន​ដាក់ពាក្យ​ប្តឹង​លោក​ សម​ រង្ស៊ី​ ចំពោះ​ការ​ចោទ​នេះ​ ហើយ​ទីបំផុត​តុលាការ​បាន​កាត់​ក្ដី​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ជា​អ្នកឈ្នះ​ក្ដី​៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered