សង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនយុវជនក្នុងខួបឃាតកម្មលោក​ កែម ឡី រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

សមត្ថកិច្ចរារាំងក្រុមយុវជនដែលយកកម្រងផ្កាមករំលឹកខួប៣ឆ្នាំនៃការស្លាប់លោក កែម ឡី នៅស្ដាម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈ ស្ដុបបូកគោ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន/ Screenshot

សង្គមស៊ីវិល អំពាវនាវឲ្យដោះលែងយុវជនដែលបានបញ្ចេញមតិទាក់ទិនទៅនឹងសារចូលរួមរំឭកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ដោយថា ការចំណាត់ការចាប់ខ្លួន ជាទង្វើរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០ ខែកក្កដា ម្សិលមិញ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា CHRAC លើកឡើងថា ការចាប់ឃុំខ្លួនយុវជនមួយចំនួន រួមទាំងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ​ ដែល «អាជ្ញាធរចោទពីបទសង្ស័យជាប់ពាក់ព័ន្ធនឹងការញុះញង់បង្កឲ្យមានចលាចលក្នុងសង្គម ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ។

CHRAC អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកទាំងនោះ និងស្នើឲ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក គង់ រ៉ៃយ៉ា ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយអំពាវនាវលើបណ្តាញសង្គម លក់អាវយឺតមានបិទរូបលោក កែម ឡី។ លោក សួង នាគព័ន្ធ ត្រូវចាប់ខ្លួន ពេលព្យាយាមទៅដាក់កម្រងផ្កានៅស្តុបបូកគោ ក្នុងគម្រប់ខួប៣ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី។

នាយកប្រតិបត្តិអង្គការ CHRAC លោក ណៃ វ៉ង់ដា ឲ្យដឹងបន្ថែមថា អ្វីដែលយុវជនទាំងពីរបានធ្វើ លោកថា ជាសេរីភាពប​ញ្ចេ​ញ​មតិ ធានាដោយរដ្ឋធម្មនុញ្ញ។

លោក ណៃ វ៉ង់ដា អះអាងថា បើរដ្ឋាភិបាលមិនដោះលែងក្រុមយុវជនទាំងនោះទេ វានឹងបង្កឲ្យមានការរិះគន់ថា សិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំ ដោយសន្តិវិធី ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិត្រូវបានរំលោភបំពាន។

លោកថា៖ «ការដែលមិនបានធ្វើតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាសន្ធិសញ្ញា កតិកាសញ្ញា ស្តីពីសិទ្ធិមនុ​​ស្ស​ផ្សេងៗនៅអន្តរជាតិ បានន័យថា គាត់កំពុងតែដើរបញ្ច្រាសទិសជាមួយអ្វីដែលបានកំណត់ទិសដៅ ដើម្បីទទួ​លបានការគាំំទ្រពីសហគមន៍អន្តរជាតិ ក៏ដូចជាពីសាធារណជន»។

ដូចគ្នានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ហៅចំណាត់ការចាប់ខ្លួននេះថា ជាការប្រើកងកម្លាំងច្រើនលើសលុបបង្ក្រាបទៅលើសិទ្ធិបញ្ចេញមតិ ។

លីកាដូ បញ្ជាក់ថា៖ «ការឃាត់ខ្លួន​មនុស្ស​ទាំងនេះ​ បង្ហាញទៅកាន់សាធារណជនថា ជា​ការបង្ក្រាប​ឥតឈប់ឈរ​នៃ​ការ​ប្រើប្រាស់​កម្លាំងអាជ្ញាធរ​ច្រើនលើសលុប​ ដើម្បីរារាំង​ប្រជាពលរដ្ឋ​កម្ពុជាពីការ​សម្ដែងសិទ្ធិ​ក្នុងការ​បញ្ចេ​ញមតិ​ និង​សិទ្ធិជួបជុំគ្នា។​

នាយិកាប្រតិបត្តិមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បង្ហាញការខកចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនេះ។ លោកស្រីថា ការចាប់ខ្លួនក្រុមយុវជន បានឆ្លុះបញ្ចាំងថា សិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំ ដែលធានាដោយរដ្ឋធម្មនុញ្ញ ក្លាយជាបទញុះញង់ បង្កឲ្យមានអសន្តិសុខសង្គម។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ផ្តល់ជាយោបល់ថា រដ្ឋាភិបាលគួរតែពិនិត្យករណីនេះឡើងវិញ ដើម្បីឲ្យប្រាកដថា អ្នកជំរុញយុត្តិធម៌សង្គមក្លាយជាអ្នកបំពានច្បាប់។

លោកស្រីថា៖ «ខ្ញុំមើលទៅគួរឲ្យសោកស្តាយ ហើយយើងបន្តនូវវប្បធម៌មួយគិតថារាល់សកម្មភាពរបស់ប្រជាពលរដ្ឋសុទ្ធតែប្រឆាំងនឹងរដ្ឋាភិបាល បើទោះបីពលរដ្ឋមិនបានប្រឆាំងនឹងរដ្ឋាភិបាលក៏ដោយ»។

អ្នកនាំពាក្យរដ្ឋាភិបាល លោក​ ផៃ ស៊ីផាន អះអាងថា ករណីជាប់ឃុំខ្លួនយុវជនទាំងនោះ បានផុតពីដៃរដ្ឋាភិបាល ហើយលោកថា ការដោះលែង ឬមិនដោះលែងស្ថិតនៅលើចៅក្រម។

លោក មានប្រសាសន៍ថា៖ «ខ្ញុំគ្មានសមត្ថភាពពិភាក្សាពីទោសទណ្ឌទេ។ ទុកឲ្យព្រះរាជអាជ្ញាលោកចាត់ការសាច់រឿងហ្នឹងទៅ។ ប៉ុ​ន្តែ​ សុំ​អំពាវនាវឲ្យអ្នកប្រើប្រាស់ អ្នកប្រើរូបភាព យុវជនដែលព្រះរាជអាជ្ញាចាប់ខ្លួនហ្នឹង ឬដោយតុលាការហ្នឹង កុំយករូបភាពហ្នឹងជារឿងនយោបាយ ឲ្យយករឿងហ្នឹងជារឿងក្នុងវិស័យយុត្តិធម៌តែប៉ុណ្ណឹង»។

គម្រប់ខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី មានយុវជនយ៉ាងតិច៧នាក់ត្រូវបាន​ឃាត់ខ្លួន​ តែ៥នាក់ត្រូវបានដោះលែងវិញ នៅសល់ពីរនាក់ទៀតត្រូវបានបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោស។

កាលពី​ខែកុម្ភៈ​ឆ្នាំនេះ​ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ (World​ Justice​ Project​) បាន​ចេញ​របាយការណ៍​ចាត់​ថ្នាក់​កម្ពុជា​ ជា​ប្រទេស​មាន​ប្រព័ន្ធ​យុត្ដិ​ធម៌​ទន់ខ្សោយ​បំផុត​ដដែល​ក្នុងចំណោម​ប្រទេស១២៦​។

អង្គការ​អន្ដរ​ជាតិ​មួយ​នេះ​ បញ្ជាក់​ថា​ ការ​ផ្ដល់​ពិន្ទុ​ទាប​ដល់​កម្ពុជា​បែបនេះ​ ដោយសារ​ អំពើពុករលួយ​ តម្លាភាព​របស់​រដ្ឋាភិបាល​ សិទ្ធិ​សេរីភាព​មូលដ្ឋាន​ ការអនុវត្ត​ច្បាប់​ យុត្តិធម៌​សង្គម​ និង​យុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌ​ ជាដើម​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ