ក្រុមសង្គមស៊ីវិលចំនួនបួននៅកម្ពុជា បានទាមទារឱ្យមានការសិក្សាឱ្យបានគ្រប់គ្រាន់ទៅលើផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាង ស្ថិតក្នុងប្រទេសឡាវ ដោយព្រមានថា កង្វះការសិក្សាវាយតម្លៃពីផលប៉ះពាល់ឱ្យបានលម្អិត នឹងបង្កមហន្តរាយទៅដល់បឹងទន្លេសាបរបស់កម្ពុជានាពេលអនាគត។
ក្រុមអង្គការសង្គមស៊ីវិលទាំងបួនដែលបានបង្ហាញក្ដីបារម្ភបែបនេះ មានវេទិកានៃអង្គការមិនរដ្ឋាភិបាលស្ដីពីកម្ពុជា អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) អង្គការភូមិខ្ញុំ និងបណ្ដាញការពារទន្លេសេសាន ស្រែពក សេកុង។
អង្គការទាំងបួននេះ បានបង្ហាញក្ដីកង្វល់របស់ពួកគេនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញកាលពីថ្ងៃម្សិលមិញនេះ តែ ២ថ្ងៃប៉ុណ្ណោះមុនគណៈកម្មាធិការចម្រុះរបស់គណៈកម្មការទន្លេមេគង្គ គ្រោងជួបជជែកគ្នាដើម្បីសម្រេចថា ដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាង នឹងត្រូវបិទបញ្ចប់ ឬក៏ត្រូវពន្យារពេលដើម្បីសិក្សាបន្ថែមទៀត។
សេចក្ដីរាយការណ៍នៃសារព័ត៌មាន វៀងច័ន្ទ ថាមស៍ (Vientiane Times) ប្រទេសឡាវបានផ្ដល់សិទ្ធិទៅក្រុមហ៊ុនវៀតណាម Vietnam Petro Power Corporation ឱ្យសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាងតាំងពីឆ្នាំ២០០៧ ប៉ុន្តែ រដ្ឋាភិបាលឡាវទើបតែជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គ (MRC)អំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីកម្លាំង ១,៤៦០មេហ្កាវ៉ាត់មួយនេះ កាលពីថ្ងៃទី១ ខែតុលាឆ្នាំមុនប៉ុណ្ណោះ។
គណៈកម្មការទន្លេមេគង្គ គឺជាស្ថាប័នអន្តររដ្ឋាភិបាលដែលរួមបញ្ចូលដោយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីគ្រប់គ្រងរួមគ្នាទៅលើការប្រើប្រាស់ផ្នែកខាងក្រោមនៃទន្លេមួយនេះ ដែលជាទន្លេវែងជាងគេលំដាប់ទី៧នៅតំបន់អាស៊ី និងលំដាប់ទី១២នៅលើពិភពលោក។
សេចក្ដីរាយការណ៍របស់ វៀងច័ន្ទ ថាមស៍ ផ្សាយថា ទំនប់វារីអគ្គិសនីហ្លួងព្រះបាង ត្រូវបានគ្រោងសាងសង់នៅចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីទីរួមខេត្តហ្លួងព្រះបាង ដោយទំនប់នេះមានប្រវែង ២៧៥ម៉ែត្រ កម្ពស់ ៨០ម៉ែត្រ និងទទឹងមុខកាត់ ៩៧ម៉ែត្រ។
ប៉ុន្តែ គម្រោងសាងសង់ទំនប់វារីអគ្គិសនី កំពុងស្ថិតក្នុងដំណាក់កាលនៃការពិគ្រោះយោបល់ ដើម្បីវាយតម្លៃពីផលប៉ះពាល់ដែលនឹងកើតមានលើសពីព្រំដែនប្រទេសឡាវ ពោលគឺផលប៉ះពាល់ដែលកើតមានទៅដល់បណ្ដាប្រទេស ៣ផ្សេងទៀតនៅអាងទន្លេមេគង្គក្រោម។
ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា ការសិក្សាវាយតម្លៃពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីមួយនេះ ត្រូវបានធ្វើឡើងមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ពួកគេទាមទារឱ្យមានការសិក្សាពីផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយទៅលើបម្លាស់ទីរបស់ត្រី លំហូរទឹកទន្លេ លំហូរដីល្បាប់ និងប៉ះពាល់ទៅលើកម្រិតទឹកនៃបឹងទន្លេសាបរបស់កម្ពុជា។
អង្គការសង្គមស៊ីវិលទាំងបួននេះ បានព្រមានថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ ប៉ះពាល់ទៅដល់សន្តិសុខស្បៀងរបស់ប្រជាជនកម្ពុជានាពេលអនាគត ប្រសិនបើគម្រោងសំណង់កាត់ទន្លេមេគង្គមួយនេះ សម្រេចឡើងមែននោះ។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយនេះ ត្រូវបានរំពឹងថា នឹងចាប់ផ្ដើមការសាងសង់នៅឆ្នាំនេះ ហើយបញ្ចប់ទាំងស្រុងនៅក្នុងរយៈពេល ៧ឆ្នាំខាងមុខ។ ថាមពលអគ្គិសនីដែលទាញចេញពីទំនប់មួយនេះ នឹងត្រូវលក់ទៅឱ្យប្រទេសថៃ និងវៀតណាម ដែលជាផ្នែកមួយនៃមហិច្ឆតារបស់ឡាវដែលចង់ប្រែក្លាយប្រទេសទៅជាប្រភពនៃការផ្គត់ផ្គង់ថាមពលក្នុងតំបន់៕