ពលករ​ខ្មែរ​មួយ​ចំនួន​ស្នើ​រដ្ឋា​ភិបាល​ជួយ​សម្រួល​ថ្លៃ​ចំណាយ​ផ្សេងៗ ដើម្បី​ត្រឡប់​មក​ស្រុក​កំណើត ​

រថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីយកទំនិញសំខាន់មួយចំនួនបម្រើឱ្យអាជីវកម្មក្នុងស្រុក អំឡុងផ្ទុះឡើងនៃកូវីដ-១៩។ (Ananth Baliga)

ពលករខ្មែរមួយចំនួនស្នើដល់រដ្ឋាភិបាលកម្ពុជា ជួយសម្រួលនិងរ៉ាប់រងថ្លៃចំណាយផ្សេងៗ​ ដូចជា ការចំណាយលើការធ្វើដំណើរ និងការចំណាយផ្សេងៗទៀត បូករួមទាំងអំឡុងពេលធ្វើចត្ដាឡីស័ក១៤ថ្ងៃ ដើម្បីឱ្យពួកគេបានវិលត្រឡប់មកកម្ពុជាវិញ។  

ពលករចំណាកស្រុកម្នាក់ សព្វថ្ងៃរស់នៅស្រុកំណើតឯឃុំសួនអំពៅ ស្រុកប៉ៃលិន ខេត្តប៉ៃលិន លោក អឿន ប៊ុនធឿន អាយុ៣៥ឆ្នាំ ប្រាប់ថា គាត់និងប្រពន្ធគាត់ទើបត្រឡប់មកពីប្រទេសថៃ កាលពីដើមខែមីនា ឆ្នាំ២០២១ ដោយថា មូលហេតុដែលគាត់ត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីនាំប្រពន្ធជិតគ្រប់ខែមកសម្រាលកូននៅស្រុកកំណើត។​

លោករៀបរាប់ថា សម្រាប់ពលករកម្ពុជាដែលកំពុងជាប់នៅប្រទេសថៃ គឺអាជ្ញាធរថៃមិនសូវអើពើប៉ុន្មានទេ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ កាន់តែយ៉ាប់យ៉ឺនខ្លាំង។ លោកបន្ដថា នៅប្រទេសថៃឯណោះ អាជ្ញាធរគេបានរឹតបន្ដឹងវិធានការសុខភាពនិងការការពារតឹងតែងណាស់ ដូចជា ការត្រួតពិនិត្យការលាងដៃនឹងអាល់កុល ការរក្សាគម្លាតពីគ្នាពី១ទៅ២ម៉ែត្រ និងពាក់ម៉ាស់ជាដើម ដើម្បីទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងចូលដល់សហគមន៍។

លោកបន្ដថា៖ «តែសំខាន់យើងនៅឆ្ងាយ បងប្អូនស្រុកខ្មែរ ពេលឆ្លងទន្លេអត់មានអ្នកបម្រើ ព្រោះត្រូវទៅធ្វើការជាប្រចាំថ្ងៃ ជិតឆ្ងាយវាមិនទៀង នាំតែបារម្ភ ព្រោះមិនហ៊ានធ្វេសប្រហែសឡើយ។ ម្យ៉ាងទៀត ស្ថានភាពកូវីដ-១៩ សម្រាប់ជនជាតិថៃគេមើលថែគ្នាគេប៉ុណ្ណោះ។ ប៉ុន្ដែ សម្រាប់ខ្មែរ ពលករចំណាកស្រុកគឺត្រូវមើលថែខ្លួនឯង។ អញ្ចឹងហើយបានមានតែផ្លូវមួយគឺមកកម្ពុជាវិញ ទោះជាត្រូវប្រឈមមុខបញ្ហាអ្វីក៏ដោយ ត្រូវតែដោះស្រាយទាន់ស្ថានការណ៍ធូរស្រាលនៅឡើយ»។​

លោក អឿន ប៊ុនធឿន បន្ដថា ចំណែកការងារវិញ គឺពិបាកដែរសម្រាប់ពលករខ្មែរ ដោយថា ពលករជាបុរសអាចរកបាន ៣៥០បាត ក្នុងមួយថ្ងៃ ចំណែកពលការិនីអាចរកបាន ៣២០បាត ក្នុងមួយថ្ងៃ ដោយមួយសប្ដាហ៍ទើបបើកម្ដង។

លោកថា ពលករខ្មែរដែលចង់ត្រឡប់មកស្រុកកំណើតវិញ ពួកគេត្រូវរ៉ាប់រងថ្លៃចំណាយជាច្រើន ដូចជា ការចំណាយលើម្ហូបអាហារ សោហ៊ុយធ្វើដំណើរ និងការចំណាយផ្សេងទៀតក្នុងរយៈពេលធ្វើចត្ដាឡីស័កចំនួន១៤ថ្ងៃ ទាំងនៅថៃនិងនៅកម្ពុជា សរុបគឺ ២៨ថ្ងៃឯណោះ។

ពលករម្នាក់ទៀត លោក សុណាន នៀប អាយុ៤៥ឆ្នាំ សព្វថ្ងៃកំពុងប្រកបការងារផ្នែកសំណង់នៅប្រទេសថៃ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមទូរសព្ទថា គាត់មានការព្រួយបារម្ភជាខ្លាំង ដោយសារគាត់អាចរកប្រាក់ចំណូលក្នុងមួយថ្ងៃបានត្រឹមតែ៣៥០បាត ហើយត្រូវធ្វើការចាប់ពីព្រឹករហូតដល់យប់ទើបបានសម្រាក។

លោកអះអាងថា ពលករខ្មែរនៅទីនេះក៏ចង់ត្រលប់ទៅស្រុកកំណើតវិញដែរ ប៉ុន្ដែពួកគេត្រូវរ៉ាប់រងការចំណាយច្រើនណាស់ទម្រាំទៅដល់ស្រុកខ្មែរ។ ម្យ៉ាងលោកថា នៅក្នុងប្រទេស ការងារក៏មិនសូវសម្បូរ និងប្រឈមអត់ការងារធ្វើទៀតផង។

លោកបន្ដថា៖ «ការចាយមិនចង់គ្រប់ផង ព្រោះត្រូវចំណាយលើម្ហូបប្រចាំថ្ងៃផង និងសមាជិកគ្រួសារបួននាក់ ពីរនាក់នៅរៀន ចំណែកប្រពន្ធរបស់គាត់ជួនកាលឈឺ ជួនកាលជា កាយសម្បទាក៏មិនមាំមួនធ្វើការដូចគេ ជាហេតុធ្វើឱ្យគាត់មានការប្រឈមមុខជាខ្លាំងចំពោះបញ្ហាជីវភាពគ្រួសារ ព្រោះគាត់ធ្វើការតែឯងទៀត»។

ពលកររូបនេះស្នើដល់រដ្ឋាភិបាលកម្ពុជា គិតគូរជួយសម្រួលថ្លៃចំណាយនិងសុវត្ថិភាពដល់ពលករចំណាកស្រុកដែលចង់វិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីឱ្យពួកគេបានជួបជុំគ្រួសារ និងចៀសផុតពីជំងឺកូវីដ-១៩។

ទោះជាយ៉ាងណាក៏ដោយ តាមរយៈសារជាសំឡេងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចចេញបទបញ្ជាថ្មីមួយដោយប្រាប់ទៅអាជ្ញាធរបណ្តាខេត្ត​ជាប់ព្រំដែនថៃ និងអាជ្ញាធរ​ពាក់ព័ន្ធ ឱ្យកាត់បន្ថយចំនួនអ្នកធ្វើចត្តាឡីស័ក​នៅតាមព្រំដែន ដោយឱ្យអ្នកដែលមិនមានការសង្ស័យថាមានកូវីដ១៩ ត្រូវមកធ្វើចត្តាឡីស័កនៅស្រុកកំណើត ខណៈអ្នកដែលសង្ស័យ ត្រូវរក្សាការធ្វើចត្តាឡីស័កនៅតាមព្រំដែនដដែល។

ក្នុងសារជាសំឡេងនោះ លោក​នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការសម្រេចនេះដោយ​សារពិនិត្យឃើញថា ខេត្តមួយចំនួនរបស់ថៃ​ដែល​នៅជាប់តំបន់​ព្រំដែនជាមួយកម្ពុជា និងធ្លាប់ដាក់ជាតំបន់ហានិភ័យនៃ​ការវាយលុកដោយ​ជំងឺកូវីដ-១៩ ឥលូវនេះមានសភាពធូរស្រាល ហើយ​ភាគីថៃអាចទប់ស្កាត់​បាន​ហើយ។ មួយវិញទៀត លោកថា ជាង១ខែមកនេះ មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែនរបស់កម្ពុជា មិនបាន​រកឃើញអ្នកឆ្លង​​​ជំងឺ​កូ​វីដ​-១៩ឡើយ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបាត់ដំបង លោក នៀប សុចន្ទ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។