ខួប៥ឆ្នាំ​លោក​បណ្ឌិត កែម ឡី ប្រារព្ធ​​ឡើង​​ក្នុង​​ស្ថាន​ភាព​ស្ងប់​ស្ងាត់ ក្រោម​បរិបទ​កូវីដ-១៩

ទិដ្ឋភាពនៅ​មុខ​គេហដ្ឋាន​លោក​បណ្ឌិត កែម ឡី នៅខេត្តតាកែវ។ រូបថត ហ៊ី ឆាយ

ខួប៥ឆ្នាំ​នៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នៅឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធឡើងក្នុងស្ថានភាពស្ងប់ស្ងាត់ទាំងការប្រារព្ធនៅគេហដ្ឋាន​របស់លោកនៅឯស្រុកកំណើតក្នុងភូមិអង្គតាកុប ឃុំលាយបូរ​ ស្រុកតាំកក់ ខេត្តតាកែវ និង នៅទីតាំងដែលឃាតករបាញ់សម្លាប់លោកនៅហាងស្តារម៉ាត បរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាត់តិច ស្តុបបូកគោ រាជធានីភ្នំពេញ។

ម្តាយបង្កើតរបស់លោកបណ្ឌិត កែម ឡី អ្នកស្រី ភោគ សេ មានប្រសាសន៍ប្រាប់វីអូឌីថា ការប្រារព្ធខួប៥ឆ្នាំនៃការបាត់បង់កូននៅឆ្នាំនេះ គ្រួសារមិនបានរៀបចំធំដុំឡើយ ដោយសារបញ្ហាកូវីដ-១៩។ អ្នកស្រីថា ដោយសារពិធីខួបឆ្នាំនេះ មិនបានប្រារព្ធធំដុំ ទើបគ្រួសារគាត់មិនបានសុំច្បាប់ទៅអាជ្ញាធរ​នោះទេ ទោះបីជាពិធីនេះជាពិធីបែបសាសនាដែលក្នុងច្បាប់មិនតម្រូវឱ្យសុំច្បាប់ក៏ដោយ។   

អ្នកស្រីបន្ថែមថា ពិធីខួបឆ្នាំនេះ គ្រួសារគ្រាន់តែនិមន្តព្រះសង្ឃ៥អង្គមកសូត្រមន្តបង្សុកូល និងឆាន់ចង្ហាន់ថ្ងៃត្រង់ ព្រមទាំងដារបង្ហើយបុណ្យតែប៉ុណ្ណោះ។

ងាកមកទិដ្ឋភាពនៅកន្លែងឃាតករបាញ់ប្រហារលើលោកបណ្ឌិតកែម ឡី កាលពី៥ឆ្នាំមុននៅស្តុបបូកគោវិញ គឺមានស្ថានភាពស្ងាត់ជ្រងំផងដែរ ដោយមិនឃើញមានមនុស្សម្នា យកកម្រងផ្កាទៅដាក់ទៅមុខហាងស្តារម៉ាត ​និងមិនមានការប្រមូលផ្តុំគ្នាច្រើនដូចរាល់ឆ្នាំឡើយ។  

អ្នករាយការណ៍ព័ត៌មានរបស់វីអូឌីម្នាក់ ​ ដែលប្រចាំការនៅទីនោះបញ្ជាក់ថា ហាងស្តារម៉ាត​ដែលជាកន្លែងលក់ដូររាល់ថ្ងៃនោះ បានបិទទ្វាលែងលក់ដូរនៅព្រឹកថ្ងៃទី១០ខែកក្កដានេះ ហើយនៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាត់តិច គឺមានកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចប្រមាណ៥០នាក់នៅឃ្លាំមើល និងដាក់ពង្រាយនៅទីនោះផងដែរ។

លើសពីនេះ សមត្ថកិច្ច ដែលប្រចាំការនៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ ឬ ឈប់នៅបរិវេណមួយនេះឡើយ ដោយសមត្ថកិច្ចដេញពួកគេចេញថែមទៀតផង លើកលែងតែអ្នកឈប់ចាក់ប្រេងតែប៉ុណ្ណោះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាំកាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្តុបបូកគោ។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កើតឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកបានធ្វើអត្ថាធិប្បាយរបាយការណ៍មួយរបស់អង្គការអន្តរជាតិ Global Witness  ដែលមានឈ្មោះថា អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា។

របាយការណ៍នោះ បានលាតត្រដាងពីការក្តោបក្តាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះលោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។

អស់រយៈពេល៥ឆ្នាំកន្លងមកនេះ ​​ព្រឹត្តិការណ៍សម្លាប់លោកបណ្ឌិត កែម ឡី គឺ មានតែឃាតករម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯង ជួប សម្លាប់ ដែលត្រូវបានចាប់ខ្លួន ហើយតុលាការបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត។

យ៉ាងណាមន្ត្រីតុលាការ និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ធ្លាប់អះអាងថា សំណុំរឿងនេះ ត្រូវបានបែងចែកជាពីរ ដោយទីមួយករណីជួប សម្លាប់ ដែល​តុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិតនោះត្រូវបានបិទបញ្ចប់ និងករណីមួយទៀត គឺរកអ្នកពាក់ព័ន្ធជាមួយ ឃាតករ ជួប សម្លាប់។

យ៉ាងនេះក្តី អ្នកស្រី ភោគ សេ នៅតែមិនទាន់ស្ងប់ចំពោះយុត្តិធម៌បែបនេះឡើយ ប៉ុន្តែអ្នកស្រីមិនដឹងត្រូវធ្វើអ្វីបាន និង ធ្វើដោយរបៀបណា ដោយទុកឱ្យអ្នកដទៃជួយរកយុត្តិធម៌នេះផងទៅចុះ។

ចំណែក  ភរិយាលោកបណ្ឌិត កែម ឡី គឺ អ្នកស្រី បូ​ រចនា ប្រាប់វីអូឌីថា អ្នកស្រីហៅយុត្តិធម៌ និង​ចំណាត់ការច្បាប់ពីសំណាក់តុលាការកម្ពុជាកន្លងមក ជាចំណាត់ការខ្យល់តែប៉ុណ្ណោះ ដោយថាយុត្តិធម៌សម្រាប់ស្វាមីអ្នកស្រីមកទល់ពេលនេះ គ្មានសោះឡើយ។  លើសពីនេះ ឃាតករម្នាក់ឈ្មោះ អឿត អាង នោះ អ្នកស្រីថាជាឃាតករក្លែងក្លាយ ឬ សម្បនិមិត្តតែប៉ុណ្ណោះ។

តែយ៉ាងណា អ្នកស្រី នៅតែ​ចង់បានយុត្តិធម៌ពិត ប៉ុន្តែអ្នកស្រីមិនមានសង្ឃឹមទទួលបានយុត្តិធម៌ក្នុងសម័យកាលដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ននោះឡើយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ