ឥណ្ឌូនេស៊ី​ពិភាក្សា​ជាមួយ​អង្គការ​ WHO​ ដើម្បី​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផលិត​វ៉ាក់សាំង​សកល

បុរសម្នាក់ទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងអំឡុងពេលដំណើរការកម្មវិធីចាក់ថ្នាំដល់អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ (REUTERS/Ajeng Dinar Ulfiana)

ប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រុមហ៊ុនឱសថចំនួន៦ ដើម្បីក្លាយជាមជ្ឈមណ្ឌលសកលមួយសម្រាប់ផលិតវ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩។ នេះបើតាមការឱ្យ​ដឹងពីរដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនេះ ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ទាក់ទិនទៅនឹងគោលបំណងនេះ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានថ្លែងនៅក្នុងបទសម្ភាសមួយថា ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ​ ដោយផ្តល់​អាទិភាព​ដល់​ការទិញវ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ពីក្រុមហ៊ុនដែលបានចែករំលែកបច្ចេកវិទ្យានិង​បង្កើតទីតាំងផលិតនៅឥណ្ឌូនេស៊ី។

លោកថា៖ «យើងកំពុងតែធ្វើការជាមួយអង្គការសុខភាពពិភពលោក ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងប្រភេទ mRNA ជាសកលមួយ»។

ជាមួយគ្នានេះដែរ លោកបន្ថែមថា គម្រោងនេះ​ត្រូវបានលើកឡើងនិងពិភាក្សា​ដោយ​ផ្ទាល់​ទៅកាន់​លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ​សុខភាពពិភពលោក កាលពីដើមខែនេះ។

លោកបន្តថា៖ «អង្គការសុខភាពពិភពលោក បានលើកឡើងពីប្រទេសអាហ្វ្រិកខាងត្បូងថាជាទីតាំងទីមួយ ខណៈដែលខ្ញុំបានថ្លែងថា ឥណ្ឌូនេស៊ីគួរតែជាប្រទេសទី២»។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាថ្មី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោក ក្នុងការចែកចាយការផលិតវ៉ាក់សាំងនៅទូទាំងពិភពលោកឱ្យកាន់តែទូលំទូលាយបន្ថែម​ទៀត និងបង្កើតសមត្ថភាពនៅក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ន៍ ដើម្បីផលិតវ៉ាក់សាំង​ជំនាន់​ថ្មីនានា ដូច​ជា Moderna (MRNA.O) និង Pfizer (PFE.N) ក្នុងការទប់ស្កាត់វីរុសកូវីដ-១៩ បំប្លែង​ខ្លួនថ្មី។

ជាមួយនឹងតួលេខឆ្លងសរុបជាង៤​លានករណី និងស្លាប់ជាង១៣​ម៉ឺននាក់ ឥណ្ឌូនេស៊ីត្រូវបានចាត់​ទុក​ថា​ជាប្រទេសមួយ ក្នុងតំបន់អាស៊ីដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត ខណៈចំណោមប្រជាជនរបស់ខ្លួនចំនួន២០៨លាននាក់ មានតែ២៥​ភាគ​រយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងគ្រប់ដូស គិតរហូតមកដល់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ