ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បញ្ហា​អាកាស​ធាតុ​ ខណៈ​ MRC​ ព្រមាន​ពី​​​ជំនន់​​ទឹក​​ភ្លៀង

ស្ថានភាពទឹកនៅអាងធម្មជាតិ ស្ថិតនៅភូមិសាស្ត្រស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ)

ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បាន​អំពាវនាវឱ្យប្រជាពលរដ្ឋ​ទាំងនៅក្នុង​តំបន់ទំនាប​កណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ខណៈគណៈកម្មការ​ទន្លេ​មេគង្គ (MRC) ក៏​បាន​ព្រមាន​អំ​ពីបញ្ហា​គ្រោះជំនន់​ទឹក​ភ្លៀង​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃអង្គារ បាន​ឱ្យដឹង​ថា ប្រទេសកម្ពុជានឹង​ទទួល​ឥទ្ធិពលប្រ​ព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសចំនួន៤ រួមមាន ប្រទេសភូមា ថៃ ឡាវ និងវៀតណាម​ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី​២១ ខែកញ្ញា។ បន្ថែម​លើនេះ ក្រសួងថា កម្ពុជាក៏នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបមួយទៀតពីប្រទេសឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយផងដែរ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តមួយចំនួននៅ​តំបន់​វាលទំនាបកណ្ដាល មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចំណែកនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។

ការអំពាវនាវនេះបានធ្វើឡើងស្របពេលដែលគណៈកម្មការទន្លេមេគង្គ ក៏បានព្រមានអំពីបញ្ហាគ្រោះជំនន់ទឹកភ្លៀង ការបាក់ដី និងបាក់​ច្រាំង​ទន្លេ ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខណៈព្យុះត្រូពិកឈ្មោះ ខន់សិន (Conson) នឹងមានឥទ្ធិពលមកលើបណ្តាប្រទេសនៅអាងទន្លេមេគង្គក្រោម ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់បោកខ្លាំង។

បើតាមរបាយការណ៍របស់​គណៈកម្មការនេះ ផ្លូវលាតសន្ធឹងនៃព្យុះនេះ គឺចាប់ពីខេត្តភាគខាងជើងដល់ភាគកណ្តាលនៃប្រទេសវៀតណាម ដែលនឹងត្រូវរងផលប៉ះពាល់ក្នុងរយៈពេល៥ថ្ងៃខាងមុខនេះ។ ចំណែកនៅកន្លែងផ្សេងទៀតនៃខេត្តភាគខាងជើង និងភាគពាយព្យនៃប្រទេសថៃ និងប្រទេសឡាវ នឹងរងផលប៉ះពាល់ ខណៈតំបន់ភាគខាងជើងនិងភាគពាយព្យរបស់កម្ពុជាវិញ ក៏នឹងរងផលប៉ះពាល់ផងដែរ។

លោកបណ្ឌិត ឡាំ ហុងសឺន (Lam Hung Son) ប្រធានមជ្ឈ​មណ្ឌល​គ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតប្រចាំតំបន់នៃ MRC ​មានប្រសាសន៍ថា៖ «យើងបានជូនដំណឹងដល់ទីភ្នាក់ងារជាតិនៅកម្ពុជា ឡាវ ថៃ និងវៀតណាម អំពីការមកដល់នៃខុនសុន ហើយផលប៉ះពាល់ដែលអាចកើតមានដោយសារព្យុះនេះ អាចនាំមកនូវទឹកភ្លៀងនិងខ្យល់បក់ខ្លាំង»។

វីអូឌី នៅមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធន​ធានទឹក និងឧតុនិយម បានឡើយទេ​ នៅថ្ងៃពុធ​ម្សិលមិញនេះ។

ប៉ុន្តែលោក ឃុន សុខា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បានប្រាប់ ​វីអូឌី ថាបច្ចុប្បន្ន​ស្ថានភាពទឹកជំនន់​នៅកម្ពុជា​មិនមាន​ច្រើន​កន្លែង​នៅ​ឡើយ​ទេ។

បើតាម​លោក ឃុន សុខា បច្ចុប្បន្ននេះ គឺមានទឹកជំនន់​តែ​នៅ​ខេត្តបន្ទាយមានជ័យមួយប៉ុណ្ណោះដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង២០០​គ្រួសារ។ ប៉ុន្តែលោក​មិនទាន់ចាត់ទុកថា ជាគ្រោះមហន្តរាយនៅឡើយទេ។

លោក ឃុន សុខា មានប្រសាសន៍ថា៖ «វាមានតិចតួច ប៉ុន្តែយើងមិនគិតថាវាធ្ងន់ធ្ងរទេ អ៊ីចឹងយើងមិនចាត់ចូលជាគ្រោះមហន្តរាយទេអាហ្នឹងនោះ។ ហើយវាស្រកទៅវិញនៅមួយថ្ងៃឬមួយថ្ងៃកន្លះ ស្រកទៅវិញហើយ»។

គ្រោះទឹកជំនន់ឆ្នាំមុន ដែលបង្កឡើងដោយព្យុះទីហ្វុងឈ្មោះ MOLAVE បានបណ្តាលឱ្យពលរដ្ឋកម្ពុជាចំនួន៤២នាក់ ស្លាប់ និងពលរដ្ឋប្រមាណជាង២លាននាក់​បានរងផលប៉ះពាល់ ខណៈពលរដ្ឋប្រមាណជាង៨០០ ០០០នាក់ ស្ថិតនៅក្នុងខេត្តចំនួន២០បានរងផលប៉ះពាល់ដោយផ្ទាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ