ឥណ្ឌូនេស៊ី​ បង្កើន​ការ​ល្បាត​បន្ទាប់​ពី​ប្រទះ​ឃើញ​នាវា​បរទេស​ចូល​មក​ជិត​ដែនកោះ​របស់ខ្លួន

យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសឥណ្ឌូនេស៊ីហោះហើរលើនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌូនេស៊ី អំឡុងប្រតិបត្តិការនៅទីតាំង Natuna ក្បែរសមុទ្រចិនខាងត្បូង ព្រំប្រទល់ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ (Antara Foto/M Risyal Hidayat/via REUTERS)

មន្ត្រីកងទ័ពជើងទឹកឥណ្ឌូនេស៊ីមួយរូបបានឱ្យ​ដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងទ័ពជើង​ទឹករបស់​ប្រទេសនេះបានបង្កើនការល្បាតនៅជុំវិញទីតាំងកោះ Natuna របស់ខ្លួន ក្នុងសមុទ្រចិន​ខាងត្បូង​ បន្ទាប់ពីនាវាចិននិងអាមេរិកត្រូវបានប្រទះឃើញចូលមកក្បែរទីតាំងនោះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីមេបញ្ជាការកងនាវាចរណ៍ទី១ លោក Arsyad Abdullah ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានថា នាវាកងទ័ពជើងទឹក​ចំនួន៥​គ្រឿងត្រូវ​បាន​ដាក់ពង្រាយ​នៅសមុទ្រ Natuna ខាងជើង ដើម្បីការពារតំបន់នោះ។

លោកបន្តថា៖ «ជំហររបស់កងទ័ពជើងទឹកនៅសមុទ្រ Natuna ខាងជើង គឺមានភាពរឹងមាំក្នុងការការពារផលប្រយោជន៍ជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ី ស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិដែលបានផ្តល់សច្ចាប័ន ដោយគ្មានការអត់ឱន​ចំពោះការរំលោភបំពានណាមួយនៅសមុទ្រ Natuna ខាងជើងឡើយ»។

មន្ត្រីកងទ័ពជើងទឹករូបនេះបន្ថែមថា នាវាកងទ័ពជើងទឹកអាមេរិកនិងចិនត្រូវបានប្រទះឃើញចូល​មក​ក្បែរទីតាំងនោះ​នាពេលថ្មីៗនេះ ប៉ុន្តែមិនបានបង្កជាការរំខានណាមួយនោះទេ ខណៈដែលពួក​គេស្ថិតនៅក្នុងដែនទឹកអន្តរជាតិនៅឡើយ។

គួរបញ្ជាក់ថា កាល​ពី​ឆ្នាំ២០១៦ ឥណ្ឌូនេស៊ី​ បាន​ប្រឈម​មុខ​ជា​បន្តបន្ទាប់ទៅនឹង​ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ការ​តទល់នឹង​ចិន ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ចាប់ខ្លួន​មនុស្ស​នៅ​លើ​នាវា​នេសាទ​ចិន។ ហើយកាល​ពី​ខែ​មករា​ឆ្នាំ​នេះ ឥណ្ឌូនេស៊ី ក៏ធ្លាប់បាន​បញ្ជូន​យន្តហោះចម្បាំង ដើម្បី​បណ្តេញ​នាវា​នេសាទ​និង​នាវា​យាម​ល្បាត​ចិនចេញ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ