ក្រ​សួង​​កសិកម្ម​ ​គ្រោង​រៀបចំ​​អនុ​ក្រឹត្យ​ស្តី​ពី​​ការ​​គ្រប់​គ្រង​​កន្លែង​​ពិ​ឃាដ​​សត្វ​

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ទៀតផង។ (ហ្វេសប៊ុក៖ Sakhon Veng)

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងគ្រោងរៀបចំអនុក្រឹត្យ​​ស្តីពីការគ្រប់គ្រង​សត្វនិងពិឃាដសត្វ ដោយឈរលើគោលការណ៍​បច្ចេកទេសនិងច្បាប់ ដើម្បីធានានិងគិតគូរអំពីបញ្ហា​អនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វនិងផលិផលមានដើមកំណើតពីសត្វ។

គម្រោងរៀបចំអនុក្រឹត្យនេះ ក្រោយពេលមានវិវាទរវាងអាជីវករកាប់ពពែលក់និងមន្ត្រីជំនាញ​នៅខេត្តកណ្តាលដែលបានចុះទៅចាប់សាច់ពពែដែលពលរដ្ឋកាប់ ​មិនឱ្យលក់ដូរ ដោយថាខុសច្បាប់។ វិវាទនេះបានធ្វើឱ្យលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខអន្តរាគមន៍និងបញ្ជាភ្លាមៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម​ឱ្យពិនិត្យនិង​ដោះស្រាយបញ្ចប់បញ្ហានេះ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាន​លើកឡើង​នៅលើ​ទំព័រហ្វេសប៊ុករបស់​​លោក នៅ​​ថ្ងៃ​​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​​២០២១ ថាលោកបានដឹក​នាំ​កិច្ច​ប្រ​ជុំ ​ដើម្បី​ពិភាក្សា​រក​ហេតុ​ផលឬ​​អំណះ​អំ​ណាង​​សំខាន់​ៗ​ សម្រាប់​ជាយ​ន្ត​ការ​ដោះ​ស្រាយ​បញ្ហា​ជា​កញ្ចប់​​ ដោយ​ពិនិត្យ​មើល​ក្របខណ្ឌគោល​នយោបាយ​​ដែល​ពាក់​ព័ន្ធ​​ការ​អនុវត្ត​ច្បាប់​កន្លង​មក ​ស្ដី​ពី​ «​​សុខភាពសត្វ និង​ផលិត​ផល​សត្វ» រួម​ទាំង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ផ្សេងៗ​ ជា​ពិសេស​ធ្វើ​ការ​ពិនិត្យ​​​រៀប​ចំ​អនុក្រឹត្យ​ស្ដី​ពីការ​​គ្រប់​គ្រង​​សត្វ ​និង​ពិឃាដសត្វ។

លោកបញ្ជាក់​ថា ខ្លឹមសារនៃកិច្ចប្រជុំនោះក៏ជំរុញឱ្យកសិ​ករ​មិនគ្រាន់​តែ​ធ្វើ​ការ​ដាំ​ដុះ​ឬ​ចិញ្ចឹម​សត្វ​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​ផង​ដែរ។

ខ្លឹម​សារ​ដដែលបន្ត​ថា៖ «រៀបចំគោលនយោបាយការអភិវឌ្ឍវិស័យកសិកម្មទាំងមូល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិឃាដសត្វ ឱ្យ​​បានសមស្រប​ក្នុងដំណាក់កាល​ដោយត្រូវឈរលើគោលការណ៍បច្ចេកទេសនិងច្បាប់ ដើម្បីធានានិងគិតគូរអំពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វនិងផលិផលមានដើមកំណើតពីសត្វ»។​

តាមរយៈវីដេអូឃ្លីបដែលទំព័រហ្វេសប៊ុករបស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញពីសកម្មភាពមន្ត្រីកសិកម្មចុះចាប់សាច់ពពែរបស់ពលរដ្ឋ មិនឱ្យពួកគេធ្វើអាជីវកម្ម ដោយ​ថា គ្មានច្បាប់អនុញ្ញាត។

សកម្មភាពនោះត្រូវបានលោក ហ៊ុន សែន លើកឡើងជា​សំណួរមួយចំនួន​ថា៖ «តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្ត ដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនឱ្យ​សម្លាប់​ពពែ​យក​សាច់​ជា​អាហារ​ពី​ពេល​ណា​មក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?»

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរទៀតថា កន្លងមក រដ្ឋាភិបាលលើកទឹកចិត្តឱ្យ​ប្រជាជនចិញ្ចឹមសត្វមិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេ គឺសម្រាប់ជាចំណីអាហារ ហើយ​​ហេតុអីបានប្រជាជនចិញ្ចឹម​សត្វគ្មាន​សិទ្ធិ​សម្លាប់​សត្វ​យក​សាច់ទទួលទាន ហើយតម្រូវឱ្យសុំច្បាប់។ លោក​បន្តថា ​បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់។

បញ្ហានេះ លោកស្នើ​ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម និង​អភិបាលខេត្ត ស្រាវជ្រាវ ហើយចូលមកបំភ្លឺឱ្យ​​លោកវិញតាមហ្វេសប៊ុកនេះ ដើម្បីឱ្យ​ប្រជាជនបានដឹងជាទូទៅ។

ភ្លាមៗ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានឆ្លើយតបទៅក្នុងប្រអប់សារ ឬ​ផ្តល់យោបល់លើ​​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រីថា ក្រសួងសូម​ទទួលយកនូវរាល់សំណូមពរ ក៏ដូចជាមតិយោបល់ដែលបានលើកឡើងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលចិញ្ចឹមសត្វ យកទៅពិនិត្យនិងពិចារណាក្នុងការកែលម្អនិងបំពេញបន្ថែមជាបទដ្ឋានគតិយុត្តក្រោមច្បាប់ ឬការធ្វើវិសោធនកម្មច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វក្នុងករណីចាំបាច់ ជាមួយនឹងអន្តរក្រសួងនាពេលដ៏ខ្លីខាងមុខនេះ។

លោកបន្តថា កិច្ចអន្តរាគមន៍នេះ ដើម្បីបង្កលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រជាជន​ក្នុងការលើកទឹកចិត្តចិញ្ចឹម និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្លាប់សត្វនិងលក់ដូរបាន សម្រាប់លើកស្ទួយជីវភាពក្នុងគ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ