រដ្ឋា​ភិបាល​នឹង​កំណត់​យក​តួលេខ​ប្រាក់​ឈ្នួល​គោល​កម្មករ​ឆ្នាំ​២០២២​នៅ​សប្តាហ៍​ក្រោយ

ពលរដ្ឋពីរនាក់ធ្វើដំណើរនៅពីមុខរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ (ហ៊ី ឆាយ)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោង​​បោះឆ្នោតជ្រើសរើសយកតួលេខចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលគោលកម្មករឆ្នាំ២០២២ នៅសប្តាហ៍ក្រោយ​​ បន្ទាប់ពីភាគីពាក់ព័ន្ធចរចាមិនត្រូវគ្នា។

ក្នុងលិខិតមួយចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្ត​ជួបចរចា​ត្រីភាគីជាលើក​ទី២ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ​និង​ផលិតស្បែកជើងនៅកម្ពុជា។

លិខិតដដែលនេះបានឱ្យដឹងថា ការចរចា​លើកទី​២​នេះ ភាគីសហជីពតំណាងឱ្យកម្មករស្នើតួលេខ២០៤​ដុល្លារ និងនិយោជកស្នើ១៨៨​ដុល្លារ ខណៈរដ្ឋាភិបាលស្នើ១៩២​ដុល្លារ។

លិខិត​ដដែលបន្តថា ការចរចាលើកទី១ ខាង​សហជីពស្នើតួលេខ២១៤,២៧​ដុល្លារ និងនិយោជក​ស្នើតួ​លេខ១៨៣,៣ដុល្លារ។

បើតាមលិខិតនេះ ដោយសារតែការស្នើសុំតួលេខរបស់ភាគីទាំង៣​មានភាពខុសគ្នាច្រើនពេក ប្រធាន​ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួលអប្បបរមា នឹងធ្វើការបោះឆ្នោតជ្រើសរើសយកតួលេខ​ចុងក្រោយ​ នៅថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែល​មាន​សមាសភាព​តំណាង​សហជីព​១៧​រូប តំណាង​ភាគី​និយោជក​១៧រូប​ និងតំណាងភាគីរដ្ឋាភិបាល១៧រូប។

ប្រធាន​សហភាពការងារកម្ពុជា លោក អាត់ ធន់ បានស្នើដល់ភាគីនិយោជកនិងរដ្ឋាភិបាលពិចារណាឡើ​ងវិញ ចំពោះការដំឡើងប្រាក់ឈ្នួលគោលជូនកម្មករ ខណៈក្រុម​សហជីពទាម​ទារ២០៤​ដុល្លារ​នៅ​ឆ្នាំ​២០២២។

មេសហជីពរូប​នេះលើកឡើងថា វិបត្តិ​ជំងឺកូវីដ-១៩ ក៏បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច​របស់​កម្មករផងដែរ ហើយ​​​ប្រសិនបើការដំឡើងប្រាក់ឈ្នួលកម្មករ​មិន​បាន​សមរ​ម្យ​ទេ នឹងធ្វើ​ឱ្យពួកគេ​កាន់តែជួបការលំបាកថែមទៀត។

លោកលើកឡើងថា៖ «ខ្ញុំគិតថា និយោជកនិងរដ្ឋាភិបាលគួរតែពិនិត្យអំពីការលំបាកផ្សេងៗរបស់​កម្មករ ពីព្រោះបានកាត់ប្រយោជន៍កម្មករច្រើនហើយ [….] ហើយខាងកម្មករខ្លួនឯងគួរតែធ្វើការ​ជជែក​ជាមួយនិយោជក ឬក៏ជំរុញធ្វើម៉េច​ឱ្យមានឥទ្ធិពល​នៅថ្ងៃទី​២៨ហ្នឹង ធ្វើឱ្យមានការទាក់ទាញការសម្រចចិត្តខាងរដ្ឋាភិបាលបន្ថែមទៀត»

វីអូឌី មិនអាចសុំការឆ្លើយតបពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានទេ​ នៅថ្ងៃនេះ។ ប៉ុន្តែលោក​បាន​ប្រាប់ វីអូឌី កាលពីថ្ងៃទី១៥​ ខែកញ្ញា ​ថាវិបត្តិ​​កូវីដ-១៩បានធ្វើឱ្យថៅកែខា​ត​ប​ង់ប្រាក់យ៉ាងច្រើន ដែលពិបាកក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករនៅឆ្នាំក្រោយ។

តំណាងនិយោជករូបនេះលើកឡើងទៀត​​ថា វិបត្តិ​កូវីដ-១៩ បាន​ធ្វើឱ្យ​​ការ​ចំណាយ​របស់ថៅកែមានការ​កើន​ឡើង ខណៈ​ចំណូលពីអ្នកបញ្ជាទិញមិនមានការ​​កើនឡើង ហើយ​​ការនាំចេញ​កាលឆ្នាំ២០២០​​ បានថយចុះជាង១០ភាគរយថែមទៀតផង។

លោកបន្ថែមថា៖ «សួរថាពេលចំណាយយើងកើនឡើង និងចំណូលយើងអត់កើនឡើង សួរថា ប្រាក់​ចំណូលវាកើនឡើងយ៉ាងម៉េចទៅ​? ការនាំអីវ៉ាន់ចេញ ក៏ខាងសហជីពថាមានការកើនឡើងដែរ ចុម! មានការកើនឡើងពីណា? បើតួលេខផ្លូវការនៅឆ្នាំ២០២០ ថយចុះជាង១០ភាគរយហើយហ្នឹង»

នៅ​ឆ្នាំ​២០២១នេះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ និង​ផលិតផល​​ស្បែក​ជើងពី ១៩០​ដុល្លារ ទៅ ១៩២​ដុល្លារ​​ ក្នុង​មួយ​ខែ។ បើ​គិត​ជា​រួម ​​ទាំង​​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់ ជា​មធ្យម​ កម្មករ​និយោជិត​ម្នាក់ៗ​អាច​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​តិច​ពី ២៥០​​ដុល្លារ​ ដល់ ៣០០​ដុល្លារ ​ក្នុង​មួយ​ខែ។

រ​បាយការណ៍សិក្សាមួយរបស់សហជីពកម្ពុជា និងយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ ចេញផ្សាយ​នៅខែ​កក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្មករចំនួន៧៨៤ ០០០នាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែក បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ប្រមាណ១០៩លាន​ដុល្លារ ក្នុងអំឡុងពេល​ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និង​ការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ កាល​ពីខែមេសា​ និងខែឧសភាកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ