ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​​ជម្នះ​ឧបសគ្គ​រហូត​ក្លាយ​ជា​អភិបាល​រង​ស្រុក​មួយ​​នៅ​​ខេត្ត​រតនគិរី​

អ្នកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែង ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

ផ្តើម​ចេញ​ពី​គ្រួសារកសិករ​​ក្រីក្រនៅតំបន់ជនបទដាច់ស្រយាល​នៃភាគ​ឦសាន​ប្រទេស ខេត្តរ​​តនគិរី ស្ត្រីជន​ជាតិដើមភាគតិចព្រៅម្នាក់ បាន​ជម្នះ​នឹង​ឧបសគ្គ​ជា​ច្រើនដើម្បី​ការសិក្សា ​រហូតក្លាយ​ជា​អភិ​បាល​​រងស្រុក​តាវែង ខេត្តរតនគិរី។

ជោគជ័យនេះទំនងជាមិនមានច្រើនទេសម្រាប់ជនជាតិដើមភាគតិច ខណៈតំ​ប​ន់​នោះ ​យុ​វ​ជនខ្លះ​បាន​បោះប​​ង់​កា​រ​សិក្សា​តាំង​ពី​វ័យ​​ក្មេ​ង ដើម្បីផ្តាច់ខ្លួនទៅរៀបអាពាហ៍ពិពាហ៍ឬដើរចូលរោងការ។

រស់​នៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី អភិបាលរងស្រុកតាវែង អ្នកស្រី កាពីង ពេជ្រ ឱ្យ​​​​​ដឹង​ថា ក្រោយ​ពីបញ្ចប់ការសិក្សា​នៅថ្នាក់ទី១២ គាត់​បាន​ចំណាយ​ពេល១២ឆ្នាំក្នុងដំណើរជីវិត ដើម្បី​​ជ​​ម្នះនឹង​ឧបសគ្គ​ក្នុង​ការ​តស៊ូ​រៀន​សូត្របន្ត​ រហូ​​ត​ក្លា​​យជាអភិបាល​រង​ស្រុកប្រចាំនៅស្រុក​កំណើត​របស់​ខ្លួនដូចពេល​​បច្ចុប្បន្ន។

អ្នកស្រីបាន​រៀបរាប់ថា​ ឧបសគ្គ​ដែល​គាត់​ជួបក្នុង​ការស្វែងរក​ចំណេះនិង​ជំនាញ​ជាង​១០ឆ្នាំមក​នេះ គឺបញ្ហា​ជីវ​ភាព ខ្វះ​មធ្យោបាយធ្វើដំណើរ សាលារៀននៅ​ឆ្ងាយ សម្ពាធពីគ្រួសារ រួមទាំងការតាំង​ចិត្ត ដើម្បីរើខ្លួន​ពីការរៀបការ​ទាំង​វ័យ​ក្មេង។

ស្ត្រីវ័យ២៨ឆ្នាំរូប​នេះ​បន្តថា អ្វីដែល​ការលំបាកខ្លាំងនៃការសិក្សារបស់គាត់នោះ​នៅឆ្នាំ​២០០៨​ ព្រោះ​ពេលនោះ​ត្រូវ​ឡើង​ទៅ​រៀន​នៅ​ទីរួមខេត្ត ដើម្បីត្រៀមប្រឡងបាក់ឌុប ហើយត្រូវសម្រាកនៅទីនោះ ខណៈពីផ្ទះទៅទីរួមខេត្ត មានចម្ងាយ​ប្រមាណជា៥០គីឡូម៉ែត្រ​។

អ្នកស្រីថា៖ «ហើយម្យ៉ាងទៀត ក្នុងសម័យមុន ធម្មតាគាត់មិនសូវទុកចិត្ត ព្រោះយើងជាកូនស្រីចេញឆ្ងាយពីផ្ទះ»។

អ្នកស្រី កាពីង ពេជ្រ និយាយទៀតថា ពេលនោះដោយសារតែស្រឡាញ់ការសិក្សា ហើយ​គ្រួសារ​ក៏​មាន​ការ​ខ្វះខាតក្នុងជីវភាព​ផង​នោះ រូបគាត់ត្រូវចំណាយពេល​ក្រៅម៉ោង​សិក្សាទៅ​​​​ដើរស៊ីឈ្នួលគាស់ដំឡូងនិងរើសគ្រាប់ស្វាយ​ចន្ទីឱ្យគេ និងពេលខ្លះទៀតត្រូវដើរបះបន្លែតាមចម្ការនិង​តាមបឹងបួ ដើម្បី​បាន​​ប្រាក់​បន្តការសិក្សានិង​ដោះស្រាយជីវភាព។

នៅគ្រាមួយនោះ អ្នកស្រី កាពីង ពេជ្រ ស្ទើរតែបាត់បង់ការសិក្សាទៅហើយ ព្រោះតែ​បងប្រុសបង្កើតរបស់​​គាត់ដែលដេករៀនត្រៀមប្រឡងដែរ​នោះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍។ អ្នកស្រី​បន្ត​ថា ពេលនោះ ឪពុក​ម្តាយ​​គាត់ប្រាប់​ឱ្យឈប់រៀន ដោយបារម្ភពីសុវត្ថិភាពខ្លាចជួប​ឧបទ្ទវហេតុ​ដូច​បង​ប្រុសបង្កើត​ដែរ។ តែយ៉ាងណា គាត់​សម្រេចចិត្តទៅបញ្ចុះបញ្ចូលឪពុកម្តាយរហូតបានសម្រេច ដោយសន្យាមិន​ឱ្យគ្រួ​សា​រ​របស់​គាត់មានការ​​ព្រួយបារម្ភ។

អ្នកស្រីថា៖ «កូនស្រីប្រុសមានសិទ្ធិស្មើគ្នាក្នុងការរៀនសូត្រនិងដើរហើរទៅឆ្ងាយ»។

ទន្ទឹមនឹងឧបសគ្គនេះ ស្ត្រីរូបនេះក៏មានឱកាសដែរ ដោយពេលនោះគាត់ជាប្រធានថ្នាក់និងជាសិស្សពូកែប្រចាំថ្នាក់ផង ដែលធ្វើឱ្យលោកគ្រូបានដាក់បញ្ចូលគាត់ជាសិស្សកាយារិទ្ធ។

ចាប់ពីពេលនោះមក អ្នកស្រី កាពីង ពេជ្រ ត្រូវបានលោកគ្រូ-អ្នកគ្រូជួយលើកទឹកចិត្តនិងស្វែងរកឯកសារមេរៀនផ្សេងៗឱ្យគាត់រៀន រហូតដល់គាត់បានប្រឡងជាប់ជាសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរទូទាំងខេត្ត ហើយក៏មានឱកាសចូលប្រឡូកការងារសង្គមអំឡុងពេលនៃការសិក្សានោះទៀតផង។

អ្នកស្រីថា៖ «ទីមួយ គឺយើង​មិនផ្តោតតែរៀននៅសាលាតែមួយមុខទេ ឬក៏មេរៀនដែលយើងរៀនតែមួ​យ​មុខដែរ យើងត្រូវសិក្សាពីខាងក្រៅដែរ ដូចជា ចេះដឹងទូទៅ យើងត្រូវសិក្សាពីខាងក្រៅបន្ថែម»។

ជា​យុវជនកាយារិទ្ធ និងបាន​ចូលរួមការងារសង្គមខ្លះនោះ បានធ្វើ​ឱ្យ​ស្ត្រីជនជាតិ​ដើម​ភាគ​តិច​ព្រៅ​រូប​នេះមាន​ឱកាស​​បាន​​ក្លាយ​​ជា​​យុវជន​កាក​បាទ​ក្រហមប្រចាំខេត្តរតនគិរីផងដែរ។

តា​មរយៈការងារនេះ គាត់បានចូលរួមបោះជុំរុំទូទាំងខេត្តទាក់ទងទៅនឹងការងារបរិស្ថាន ចូលរួមផ្សព្វផ្សា​យ​​​​អប់រំអំពីបញ្ហាសុខភាពនិងអនាម័យ រួមទាំងបានទៅទស្សនកិច្ចប្រាសាទអង្គរវត្តដែលជាសម្បត្តិបេ​តិកភណ្ឌជាតិ​របស់ដូនតាខ្មែរផងដែរ។

អ្នកស្រីថា៖ «ធម្មតា យើងជាជនជាតិដើមភាគតិច យើងមិនដែលស្គាល់ទីក្រុង មិនដែលឃើញព្រឹត្តិកា​រណ៍​​​​​អី​ទេ ដល់ពេលយើងបានឃើញអ៊ីចឹង ដូចយើងភ្ញាក់ផ្អើល»។

ការងារបន្ថែមថ្មីនេះបាន​ធ្វើឱ្យគាត់​បានចូលបម្រើការងារក្នុងការិយាល័យ​កិច្ចការនារីប្រ​ចាំ​ស្រុ​កតាវែង នៅក្នុងឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៤ ទើបគាត់ប្រឡងជាប់បាក់ឌុប។

អ្នក​ស្រីបានរំឭកថា៖ «ខ្ញុំមានចក្ខុវិស័យនៅពេលដែលខ្ញុំរៀនចប់ ខ្ញុំនឹងចូលរួមការងារនៅក្នុងសង្គម ជាពិ​សេសជួយលើកកម្ពស់ទាក់ទងទៅនឹងសមភាពយេនឌ័រ ដូចខ្ញុំនិយាយពីដើមអ៊ីចឹង ស្ត្រីយើងកម្រណា​ស់មានអ្នកដែលចូលរួមក្នុងសង្គមអ៊ីចឹង។ បើយើងមានចំណែកមួយនៅក្នុងនោះដែរ អាចធ្វើឱ្យស្ត្រីផ្សេង​ៗទៀត ជាពិសេសស្ត្រីជនជាតិដើមភាគតិច គាត់នឹងខំរៀនសូត្រ»។

ក្រោយបម្រើការងារនៅក្នុងការិយាល័យ​កិច្ចការនារីជិត១០ឆ្នាំ ពោលគឺនៅឆ្នាំ២០២០ រាជរដ្ឋាភិបាលបានធ្វើស​មាហរណកម្មការិយាល័យចំណុះរចនាសម្ព័ន្ធសាលាស្រុក អ្នកស្រី កាពីង ពេជ្រ ក៏បាន​ដាក់ពាក្យ​ចូល​បម្រើ​ការ​ងារ ហើយ​ក៏​ត្រូវបានតែងតាំងឱ្យ​ធ្វើ​​អភិបាលរងស្រុកតាវែង។

អភិបាលរងស្រុករូបនេះបានគូសបញ្ជាក់ថា បច្ចុប្បន្ន គាត់បានបង្ហាត់បង្រៀនក្រុមនារីៗនិងចុះផ្សព្វ​ផ្សា​យនៅមូលដ្ឋាន ដើម្បីទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រី អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្ត្រី និងការរំលោភបំពានលើកុមារ។

ក្រៅ​​ពីនោះ គាត់ក៏បានផ្សព្វផ្សាយពីចំណេះដឹងដល់យុវជនពីផលប៉ះពាល់នៃការរៀបការនៅវ័យក្មេង ខណៈ​បច្ចុប្បន្ន​យុវជនជនជាតិដើមភាគតិច ភាគច្រើន​បានសម្រេច​​ចិត្ត​​រៀបការទាំង​​វ័យក្មេង។

អ្នកស្រី កាពីង ពេជ្រ បានរៀបការនៅអំឡុងពេលអ្នកស្រីអាយុ២៣ឆ្នាំ ហើយបច្ចុប្បន្ន អ្នកស្រីមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។

លោក សៀង កាពីង ត្រូវជាឪពុករបស់​អ្នកស្រី កាពីង ពេជ្រ មាន​ប្រសាសន៍ថា​ គាត់មានចិត្តរំភើប ពេលមន្ត្រី​ជាច្រើន​បានជួប​គាត់ ហើយស​រសើរ​​ពីសមត្ថភាព​កូនស្រីរបស់គាត់។

លោកថា៖ «ក្នុងនាមជាឪពុក ខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងរំភើប ព្រោះកូនរបស់ខ្ញុំបានធ្វើជា​មន្ត្រី​អភិបាលរងស្រុក ដែលកូនខ្ញុំបំពេញការងារយ៉ាងល្អ និងធ្វើឱ្យ​អ្នកភូមិអ្នកស្រុក ព្រមទាំងក្រសួងបាន​សរសើរគាត់​ ដែលគាត់បំពេញការងារបានយ៉ាងល្អ»។

បុរសអាយុ៥៧ឆ្នាំ ដែល​មានកូនស្រី២នាក់​និងប្រុសម្នាក់រូបនេះ​​ បានក្រើនរំឭកដល់​យុវវ័យ​ថា ដើម្បីអនាគត​ខ្លួនឯងនិង​សហគមន៍ យុវជនទាំងអស់​ ជាពិសេសយុវជន​ជនជាតិដើមភាគតិច គួរ​ប្រឹង​ប្រែង​រៀនសូត្រ​ ដោយ​​មិនគួរឆាប់​រៀបការ​នៅ​វ័យ​ក្មេង​ពេក​ទេ។

លោកថា៖ «សូមឱ្យ​យុវជនជនជាតិដើមភាគតិចឱ្យ​​ខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ និងត្រូវយល់ដឹងពីតម្លៃនៃការសិក្សា ទើបមានអនាគតល្អបានវែងឆ្ងាយទៅមុខទៀត»។

អនុប្រធានការិយាល័យសង្គមកិច្ចប្រចាំស្រុកតាវែង អ្នកស្រី ឈុំ ចាន់នឿន និយាយថា អ្នកស្រី កាពីន ពេជ្រ ស័ក្តិសមនឹងទទួលតំណែងនេះ ព្រោះមានបទពិសោធន៍ច្រើន តាំងពីធ្វើការនៅការិយាល័យ​​កិច្ចការ​នារី​ប្រចាំស្រុកតាវែងមកម៉្លេះ។

អ្នកស្រីថា៖ «លោកស្រីអភិបាលរងស្រុក គាត់មានការទំនាក់ទំនងប្រាស្រ័យទាក់ទងល្អជាមួយនឹងប្រជាជននិងអង្គភាពនានា។ គាត់មានទំនាក់ទំនងល្អខាងការងារសង្គមនិងការងារខាងក្រៅ»។

ជាមួយគ្នា​នេះ អ្នកស្រី ចាន់នឿន បានអំពាវនាវទៅដល់យុវជនជាជនជាតិដើមភាគតិចឱ្យខំប្រឹងប្រែងសិក្សាស្វែងរកចំណេះនិងជំនាញ ដើម្បីអនាគតល្អ​របស់​ខ្លួន​ផងនិង​គ្រួសារ​ផង ជា​ពិសេសក្មេងស្រី កុំឱ្យឆាប់​យកគូស្រករនៅវ័យក្មេងពេក។

បើយោងតាមរបាយការណ៍ដែលផ្តល់ឱ្យដោយអភិបាលរងស្រុកតាវែង ការសិក្សាដំបូងនៅ​ឆ្នាំ​២០២១ បាន​រក​ឃើញ​ថា ក្មេ​ង​ស្រីជនជាតិដើមភាគតិចជាក្មេងជំទង់ក្នុង​ខេត្តរតនគិរី បានរៀបការចន្លោះពីអាយុ​​១២ឆ្នាំទៅ១៧ឆ្នាំ។ ក្នុងនោះ ​អាយុ​ចន្លោះពី១២​ឆ្នាំ​ទៅ១៤ឆ្នាំ មាន១៩% ហើយ​​ស្រុកវើន​សៃ​ មា​នភាគរយខ្ពស់ជាងគេ និង ៣៣% សម្រាប់ក្មេងស្រីដែលមានអាយុចន្លោះពី១៥ទៅ១៧ឆ្នាំ។

របាយការណ៍ដដែលឱ្យដឹងទៀតថា ទិន្នន័យស្ដីពីសុខភាពសម្រាល​កូន​វិញ ស្ថាន​ភាព​សម្រាល​កូនក្នុង​ចំណោម​ក្មេង​ស្រី​វ័យ​ជំទង់ នៅតែជាក្តីបារម្ភមួយនៅក្នុងខេត្តរតនគិរី ដោយសារពួកគេខ្លះនៅជ្រើសរើសយកការសម្រាលក្នុងសហគមន៍នៅឡើយ។

មេធាវីនៅអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) លោកស្រី យ៉ុន ម៉ាណេ មាន​ប្រសាសន៍​ថា ជាមោទកភាព​ដែល​ស្ត្រីជា​ជនជាតិដើម​ភាគ​តិច​មួយ​រូបនៅ​តំបន់ជនប​ទ តស៊ូរៀនសូត្ររហូតក្លាយជាមន្ត្រីក្នុងជួររដ្ឋាភិបាល។ លោកស្រីយល់ថា តួនាទីនេះនឹងទាក់ទាញ​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​មូល​ដ្ឋាន និងជួយ​ដោះស្រាយបញ្ហាជនជាតិដើមភាគតិច ពិសេសលើវិស័យ​ធនធានមនុស្ស។

លោកស្រីបានគូសបញ្ជាក់ថា មានតែជនជាតិដើមភាគតិចទេទើប​ស្គាល់ពីតម្រូវការចាំបាច់របស់ជនជាតិដូច​គ្នា។

លោកស្រី យ៉ុន ម៉ាណេ ថ្លែង​ថា៖ «វាអាចចូលរួមលើកកម្ពស់ការឱ្យតម្លៃទៅលើជនជាតិដើមភាគតិចដែរ ព្រោះផ្នត់គំនិតភាគច្រើនយល់ថា ជនជាតិដើមភាគតិចជាមនុស្សល្ងង់ខ្លៅ គ្មានចំណេះដឹង នេះជាឱកាសបង្ហាញឱ្យ​ម​នុ​​​ស្ស​ទាំងអស់បានដឹងថា ជនជាតិដើមភាគតិចក៏ជាធនធានមនុស្សមួយសំខាន់នៅ​ក្នុង​សង្គម​ នៅក្នុង​កា​រចូលរួមអភិរក្សនិង​អភិវឌ្ឍន៍ការងារសង្គមបាន ឱ្យតែយើងមានឱកាសទទួលបានការអប់រំ មានឱកាសទទួ​ល​បាននូវបទពិសោធន៍ការងារ គឺយើងមានសមត្ថភាពអាចធ្វើបានដូចគេដូចឯងដែរ»។

ត្រ​លប់មកស្ត្រីជនជាតិដើមភាគតិចព្រៅ អ្នកស្រី កាពីង ពេជ្រ វិញ គាត់​បានអំពាវនាវដល់​យុវជ​ន ជាជនជាតិដើ​​មភាគតិច គួរហ៊ានជម្នះរាល់ឧបសគ្គ ហើយខិតខំរៀនសូត្រ ដោយត្រូវគិតថា ជាស្ត្រីក៏មានឱកា​ស​ដូចបុរសដែរ ហើយ​ត្រូវចាប់យកឱកាសដែលគេផ្តល់ឱ្យ។

អ្នក​ស្រីថា៖ «ខ្ញុំចង់ឱ្យក្មេងជំនាន់ក្រោយ ជាពិសេសស្ត្រីយើងជាជនជាតិដើមភាគតិច គួរពួកគាត់ត្រូវ​តាំងចិត្តក្នុងការរៀនសូត្រ ខិតខំបន្តជម្នះរាល់ឧបសគ្គដែលមាននៅក្នុងគ្រួសារ យើងត្រូវតាំងចិ​ត្ត​ថា ទោះយើងជាស្ត្រីក៏ដោយ ក៏ប៉ុន្តែទាក់ទងទៅនឹងចំណេះដឹង គេមិនអាចបែងចែកថាមានភេទប្រុស​ឬ​ក៏​​មានតែស្រីទេដែលអាចរៀនបាន ការយល់ដឹង ការក្រេបជញ្ជក់ចំណេះវិជ្ជា គឺមានសិទ្ធិស្មើគ្នា លើ​ក​​លែ​ង​​​​តែ​ពួកកម្លាំងពលកម្មប៉ុណ្ណោះ»៕

កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវឃ្លាមួយត្រង់កថាខណ្ឌទី២ ត្រង់ចំណុច៖ «ខណៈតំ​ប​ន់​នោះ ​យុ​វ​ជនភាគច្រើនមាន​​ទម្លាប់​​បោះប​​ង់​កា​រ​សិក្សា​តាំង​ពី​វ័យ​​ក្មេ​ង…»។ ខ្លឹមសារដែលត្រឹមត្រូវគឺ «ខណៈតំ​ប​ន់​នោះ ​យុ​វ​ជនខ្លះ​​​បាន​​​បោះប​​ង់​កា​រ​សិក្សា​តាំង​ពី​វ័យ​​ក្មេ​ង…»។


អត្ថបទ៖ អ្នកសារព័ត៌មានវ័យក្មេងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ