ជិត​២​ឆ្នាំ​ អង្គការ​ទស្សនៈ​ពិភពលោក​ទទួល​បណ្ដឹង​ពាក់ព័ន្ធ​ករណី​​រំលោភ​សិទ្ធិ​កុមារ​ជាង​​២០០​ករណី​

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា (World Vision) បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២១ អង្គការនេះទទួលបានពាក្យបណ្តឹងពាក់ព័ន្ធការរំលោភបំពានផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្តកុមារក្រោមអាយុ១៨ឆ្នាំ មានចំនួនជិត២០០បណ្តឹង។

ក្នុងកម្មវិធីរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ដែលចែករំលែកជាមួយអ្នកសារព័ត៌មានពីយុទ្ធនាការ «គំរូអហិង្សា» តាមរយៈកិច្ចប្រជុំលើប្រព័ន្ធ ZOOM នោះ អ្នកស្រី ផន ផលកា ដែលជាមន្ត្រីជំនាញសម្រាប់កិច្ចការការពារនៃអង្គការនេះ បានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញានេះថា អំពើហិង្សាលើកុមារ​ក្រោមអាយុ១៨ឆ្នាំ បានកើតឡើងគួរ​ឱ្យព្រួយបារម្ភ។

អ្នកស្រីមានប្រសាសន៍ថា៖ «សហគមន៍ដែលគាត់ទទួលបានការបណ្តុះបណ្តាលពីអង្គការទស្សនៈពិភពលោក ទាក់ទងនឹងឧបទ្ទវហេតុនៃអំពើហិង្សា ហើយគាត់ដឹងរឿងហ្នឹង គាត់ឃើញទម្រង់បែបហ្នឹងកើតឡើងចំពោះកុមារនៅក្នុងផ្ទះ គាត់រាយការណ៍ទៅកាន់អាជ្ញាធរតែម្តង។ ហើយបន្ទាប់ពីនេះ គឺជាឪពុក ឬក៏ម្តាយរបស់កុមារ ឬក៏សាច់ញាតិរបស់កុមារ។ ហើយចុងក្រោយ កុមារខ្លួនឯងដែលជាអ្នកប្តឹងទៅប៉ូលិស»។

អ្នកឯកទេសជាន់ខ្ពស់កម្មវិធីកិច្ចការពារកុមារ «គំរូអហិង្សា» របស់អង្គការទស្សនៈពិភពលោក អ្នកស្រី ឈឹម រតនា ថ្លែងក្នុងកម្មវិធីនោះដែរថា អង្គការនេះមានវត្ថុបំណងនៃយុទ្ធនាការគំរូអហិង្សា ដោយកំណត់ទិសដៅចំនួន៥ចំណុច រួមមាន ចូលរួមចំណែកផ្លាស់ប្តូរអត្តចរិត អាកប្បកិរិយារបស់ឪពុកម្តាយ អាណាព្យាបាល និងគ្រូ ដែលដាក់ទណ្ឌកម្មលើកុមារ។

លើសពីនេះ ផ្តល់ភាពអង់អាចដល់កុមារ ដើម្បីផ្លាស់ប្តូរបំណិនជីវិត ភាពអត់ធន់ តស៊ូមតិ ពង្រឹងការការពារកុមារក្នុងមូលដ្ឋាន។ បន្ថែមពីនេះ ផ្តល់ជាធាតុចូលរួមក្នុងការពង្រឹងគោលនយោបាយជាតិ ដែលស៊ីសង្វាក់គ្នាជាមួយភាពជាដៃគូសកល និងកៀរគរបុគ្គលិកអង្គការទស្សនៈពិភពលោកឱ្យចូលរួមបញ្ឈប់អំពើហិង្សាលើកុមារជាដើម ។

អគ្គនាយករងទទួលបន្ទុកវិស័យកិច្ចការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត សុំមិនធ្វើការបកស្រាយជុំវិញករណីនេះទេ ដោយអះអាងថាជាប់រវល់។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា អំពើហិង្សាលើកុមារអាចនឹងកើតមានច្រើនជាងរបាយការណ៍របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ដោយសារនៅក្នុងស្ថានភាពកូវីដ-១៩ ធ្វើឱ្យឪពុកម្តាយ អាណាព្យាបាលកុមារ ឬសាច់ញាតិ ដែលមានអារម្មណ៍មិនល្អ អាចបង្កហិង្សាលើកុមារទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទជាដើម។

លោក អំ សំអាត បញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហានេះបាន លុះត្រាតែរដ្ឋាភិបាលពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ពាក់ព័ន្ធនឹងអំពើហិង្សាលើកុមារ និងត្រូវពង្រឹងការអនុវត្តច្បាប់​ជាដើម។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរមូលដ្ឋានត្រូវតែជួយទប់ស្កាត់នៃអំពើហិង្សាទាំងអស់ហ្នឹងដែរ កុំឱ្យមានការកើតឡើង ជាពិសេសទៅលើកុមារ ព្រោះការរងនូវអំពើហិង្សា វាប៉ះពាល់ទាំងផ្លូវកាយ ទាំងផ្លូវចិត្តរបស់កុមារ ដែលធ្វើឱ្យកុមារអាចនឹងមានជំងឺមួយបាក់ស្បាតដោយសារអំពើហិង្សា»។

យោងតាមរបាយការណ៍អង្កេតរបស់យូនីសេហ្វ និងក្រសួងកិច្ចការនារី អំពីអំពើហិង្សាកុមារកាលពីឆ្នាំ២០១៣ បង្ហាញថា កុមារច្រើនជាង៧៥% (២៥៦០នាក់ដែលបានចូលរួមសម្ភាស) បានទទួលរងទម្រង់មួយនៃអំពើហិង្សា មុនពេលពួកគេមានអាយុ១៨ឆ្នាំ ។

របាយការណ៍ដដែលបញ្ជាក់ថា អំពើហិង្សាលើរូបរាងកាយទៅលើកុមារត្រូវបានរាយការណ៍ជាញឹកញាប់បំផុតមានចំនួនជាង៥០% ក្នុងចំណោម៧៥%។ របាយការណ៍នេះឱ្យដឹងទៀតថា ក្នុងចំណោមកុមារ៤នាក់ គឺមាន១នាក់ប្រាប់ថា ធ្លាប់រងអំពើហិង្សាផ្លូវចិត្ត និងកុមារ១នាក់ក្នុងចំណោម២០នាក់ប្រាប់ថា យ៉ាងហោចណាស់រងហិង្សាផ្លូវភេទមុនពេលពួកគេពេញវ័យ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គការយូនីសេហ្វ (UNICEF) ក៏បានធ្វើយុទ្ធនាការ «គ្រួសាររឹងមាំ» ដើម្បីបញ្ចប់អំពើហិង្សាលើកុមារដែលមានអាយុក្រោម១៨ឆ្នាំ និងធា​នា​ឱ្យគ្រួសារមានសុភមង្គល និងរួចផុតពីការរំលោភបំពានផ្លូវចិត្តនិងរាងកាយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ