សង្គមស៊ីវិលថាជិត៣០ឆ្នាំមកនេះ រដ្ឋាភិបាលនៅមិនទាន់​​អនុវត្តរដ្ឋធម្មនុញ្ញ​​ឱ្យបានពេញ​លេញនៅឡើយ

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

មន្រ្តីអង្គការសង្គមស៊ីវិលយល់ឃើញថា ក្នុងរយៈពេលជិត៣០​​ឆ្នាំ​​​មក​នេះ ខ្លឹមសារ​សំខាន់ៗ​មួយ​ចំនួនដូច​មាន​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ហាក់​​​មិន​​បាន​​​​​អនុវត្ត​​ឱ្យបានពេញលេញនោះទេ ដែលជាហេតុនាំឱ្យមានការរិះគន់​​ថា មាន​កា​ររំលោភទៅនឹង​ស្មារតី​នៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសផង​និងរដ្ឋធម្មនុញ្ញផង។

មន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា រដ្ឋា​​ភិ​​​​បាលពិតជាមិនបានឆ្លើយតបឱ្យបានគ្រប់ជ្រុងជ្រោយដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ​​នៅឡើយ​​ទេ បើទោះជាបានប្រើពេលអស់ជិត៣០ឆ្នាំមកហើយ​ក្តី ជាពិសេស​លើ​​​បញ្ហា​​សិទ្ធិ​​មនុស្ស​​។

​​លោក​​ថ្លែងបន្តនៅថ្ងៃសុក្រ​​​​​ថា តាមរយៈការដកសេចក្តីទុកចិត្តពីប្រទេសមហាអំណាចធំៗខាងប្រជា​ធិប​តេយ្យ បាន​ធ្វើ​​​​ឱ្យ​​​កម្ពុជាបាត់បង់ឱកាសជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

លោកបន្តថា៖ «ការគោរពសិទ្ធិមនុស្ស ហើយនិងប្រជាធិបតេយ្យអីទាំងអស់ហ្នឹង គឺមិនទាន់មានភាពល្អប្រសើរទេ រហូតមានដល់គេមានការដាក់សម្ពាធនិងលក្ខខណ្ឌផ្សេងៗ ដើម្បីជំរុញឱ្យមានលំហ​​នៃការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះឡើងវិញ​។ ទន្ទឹមនឹងនេះ កម្ពុជាយើង​​ក៏ទទួល​រង​​ការ​​ដាក់​​ទណ្ឌកម្មខ្លះៗរួចមកហើយ ដូចជា ការដក​នូវ EBA ២០ភាគរយ និងមិនទាន់បាន​​​ធ្វើកិច្ចសន្យា​ថ្មី​​អំពី GSP ជាដើម»។

កម្ពុជាបានកំណត់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស។ បទដ្ឋាននិងគតិយុត្តផ្សេង​​ទៀត គឺត្រូវអនុលោមតាមស្មារតីដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់នេះត្រូវបានប្រកាស​​ឱ្យ​​ប្រើ​​​​ប្រាស់​​​ជាផ្លូវការចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​១៩៩៣។

គិតត្រឹមថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ២០២១ រដុ្ឋធម្មនុញ្ញដែ​លជាច្បាប់​​​កំពូលនេះមានអាយុកាល២៨​ឆ្នាំ​​​​មក​ហើយ។ រដ្ឋ​ធម្មនុញ្ញ ត្រូវបានឆ្លងកាត់​ការធ្វើ​​វិសោ​ធនកម្មចំនួន៩លើក គិតត្រឹមដើម​​ឆ្នាំ​​២០​​១​​៨ បូក​​​​រួម​​ទាំងការតាក់តែងជា​​​រដ្ឋ​​ធម្មនុញ្ញបន្ថែមកាលពីខែ​កក្កដា ឆ្នាំ​២០០៤ នោះផង។

បញ្ហានេះ លោក ស៊ឹង សែនករុណា យល់ឃើញថា ការធ្វើវិសោធនកម្មញឹកញាប់ពេកនេះ មិន​​មាន​​​ជាផលល្អប៉ុន្មានទេសម្រាប់ជាតិ។ ម្យ៉ាងវិញទៀត លោកថា វិសោធនកម្មដែលគេតែងសង្កេតឃើញនោះ គឺជាការកែប្រែដែលតម្រូវទៅតាមការចង់បានរបស់អ្នកនយោបាយ ហើយការធ្វើច្បាប់បែបនេះនឹងធ្វើឱ្យខ្លឹមសារនៃច្បាប់នេះលែងមានន័យថែមទៀតផង។

លោកបន្តថា៖ «ខ្ញុំមើលឃើញថា ករណីខ្លះហ្នឹង គឺធ្វើឡើងតម្រូវចិត្តរបស់អ្នកនយោបាយជាជាងធ្វើឡើងសម្រាប់ប្រយោជន៍រួមរបស់ជាតិ។ ហើយវាអាចធ្វើឱ្យបាត់បង់នូវគុណតម្លៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិយើងហ្នឹង​»។

សម្រាប់នាយករង​នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ក៏យល់ស្របដែរថា កា​​ល​​​​​ណា​ច្បាប់មួយកែប្រែញឹកញាប់ពេក វាមិនមែនជាជម្រើសល្អនោះទេ ប៉ុន្តែមិនមែនមាន​​ន័យ​​ថា ការបង្កើត​ច្បាប់មកហើយ មិនអាចកែប្រែបាននោះដែរ។

បើតាមលោក អំ សំអាត មុននឹងធ្វើ​​វិ​​សោ​​​ធ​ន​​​​កម្ម គេត្រូវពិនិត្យឱ្យបានម៉ត់ចត់និងវាស់វែងពីតម្រូវការចាំបាច់​របស់​សាធារណ​ជន មិន​មែន​​​ច្បាប់​​​ធ្វើ​ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនយោបាយឬការចង់បាន​​របស់មេដឹកនាំណាមួយនោះទេ។

លោកបន្តថា៖ «ការពិតទៅ នៅលើពិភពលោក រដ្ឋធម្មនុញ្ញប្រទេសមួយៗ វាតែងមានការធ្វើវិសោធនកម្មដែរ។ ប៉ុន្តែមានឈានចូលដល់ការធ្វើវិសោធនកម្មនេះ ទាល់តែគេសិក្សាឱ្យបានគ្រប់ជ្រុង​ជ្រោយណាស់ ទម្រាំគេធ្វើវិសោធនកម្មមួយៗ។ ដោយឡែក សម្រាប់កម្ពុជាយើងវិញ ធ្វើវិសោធនកម្ម​៨លើក និងរដ្ឋធម្មនុញ្ញបន្ថែម១លើកទៀត វាគឺជារឿងមួយដែលច្រើន» ។

ក្រុម​​មន្រ្តីអង្គការមិនមែនរដ្ឋាភិបាលទាំងនេះក៏​សង្កេតឃើញថា ខ្លឹមសារសំខាន់ៗមួយចំនួនដូចបាន​​​ចែង​​​​​​ក្នុង​​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលមិនត្រឹមតែមិនបានអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ​ទេ ហើយ​បាន​រំលោភ​​បំពាន​​ថែមទៀតផង។

ពួកគាត់​បន្តថា បញ្ញត្តិដែលនិយាយពីសិទ្ធិសេដ្ឋកិច្ច សង្គម និងនយោបាយ ជាពិសេស​​សិទ្ធិនៃ​​ការ​​បញ្ចេញ​​មតិ ត្រូវបានរឹតត្បិត។ ជាងនេះទៀត គេកម្រឃើញមានការដោះស្រាយ​ពី​​រដ្ឋា​​ភិបាលដូច​​ខ្លឹម​​សារ​​​​មួយចំនួន ត្រង់ចំណុច អង្គការរដ្ឋជាអ្នកធានារកទីផ្សារសម្រាប់​​ក​​សិផលនិង​​ដោះ​ស្រាយ​​រាល់​​សំណើពីពលរដ្ឋជាដើម។

លោក អំ សំអាត ថ្លែងបន្ត​ថា បញ្ហា​ទាំង​នេះនៅមិនមើលឃើញ​​មាន​​ភាព​​ប្រ​​សើ​រនៅឡើយទេ។លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិសេរីភាពនិង​​កាតព្វ​​កិច្ច​​​​ទាំងនេះបានធ្លាក់ចុះនិងដើរថយក្រោយទៅវិញ។

លោកបន្តថា៖ «មើលទៅស្មារតីនៃរដ្ឋធម្មនុញ្ញ វាហាក់ដូចជាការរិះគន់ និងការលើកឡើងទាំង​​ឡាយ​​​នេះ វាមិនសមស្របទៅតាមរដ្ឋធម្មនុញ្ញ ជាពិសេសច្បាប់ផ្សេងៗដែលកើតមានឡើងពេលវិបត្តិ​នយោ​​បាយឬការដោះស្រាយនយោបាយ វាហាក់បីដូចជាចេតនានយោបាយ​​ច្រើន​​ជាង​ការគោរព​ទៅ​តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ»។

សម្រាប់ឆ្នាំនេះ គេសង្កេតឃើញទាំងអ្នកនយោបាយនិងស្ថានទូតប្រទេស​មហា​​អំណាច​ផង បានចេញសារព្រមគ្នាសម្រាប់ចូលរួមខួបលើកទី​២៨នៃរដ្ឋធម្មនុញ្ញ​នេះ។

លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់បម្រាមនយោបាយ បាន​​បង្ហោះ​​​សារ​នៅលើហ្វេសប៊ុករបស់លោក ដោយអំពាវនាវ​ឱ្យរួមគ្នា ការពារ គោរព និងអនុវត្តតាម​​ស្មា​​រ​តី​​​​​ដើម ដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាជាមូលដ្ឋាន។

បន្ថែមពីលើនេះ លោក កឹម សុខា ដែលកំពុងជាប់សំណុំរឿង​នៅ​តុលាការផងនោះ ក៏បាន​​បញ្ជាក់​បន្ថែម​ទៀត​ថា រួមគ្នាបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញ ដោយកុំបំពានលើរបបរាជានិយមអា​​​ស្រ័យ​ធម្មនុញ្ញ កុំងាកចេញពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលធានាដោយច្បាប់​​​កំពូលនេះ។ មិនតែប៉ុណ្ណោះ លោកថា ត្រូវរួមគ្នាពង្រឹងស្មារតីឯកភាពជាតិ គោរពសិទ្ធិគ្នាទៅវិញទៅមក លើកកម្ពស់គុណធម៌និងសីលធម៌ ជាពិសេស​ត្រូវជម្រុះចេញនូវ​អំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នា ដែលនាំមកនូវការបែកបាក់និង​មហន្តរាយដល់សង្គមជាតិ។

ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា ក៏បានលើកឡើង​នៅលើទំព័រហ្វេសប៊ុក​​ផ្លូវ​​ការ​​របស់ខ្លួននៅចំទិវារដ្ឋធម្មនុញ្ញនេះដែរ​ថា ថ្ងៃ​នេះ សហរដ្ឋអាមេរិកចូលរួមជាមួយប្រ​​ជា​​ជនកម្ពុជា ក្នុង​ការ​ប្រារព្ធ​​ទិវា​រដ្ឋធម្មនុញ្ញ ដោយ​ស្តារប្រទេសកម្ពុជាឱ្យ​​ទៅជា “កោះសន្តិភាព” ដែលឈរលើមូលដ្ឋាន​នៃលទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស និងធានាដល់សិទ្ធិមនុស្ស និងការ​​គោ​​រ​​ព​​ច្បាប់។

មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការរិះគន់របស់​​មជ្ឈដ្ឋាន​នានា​​ នេះថា ពួកគេកំពុងតែអនុវត្តនូវស្មារតី​នៃសិទ្ធិបញ្ចេញមតិ ដូចមាន​​ចែងនៅក្នុងរដ្ឋធម្មនុញ្ញ​​ដោ​​​យ​​​​មិន​​​​​​​​ដឹង​ខ្លួន។ បើតាមលោក សុខ ឥសាន ទាំងនេះគឺជាការផ្តល់សិទ្ធិយ៉ាង​​ទូលំទូលាយរបស់​​រដ្ឋា​​ភិ​​បា​ល​​ ​​​​ដែល​​​​ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋនៅក្នុងសង្គម។ 

លោក​​បន្តថា វាមិនមែនជារឿងងាយស្រួលឡើយ សូម្បីប្រទេសជឿនលឿននៅ​​ក្នុងពិភព​​លោក រួមទាំងសហរដ្ឋអាមេរិកផង ក្នុងការ​កសាងជំនឿទុកចិត្ត និងច្បាប់ទម្លាប់សម្រាប់​​ប្រទេស​​។ ​​ហេតុដូច្នេះ ការទាមទារឱ្យរដ្ឋាភិបាលសម្រេចបានចំពោះស្មារតីនៃច្បាប់ក្នុងរយៈពេលខ្លីនេះ គឺពិត​ជា​​មិន​មែនជារឿងងាយស្រួលឡើយ។

លោកបន្តថា៖ «ប្រវត្តិសាស្រ្តក្នុងដំណាក់កាលថ្មីនេះ ក្រោយកិច្ចព្រមព្រៀងទីក្រុងបារីសនេះ គេឱ្យយើងអនុវត្តនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស អ៊ីចឹងទេ បើ​សេរីពហុបក្ស បក្សមួយមានគំនិតផ្សេង ហើយបក្សមួយទៀតមានគំនិតផ្សឹង អាហ្នឹងវាជារឿងធម្មតាទេ ដូច្នេះការវាយ​តម្លៃនៃការអនុវត្តរដ្ឋធម្មនុញ្ញ គឺវាមានលក្ខណៈខុសៗគ្នាបែងហ្នឹងហើយ។ អ្នកដែលលម្អៀងទៅមជ្ឈដ្ឋានប្រឆាំង គេនិយាយរបៀបប្រឆាំងទៅ អ្នកដែលលម្អៀងមកគណបក្សកាន់អំណាច គេនិយាយ​ម្ខាង​មក​គណបក្សកាន់អំណាចទៅ»។

បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ បន្ទាប់ពី​​ប្រ​​សូត្រ​​​បានរដ្ឋ​​ធម្មនុញ្ញមួយ រដ្ឋាភិបាលសម្រេចបាននូវផែនការមួយចំនួនធំដូចជា មានសន្តិភាព​​ពេញ​​​លេញ​សម្រាប់ប្រជាជនកម្ពុជា មានការឯកភាពជាតិ និងជាពិសេស​​ក្រោយ​​​បញ្ចប់​​សង្រ្គាម​​ស៊ី​​វិល ឆ្នាំ១៩៩៨ កម្ពុជាមានឱកាស​កសាងនិងអភិវឌ្ឍប្រទេសរហូតមានដូចសព្វថ្ងៃ។

បើទោះជាបែបនេះក្តី សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកថា សន្តិភាពដែលរដ្ឋាភិបាល​​លើក​​​​​ឡើង​នេះថា គ្រាន់តែជាសន្តិភាពខាងក្រៅប៉ុណ្ណោះ។ ពួកគេថា ​សន្តិភាពពិតប្រាកដ ដូចដែលសាធារណជន​ចង់​​បាន គឺការ​បើកទូលាយសិទ្ធិសេរីភាពបញ្ចេញមតិ ធានាសិទ្ធិនយោបាយពីក្រុមប្រឆាំង ផ្តល់ឱកាស​​នៃ​​​​ការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ព្រមទាំងសង្គមស៊ីវិលជាតិនិងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ពួកគេថា អំណាចទាំង៣ រួមមាន នីតិបញ្ញត្តិ ប្រតិបត្តិ និងតុលាការ ត្រូវតែនៅដាច់ដោយ​​ឡែកនិងមានភាពឯករាជ្យពីគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ