លោក ហ៊ុន​ សែន​​ និង​លោក ​កឹម​ សុខា​ រម្លឹក​ខួប​​​និង​អំពាវនាវ​ឱ្យ​​​រួមគ្នា​គោរព​​​រដ្ឋ​ធម្មនុញ្ញ

លោក កឹម សុខា (ឆ្វេង) នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និងលោក ហ៊ុន សែន(ស្ដាំ) ក្នុងថ្ងៃជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ (ឆពណ្ណ បញ្ញា និង ហួត វុទ្ធី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បាន​អបអរខួបនៃការ​ដាក់ឱ្យ​ប្រើប្រាស់​រដ្ឋធម្ម​នុញ្ញ ខណៈ​​ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអំពាវនាវឱ្យ​រួម​គ្នា ការ​ពារ គោរព និងអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាតាមស្មារតីដើម ដែលមានកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងប៉ារីសធ្វើជាមូលដ្ឋាន។

នៅថ្ងៃទី២៤ ខែកញ្ញានេះ ជាខួបទី២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យ​ប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៩៣មក។

នៅក្នុ​ងសារជាសំណេរនៅលើបណ្តាញសង្គម​ហ្វេស​ប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ហើយ​​ច្បាប់និងសេចក្តីសម្រេចទាំងឡាយ​នៃស្ថាប័ននានា​របស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

លោក​បាន​រម្លឹកថា​ ​ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺ​អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋ ជាដើម។

លោក​បានគូសបញ្ជាក់ថា៖ «ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ [UNTAC]។ ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ»។

ចំណែកលោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ ក៏បា​នផ្ញើសារ​​​តាមរយៈ​គណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះដែរ ដោយ​លោក​បាន​អំពាវនាវ​​ឱ្យ​រួម​គ្នាបញ្ឈប់​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ដោយកុំបំពានលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ កុំងាកចេញពីគោលការណ៍​ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងពង្រឹងស្មារតីឯកភាពជាតិ គោរពសិទ្ធិគ្នាទៅវិញទៅមក និងលើកកម្ពស់គុណធម៌និងសីលធម៌ ជាដើម។

លោក កឹម សុខា ដែលកំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការក្រោមការចោទប្រកាន់ពីបទក្បត់ជាតិនោះ ក៏បានយកឱកាសនេះអំពាវនាវឱ្យអ្នកនយោបាយទាំងអស់ជម្រុះ​ចេញ​នូវ​អំពើ​ហិង្សា ការបង្កការឈឺចាប់ និងការជេរប្រមាថគ្នា ដែលនាំមកនូវការបែកបាក់និងមហន្តរាយដល់សង្គមជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ