រដ្ឋា​ភិបាល​ឱ្យ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩​លើ​កម្មករ​ទូទាំង​ប្រទេស​ក្រោយ​ត្រលប់​ពី​បុណ្យ​ភ្ជុំ​វិញ

ក្រុមគ្រូពេទ្យជំនាញធ្វើការយកសំណាកពីកម្មការិនីម្នាក់ដែលធ្វើការនៅរោងចក្រ ឌីន ហាន ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅទីតាំងរោងចក្រផ្ទាល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់រោងចក្រ​សហគ្រាស​ទាំងអស់ត្រូវ​​ធ្វើតេស្ត​រកវីរុស​​កូវីដ-១៩លើ​កម្មករទូ​ទាំង​​​ប្រទេស ក្រោយ​​​ពួកគេ​​​​​ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ហើយ​ត្រលប់​​​ចូល​ធ្វើការងារ​​វិញ។

សេចក្តីណែនាំរបស់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បាន​លើក​ឡើង​​​ថា ការ​តម្រូវឱ្យធ្វើ​តេស្តនេះ ដើម្បី​រក្សាបាន​នូវ​សកម្មភាព​អាជីវកម្ម ផលិត​កម្ម ការផ្តល់សេវាកម្ម និង​ការចូលរួមប្រយុទ្ធប្រឆាំង រួមទាំង​ទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាល​មក​ពី​មេរោគបំប្លែង​ថ្មីប្រភេទ​ ដែលតា (Delta) នៅតាមបណ្ដារោងចក្រសគ្រាស។

ក្រសួងការងារ ក៏បានណែនាំដល់ម្ចាស់រោងចក្រសហគ្រាសឱ្យ​​ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរក​មេរោគ​កូវីដ​-១៩ឱ្យបានគ្រប់ចំនួនសម្រាប់​ធ្វើតេស្តដល់កម្មកររបស់ខ្លួន ហើយ​ថា ការធ្វើតេស្តនេះជាបន្ទុក​របស់ថៅកែ​រោងចក្រ​ទាំង​ស្រុង។

សេចក្ដីណែនាំដដែល​នេះបានរម្លឹកដល់កម្មករទាំងអស់ឱ្យចូលរួមធ្វើតេស្តរហ័សតាមការរៀបចំរបស់ម្ចាស់រោងចក្រ ហើយថា ប្រសិនបើកម្មករណាមិនព្រមចូលរួមធ្វើតេស្តទេ នឹងត្រូវចាត់ទុកថា បានល្មើសច្បាប់​ធ្ងន់​ធ្ងរ​ចំពោះវិធាន​ខាង​វិន័យ​សន្តិសុខនិងអនាម័យ។ ក្រសួងការងារ ក៏ប្រាប់ឱ្យកម្មកររាយការណ៍ទៅក្រសួង​ផងដែរ ប្រសិនបើរោងចក្រសហគ្រាសណា​មិនបានធ្វើតេស្តរហ័សរកមេរោគ​កូវីដ-១៩ជូនកម្មករ។

កម្មការិនីបម្រើការងារនៅរោងចក្រ W&D នៅរាជធានីភ្នំពេញ អ្នកស្រី ជា សុខា សាទរចំពោះវិធានការរបស់រដ្ឋាភិបាល​នេះ។ អ្នកស្រីនិយាយថា ថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំ​​បិណ្ឌនោះ កម្មករ​នឹង​ទៅ​លេង​ស្រុកកំណើត​ អាច​នឹង​មាន​ការ​ជួបគ្នា​ណាមួយ ហើយពួកគេអាចនឹងមានការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើពួកធ្វេសប្រហែសមិនបានការពារ​ខ្លួន។

កម្មការិនីរូបនេះក៏បង្ហាញការព្រួយបារម្ភ​ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ដែរ ហើយថា អ្នកស្រីនិងគ្រួសារបានត្រៀមខ្លួនរួចហើយក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល។

អ្នកស្រីបន្ថែមថា៖ «ការធ្វើបែបនេះ វាជាការល្អមួយដែរ សម្រាប់ការពារសុខភាពរបស់កម្មករនិងគ្រួសាររបស់យើង ពីព្រោះថា ចំពោះកម្មករម្នាក់ៗដែលគាត់ទៅស្រុកហ្នឹង គាត់ទៅ គាត់នៅតែផ្ទះឯណា! អ៊ីចឹងចំពោះបញ្ហាហ្នឹង ប្រសិនបើគេពិនិត្យអ៊ីចឹង វាក៏ជាការល្អដែរ សម្រាប់ការងារកម្មករយើងម្នាក់ៗ»

ប្រធានរដ្ឋបាលរោងចក្រមួយនៅខេត្តបន្ទាយបានជ័យ អ្នកស្រី កែម រ៉េន មានប្រសាសន៍ថា ក្រុមហ៊ុននឹងចូល​រួម​អនុវត្តវិធានការនេះតាមការណែនាំរបស់ក្រសួងការងារ។

អ្នកស្រីថា៖ «ការអនុវត្តវិធានការនេះ ថៅកែមិនមានជាបញ្ហាខាតបង់អីទេនោះ ថៅកែគាត់​រីករាយ​នឹង​សហការ​ជាមួយ​រដ្ឋាភិបាលហើយ»

ដូចគ្នានេះដែរ ប្រធានរដ្ឋបាលរោងចក្រមួយនៅរាជធានីភ្នំពេញ អ្នកស្រី មាស សារ៉េត មានប្រសាសន៍ថា រោងចក្រ​​នឹងអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល។ អ្នកស្រីថា កន្លងមក រោងចក្រនេះ​ក៏​បាន​អនុវត្តការ​ធ្វើតេស្តលើ​កម្មករ​រួចម្តងមកហើយ ដោយមិនមានជាបញ្ហាអ្វីនោះទេ។

អ្នកស្រីថា៖ «ការតម្រូវឱ្យយើងចេញថ្លៃទិញឧបករណ៍នេះ វាមិនជាបញ្ហាអីទេសម្រាប់រោងចក្រយើង។ យើង​អនុវត្តវិធានការនេះ ក្រោយកម្មករគាត់ត្រលប់មកបំពេញការងារវិញ»

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានលើកឡើងថា វិបត្តិ​កូវីដ-១៩ បានធ្វើឱ្យ​ថៅកែចំណាយ​ច្រើនទៅលើការទិញឧបករណ៍ផ្សេងៗ ដូចជា ម៉ាស់ អាល់កុល ឧបករណ៍​តេស្ត និងឧបករណ៍​ផ្សេងទៀត ដែលធ្វើឱ្យថៅកែបានខាតបង់ប្រាក់យ៉ាងច្រើន ខណៈ​ចំណូលពីការបញ្ជាទិញពុំមានការ​​កើនឡើង។ 

លោកបន្ថែមថា៖ «ចំណូលដែលយើងទទួលពីអ្នកបញ្ជាទិញ អត់មានការកើនឡើងទេ! ហើយចំណាយពួកយើង អ្នកណាៗក៏ដឹងថា​មានការកើនឡើងដែរ ពីព្រោះយើងត្រូវអាល់កុល ត្រូវម៉ាស់ ត្រូវឧបករណ៍តេស្ត និងរបស់​របរ​ផ្សេងៗទៀត។ សួរថាចំណាយយើងកើនឡើង ហើយចំណូលអត់កើនឡើង សួរថាយើងបានប្រាក់ចំណេញពីណា»។

ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានគាំទ្រទៅលើវិធានការរបស់រដ្ឋាភិបាលនេះដែរ។ លោកបារម្ភថា កម្មករ-កម្មការិនី អាចនឹងយកឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំ​ទៅជួបជុំបងប្អូន និងទៅលេង​កម្សាន្តកន្លែងផ្សេងៗដែលមានការជួបជុំមនុស្សច្រើន ដែល​មាន​ហានិភ័យខ្ពស់​ពីការឆ្លងរាល​ដាល​ជំងឺកូវីដ-១៩ និងវីរុស​បំប្លែង​ថ្មី​ផងដែរ។

លោ​ក​បានអំពាវនាវដល់កម្មករទាំងអស់​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានល្អនូវវិធានការនានារបស់ក្រសួងសុខាភិបាលឬរដ្ឋាភិបាល ហើយមិនត្រូវយកឱកាសឈប់សម្រាកនោះទៅសប្បាយរីករាយភ្លេចខ្លួន ខណៈ​កម្រិត​ឆ្លងជំងឺនេះនៅកម្ពុជានៅខ្ពស់នៅឡើយនោះទេ។

លោកបន្ថែមថា៖ «ដូច្នេះ ទាំងអស់នេះ វាជាការព្រួយបារម្ភខ្លាំង មិនចំពោះតែក្រសួងការងារទេ សូម្បីតែខ្ញុំជាស​ហជីព ក៏ខ្ញុំគិតថា ស្ថានភាពនេះ នៅពេលដែលក្រសួងនៅរក្សាការឈប់សម្រាកដូចដើម។ យើង​នៅតែមាន​ការព្រួយបារម្ភ នៅពេលដែលមានការសប្បាយរីករាយហើយភ្លេចនូវការការពារ ភ្លេចនូវការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល វាអាចនឹងមានហានិភ័យសម្រាប់បងប្អូនកម្មករនិងក្រុមគ្រួសាររបស់ពួកគាត់ផ្ទាល់។ ហើយម្យ៉ាងទៀតអាចនឹងជួបឧបសគ្គ​ខ្លាំង​ចំពោះសង្វាក់ផលិតកម្មផងដែរ»

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបន្ទាន់មួយ ដោយសម្រេចផ្អាកការរៀប​ចំពិធីបុណ្យកាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែកញ្ញា​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​សង្កេតឃើញ​ថា ការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅ មាន​ការ​ជួប​ជុំនិង​ប្រមូល​ផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដោយ​មិន​មាន​ការ​ធានា​បាន​នូវ​ការអនុវត្តបានត្រឹមត្រូវតាម​វិធានការសុវត្ថិភាពផ្នែកសុខាភិបាល។ ប៉ុន្តែរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករឈប់សម្រាករយៈពេល៣ថ្ងៃ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ