ជប៉ុន​​គ្រោង​នឹង​បញ្ចប់​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដោយ​ជំងឺ​រាតត្បាត​ក្នុង​សប្ដាហ៍​នេះ

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក យ៉ាស៊ូតូស៊ីនី ស៊ីមុរ៉ា (Yasutoshi Nishimura) ថ្លែងសុន្ទរកថាអំពីគោលនយោបាយក្នុងពិធីបើកសម័យប្រជុំពេញអង្គសភាជាន់ទាប នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ (REUTERS/Issei Kato)

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បានថ្លែងថា ប្រទេសជប៉ុននឹងដកការដាក់ប្រទេសក្នុងគ្រាអាសន្ន (State of emergency) ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅគ្រប់តំបន់ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ខណៈចំនួនករណីឆ្លងថ្មីបានធ្លាក់ចុះ។

ផែនការដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សារបស់រដ្ឋាភិបាលនេះ នឹងធ្វើឱ្យប្រទេសជប៉ុនទាំង​មូល​ចាក​ចេញ​ពី​ការដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេលជិត៦ខែ ខណៈដែលនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅរសៀលនេះ ដើម្បីប្រកាសពីការសម្រេចចិត្តនេះ។

ទោះជាយ៉ាងណា លោក Yasutoshi Nishimura បានឱ្យដឹងថា ការកំណត់មួយចំនួនលើភោជនីយដ្ឋាន និងការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ នឹងនៅតែត្រូវអនុវត្តបន្តក្នុងរយៈពេលប្រមាណជា១ខែទៀត ដើម្បីការពារការកើនឡើងនៃករណីឆ្លងថ្មីឡើងវិញ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ​ថា៖ «ករណីឆ្លងថ្មីអាចនឹងកើនឡើងវិញ បន្ទាប់ពីស្ថានភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានដកចេញ។ ដូច្នេះហើយ យើងត្រូវតែបន្តជាមួយនឹងវិធានការចាំបាច់មួយចំនួន ដើម្បីការពារការស្ទុះងើបឡើងវិញនៃករណីឆ្លងថ្មី»។

ដូចទៅនឹងបណ្ដាប្រទេសដទៃទៀតដែរ ប្រទេសជប៉ុនបានរងផលប៉ះពាល់ដែលបង្កដោយការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ដែលបានធ្វើឱ្យតំបន់ភាគច្រើននៅក្នុងប្រទេសស្ថិតនៅក្រោមការរឹតត្បិតយ៉ាងតឹងរ៉ឹង។

យោងតាមរដ្ឋមន្ត្រីសុខាភិបាល ករណីឆ្លងថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេលមួយខែចុងក្រោយនេះ មកនៅត្រឹមតែ១ ១២៨ករណីនៅថ្ងៃចន្ទ បើធៀបទៅនឹងតួលេខឆ្លងប្រចាំថ្ងៃកម្រិតខ្ពស់បំផុតប្រមាណជា២៥ ០០០ករណីកាលពីពេលកន្លងទៅ ខណៈដែលប្រជាជនរបស់ខ្លួនជិត ៦០% ហើយដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ គិតរហូតមកដល់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ