លោក កឹម សុខា៖ បុណ្យក៏មិនភ្លេច ទានក៏មិនភ្លេច កូវីដ-១៩ក៏មិនភ្លេច ជាតិក៏រឹតតែមិនភ្លេចទោះគ្មានសេរីភាពពេញលេញក្ដី

លោក កឹម សុខា នាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅ«វត្តឦសានគិរីសាមគ្គីមានជ័យ» នាឱកាសថ្ងៃបុណ្យកាន់បិណ្ឌទី៧ ក្នុងខេត្តព្រះវិហារ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក កឹម សុខា)

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងនៅជាប់បណ្ដឹងនៅតុលាការនៅឡើយ ​លើកឡើងថា សម្រាប់លោកមិនភ្លេចឡើយបុណ្យទាន ហើយបញ្ហាវិបត្តិកូវីដ-១៩ក៏លោកមិនភ្លេចដែរ ពិសេស​បញ្ហាជាតិ លោករឹតតែមិនអាចបំភ្លេចបានថែមទៀត បើទោះបីជាលោកនៅពុំទាន់មានសេរីភាពពេញលេញយ៉ាងណាក៏ដោយ។

តាមរយៈទំព័រហ្វេសប៊ុក​របស់លោកនៅថ្ងៃអង្គារនេះ លោក កឹម សុខា លើកឡើងថា ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃកាន់បិណ្ឌទី៧ លោកនិងភរិយា ព្រមទាំងសហការី បានធ្វើដំណើរមកដល់ខេត្តព្រះវិហារ។ ក្នុងដំណើរពីរថ្ងៃនេះ ក្រុមការងារលោកក៏បានយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃដែលគង់នៅវត្តមួយចំនួនក្នុងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ។

លោកបន្តថា ក្នុងរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ ជំងឺកូវីដ-១៩នៅតែរីករាលដាលគួរឱ្យព្រួយបារម្ភដែលយើងទាំងអស់គ្នាត្រូវតែអនុវត្តនូវវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺនេះដោយប្រុងប្រយត្ន័។ ដូច្នេះហើយទើបក្រុមការងារលោកមិនអាចចូលទៅក្រាបថ្វាយព្រះបង្គំព្រះពុទ្ធបដិមាករ និងព្រះសង្ឃក្នុងវត្តអារាមផ្ទាល់ ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌនោះទេ។ ក៏ប៉ុន្តែលោកបានយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃនៅត្រឹមតែខ្លោងទ្វារវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងដែលមានជាយូរលង់ណាស់មកហើយ។

ក្រៅពីទានយកទៅប្រគេនព្រះសង្ឃ លោក កឹម សុខា និងក្រុមការងារក៏បាននាំយកជំនួយ​ជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ខ្លះផងដែរ។

សម្រាប់អតីតមេបក្សប្រឆាំងរូបនេះ អះអាងថា​ បុណ្យទានមិនអាចភ្លេចឡើយ ហើយកូវីដ-១៩ក៏មិនអាចភ្លេចដែរ រីឯរឿងជាតិ រឹតតែមិនអាចបំភ្លេចបាន។

ហ្វេសប៊ុកលោក កឹម សុខា សរសេរថា៖ «បុណ្យក៏មិនភ្លេច ទានក៏មិនភ្លេច កូវីដ-១៩ក៏មិនភ្លេច ជាតិក៏រឹតតែមិនភ្លេច ទោះបីមិនមានសិទ្ធិសេរីភាពពេញលេញក្តី។ សូមបងប្អូនជនរួមជាតិកុំភ្លេចចូលរួមអនុវត្តវិធានការសុខាភិបាលទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា»។

អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានទី១រដ្ឋសភាកាលពីអាណត្តិទី៥ រូបនេះ ត្រូវបាន​កម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ខ្លួនទាំងកណ្តាលអធ្រាត្រកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ ប្រមាណ១ឆ្នាំក្រោយមក លោកត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងផ្ទះរបស់លោកនារាជធានីភ្នំពេញវិញ ក្រោមហេតុផលដើម្បីធានាសុខភាពរបស់លោក។

នៅចុងឆ្នាំ២០១៩ តុលាការបានសម្រេចកែប្រែលក្ខខណ្ឌដាក់លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបានផ្តល់សេរីភាពឱ្យលោកច្រើនជាងមុន ប៉ុន្តែសិទ្ធិធ្វើនយោបាយ និងការធ្វើដំណើរចេញទៅក្រៅប្រទេសត្រូវបានហាមឃាត់ទាំងស្រុង។

គិតចាប់តាំងពីថ្ងៃចាប់​ខ្លួនមក​ដល់ចុងខែកញ្ញានេះ​​ លោក កឹម សុខា ត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈ​ពេល៤ឆ្នាំមកហើយ ខណៈសំណុំរឿងរបស់​លោក​​ត្រូវ​បានតុលាការសម្រេចផ្អាកដំណើរការតាំងពីដើមឆ្នាំ២០២០ ​រហូត​មកទល់​បច្ចុប្បន្ន ក្រោមហេតុផលវិបត្តិកូវីដ-១៩។

សហគមន៍ជាតិ-អន្តរជាតិ លោកសេរីមួយចំនួន តែងថ្កោលទោសរដ្ឋាភិបាលជុំវិញការចាប់ឃុំខ្លួនលោក កឹម សុខា ដោយថាជារឿងអយុត្តិធម៌។ លើសពីនេះ ពួកគេតែងជំរុញរដ្ឋាភិបាលឱ្យដោះលែង និងផ្តល់សេរីភាពផ្នែកនយោបាយដល់អតីតមេបក្សប្រឆាំងរូបនេះនិងសកម្មជន​ដទៃទៀតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ