ADB បាន​​អនុ​ម័ត​​ប្រាក់​​កម្ចី​​ចំនួន​​៨២​​លាន​​ដុល្លារ​​ ដើម្បី​​កែ​​លម្អ​​ផ្លូវ​​ក្នុង​​​ខេត្ត​​ចំ​នួន​​​២​នៅ​​កម្ពុជា​

ពលរដ្ឋ​ធ្វើ​ដំណើរតាម​យាន​ជំនិះ​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៣ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២០។ (ឆពណ្ណ បញ្ញា)

ធ​នា​គា​​អភិ​វឌ្ឍន៍​អា​ស៊ី​ (ADB)​ បាន​អនុ​ម័ត​ប្រាក់​កម្ចី​​​​ចំនួន៨២​លាន​ដុល្លា​រ សម្រាប់​កែ​លម្អ​ផ្លូវ​ជាតិ​និង​​ផ្លូវ​ខេត្ត​ប្រ​វែង​​៤៨​គី​ឡូ​ម៉ែត្រ​ក្នុង​ខេត្ត​​ព្រៃ​វែង និងខេត្ត​កណ្ដាល ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​ តាម​ច្រក​របៀង​សេដ្ឋ​កិច្ច​មហា​អនុ​តំ​បន់​ទន្លេ​មេគង្គ​ (GMS)​​។ ​

យោង​តាម​សេចក្ដី​ប្រ​កាសព័ត៌មាន​របស់​ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី​ (ADB) នៅថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០២១​ បាន​ឱ្យ​ដឹង​ថា​ ជំ​នួយ​ថ្មី​នេះ​គឺ​ជា​ដំ​ណាក់​កាល​ទី​២​​នៃ​គម្រោង​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូ​វ​បណ្ដាញ​ផ្លូវ​ថ្នល់​ ដែល​មាន​បំ​ណង​ពង្រឹងការ​តភ្ជាប់​កម្ពុជា​ជា​មួយ​វៀត​ណាម ​និង​គាំ​ទ្រការ​អភិ​វឌ្ឍ​​​សម្រប​សម្រួល​ការ​ឆ្លង​ខេត្ត​ទាំង​ពីរផងដែរ​។

សេចក្តីប្រកាសព័ត៌មានបន្តថា ការ​ធ្វើ​ឱ្យ​​ប្រ​សើរ​ថ្មី​នេះនឹង​ប្រើ​ប្រាស់​រចនា​ដែល​ធន់នឹង​គ្រោះ​មហន្ត​រាយ ធន់នឹង​​អា​កាស​ធាតុ ព្រមទាំង​ជួយ​ឱ្យ​ក្រសួងសាធារណ​ការ ​និង​ដឹក​ជញ្ជូន​ គ្រប់​គ្រង​ផ្លូវ​បាន​ល្អ​ប្រ​សើរ​ ដោយ​កាត់​បន្ថយ​ការ​ផ្ទុក​លើស​ចំ​ណុះ​យានយន្ត​ ដែល​ជា​រឿយៗ​ធ្វើ​ឱ្យ​ខូច​ផ្លូវ​និង​នាំ​ឱ្យ​មាន​ការ​ជួស​ជុលមុន​ពេល​កំ​ណត់។​

អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក​ Mohammad Nazrul Islam មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាន​នោះថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ជា​មធ្យោ​បាយ​ចម្បង​នៃ​ចរាចរណ៍​ទំ​និញ​និង​មនុស្ស​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា និង​រវាង​ប្រ​ទេស​មហា​អនុតំ​បន់់​ទន្លេ​មេគង្គ​។

លោកថា៖ «​គម្រោងនេះ​នឹង​ពង្រីក​លទ្ធ​ភាព​ទទួល​បាន​ការ​អប់​រំ​ សេវា​សុខ​ភាព​ ក៏​ដូច​ជាសេវា​កម្ម​សាធារណៈ​ដទៃ​ទៀត​ ក្នុង​ចំ​ណោម​សហគមន៍​មូល​ដ្ឋាន​ ជា​ពិសេស​ពល​រដ្ឋ​ក្រី​ក្រ​នៅ​តាម​ជន​បទ។ វា​ក៏​នឹងជួយ​​តភ្ជាប់​កាន់​តែ​​ប្រ​សើ​រ​ទៅ​នឹង​ទី​ផ្សារ​ និង​ឱកាស​សេដ្ឋ​កិច្ចតាម​រយៈ​បណ្ដាញ​ផ្លូវ​ថ្នល់​ប្រ​កប​ដោយ​សុវត្ថិ​​ភាព​និង​ធន់​នឹង​អា​កាស​អាតុ ​ដែល​តភ្ជាប់​កម្ពុជា​ជា​មួយ​វៀត​ណាមតាម​ច្រក​របៀង​សេដ្ឋ​កិច្ច​ខាង​ត្បូង​នៃ​​មហា​​អនុ​តំបន់​ទន្លេ​មេគង្គ»

ADB បានលើកឡើងថា សេដ្ឋ​កិច្ច​កម្ពុ​ជា​ចាប់​ពី​ឆ្នាំ​១៩៩៨ដល់ឆ្នាំ២០១៩ ជា​មធ្យម បាន​កើន​ដល់ ​៧,៨% ក្នុង​មួយឆ្នាំ​ ប៉ុន្តែ​​បាន​ធ្លាក់​ចុះ​ ៣,១%​ នៅ​ឆ្នាំ​២០២០ ដោយ​សារ​ជំ​ងឺ​រាត​ត្បាត​កូ​វីដ​-១៩។

ប្រភពដដែលបន្តថា វិស័យ​ដឹក​ជញ្ជូន​របស់​ប្រ​ទេសប្រ​ឈម​នឹង​បញ្ហា​ដូចជា ​ការ​វិ​និយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​មិន​គ្រប់គ្រាន់​ និង​បញ្ហា​និរន្តរភាព​។ ដោយឡែក ផ្លូវ​ជន​បទនិងផ្លូវ​ខេត្ត​ភាគ​ច្រើន​របស់​កម្ពុជាមិន​ទាន់​ឈូស​​ឆាយឱ្យបានស្អាតត្រឹមត្រូវ ហើយ​សមត្ថភាព​ផ្លូវ​ជាតិនៅមាន​កំណត់​ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ