៩ខែ ឆ្នាំ២០២១​៖​ ការ​នាំ​ចេញ​កសិផល​កម្ពុជា​កើន​ឡើង​ ខណៈ​ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

របាយការណ៍ក្រសួងកសិកម្ម ឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ការនាំចេញកសិផល​សរុបកម្ពុជា មានកំណើនចំនួន៨៨,៤៨% ខណៈការនាំចេញអង្ករមានការថយចុះចំនួន១៥,៩៧%។

យោងតាមលទ្ធផលនៃការនាំចេញកសិផលទៅក្រៅប្រទេស ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ការនាំចេញកសិផល​កម្ពុជា​ទៅ​ក្រៅប្រទេសនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧តោន ស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦តោន។

លោកបន្តថា ការនាំចេញនេះមានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣​តោន ទៅកាន់ប្រទេស​ចំនួន៦៨។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកថា ការនាំចេញអង្ករមានការថយចុះចំនួន -១៥,៩៧% ​ហើយ​​ការថយចុះនេះបណ្តាលមកពីកម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទ​ទូកុងតឺន័រ​ដែលមានទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង។

សូមជម្រាបជូនថា កសិផលសំខាន់ៗដែលកម្ពុជានាំចេញទៅក្រៅប្រទេស រួមមាន អង្ករ អង្ករក្រអូប និងកសិផលក្រៅពីស្រូវ-អង្ករ ដែលរួមមាន ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្ដែកបាយ គ្រាប់សណ្ដែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម រួមនឹងផលិតផលចំនួន៧៤មុខផ្សេងទៀត ដែលមានចំនួន១៥២ ៩៤៦,៤៤តោន។

តាមការប៉ាន់ស្មាន តម្លៃនៃការនាំចេញរបស់កម្ពុជានៅក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ មានចំនួន៣ ៤៨៩ ៧៧៦ ៩៩៩,០៥ដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញអង្ករមានចំនួន៣៤៩ ៩១៤ ៦៩៦ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន៤២៨ ៩៥៤ ៧១០ដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន២ ៧១០ ៩០៧ ៥៩៣,០៥ដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ