កាស៊ីណូ​ សេនជូរី​​ ផ្អាក​ការងារ​បុគ្គលិក​ក្រោយ​មាន​អ្នក​ស្លាប់​និង​កើត​ជំងឺ​កូវីដ-១៩

ទីតាំងកាស៊ីណូ ដឹសេនជូរី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។ (សូត សុខប្រាថ្នា)

​បុគ្គលិកអះអាងថា កា​ស៊ីណូដឹសេនជូន​រី ​នៅ​ខេត្ត​ព្រះសីហនុ បានផ្អាកការងារបុគ្គលិកមួយរយៈ ក្រោយ​មាន​បុគ្គលិកម្នាក់ស្លាប់ និងច្រើននាក់ទៀតឆ្លងជំងឺកូវីដ-១៩។

កាលពី​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាល​ខេត្តព្រះសីហនុ​ បាន​ចេញ​សេចក្តី​បញ្ជាក់​មួយ​ដោយលើកឡើងថា បុគ្គលិក​ជាស្ត្រីមា្នក់​ឈ្មោះ​ ហៀន ស្រីនិច​ អាយុ​២៨​ឆ្នាំ​ ដែល​បម្រើ​ការ​ក្នុង​កាស៊ីណូ ដឹសេនជូរី​ បាន​ស្លាប់ដោយសារ​ការពុលអាហារ​ និង​បាត់​បង់​ជាតិ​ទឹក​ច្រើន​ពេក​ ខណៈបុគ្គលិកជាច្រើននាក់ផ្សេងទៀតបានឆ្លង​ជំងឺកូវីដ-១៩។

បុគ្គលិកកាស៊ីណូដឹសេនជូរី​ អ្នកស្រី ហ៊ឹម ហេង ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ក្រោយមានបុគ្គលិកម្នាក់ស្លាប់ ខាង​អាជ្ញាធរបានឱ្យម្ចាស់កាស៊ីណូផ្អាកការងារបុគ្គលិកបណ្ដោះអាសន្ន និងបានដោះស្រាយបញ្ហាផ្សេងៗជូន​បុគ្គលិកផងដែរ។ អ្នកស្រីថា ពេលនេះអាជ្ញាធរបានរៀបចំឱ្យមានគ្រូពេទ្យប្រចាំការ និងមានអាហារហូបចុកគ្រប់គ្រាន់ឡើងវិញហើយ។

អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរបានប្រាប់​ក្រុមហ៊ុនតាំងពីថ្ងៃទី៣០ ខែកញ្ញាម្ល៉េះ ក្រោយបុគ្គលម្នាក់ស្លាប់ ហើយឥលូវមានក្រុមគ្រូពេទ្យប្រចាំការគ្រប់គ្រាន់ដែរ។ ដូចខ្ញុំប្រាន់បងអ៊ីចឹង​ ពីមុន នៅកាស៊ីណូនេះអត់មានគ្រូពេទ្យ​​ប្រចាំ​ការទេ ប៉ុន្តែពេលរឿងហ្នឹង​ផ្សព្វផ្សាយ អាជ្ញាធរបានដោះស្រាយឱ្យអស់ហើយ។ ឥលូវអត់មានបញ្ហាអីទៀតទេ»

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា កាស៊ីណូនេះ​បានផ្អាក​មួយ​រយៈពិតមែន​ ក្រោយរកឃើញបុគ្គលិកច្រើននាក់ឆ្លងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចយកទីតាំងកាស៊ីណូ ដឹសេនជូរី ធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក និងជា​កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រោយ​ពិនិត្យឃើញ​បុគ្គលិកបម្រើការងារនៅកាស៊ីណូនេះឆ្លង​ជំងឺកូវីដ-១៩​ច្រើន​ពេក ប៉ុន្តែក៏បានផ្តល់ជម្រើសដល់អ្នកជំងឺក្នុង​ការជ្រើសរើសកន្លែងព្យាបាលផងដែរ ថាពួកគេចង់ព្យាបាលនៅទីនេះឬទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ខាង​ក្រៅ។

រដ្ឋបាលខេត្តអះអាងថា អ្នកជំងឺសម្រាកព្យាបាលនៅកន្លែងកាស៊ីណូនេះត្រូវបានក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលដោយយកចិត្តទុកដាក់និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ហើយមានការផ្តល់អាហារ៤ពេលពីម្ចាស់កាស៊ីណូផងដែរ ប៉ុន្តែបុគ្គលិកអះអាងថា មុនមានមានអ្នកស្លាប់ ពួកគេជាង៤០០នាក់ ត្រូវ​បានបង្ខាំង​ឱ្យធ្វើការងារទាំងឈឺនៅក្នុងកាស៊ីណូ និងពុំមានគ្រូពេទ្យប្រចាំការគ្រប់គ្រាន់ថែមទៀត។

បុគ្គលិក​ទាំង​នោះ​ថែម​ទាំង​បាន​ចោទ​ថៅកែ​ថា មិន​អនុញ្ញាត​ឱ្យ​បុគ្គ​លិកយក​អាហារ​ឬថ្នាំ​ពេទ្យ​ពី​ខាងក្រៅ​ចូល​​ទៅ​ក្នុង​កាស៊ីណូ​​នោះទេ​ ដោយ​ឱ្យ​បុគ្គ​លិក​ហូប​អាហារ​ដែល​ផ្តល់​ដោយ​កាស៊ីណូ​ ហើយ​ថា ​បុគ្គលិក​ប្រមាណ​៤០០​នាក់​នោះ​បានឆ្លង​ជំងឺកូវីដ-​១៩ស្ទើរទាំងអស់​​ និងធ្លាប់មាន​ករណី​បុគ្គលិក​ដួល​សន្លប់​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ