គ.ជ.ប បន្ថែម​ថ្ងៃពិនិត្យ​និង​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​ជាង​អាណត្តិ​មុនៗ​រហូត​ដល់​៥០​ថ្ងៃ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (ហ្វេសប៊ុក គ.ជ.ប)

​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្រើប្រាស់​ពេលវេលា​នៃ​ការពិនិត្យនិង​ចុះ​​ឈ្មោះបោះឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់​អាណត្តិ​​ទី៥ ដែ​​ល​​​​​​​នឹងប្រ​​ព្រឹត្តទៅពេលខាងមុខ ត្រូវប្រើពេល​​ច្រើន​​ថ្ងៃដែលពុំធ្លាប់មាន បើប្រៀបធៀប​​ទៅនឹង​​ការ​​​បោះ​​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពី​៤​​អាណត្តិកន្លង​ទៅ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់ វីអូឌី​ នៅថ្ងៃទី​៥ ខែ​តុលា​នេះ​ថា សម្រាប់​​ការ​​បោះ​​ឆ្នោតលើកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចប្រើពេលយូររហូតដល់៥​​០​​ថ្ងៃ ក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត។ លោកបន្តថា ការបោះឆ្នោតជ្រើស​​រើស​​​ក្រុម​​​​ប្រឹក្សាឃុំ-សង្កាត់ កាលពី៤អាណត្តិកន្លងទៅនេះ គ.ជ.ប ដាក់ឱ្យអនុវត្តត្រឹមតែ២០ថ្ងៃ​​ប៉ុណ្ណោះ​​។

បើតាមលោក ហង្ស ពុទ្ធា មូលហេតុដែលនាំឱ្យគណៈកម្មាធិការជាតិករៀបចំការបោះឆ្នោត ត្រូវ​​ពង្រីក​​ថ្ងៃពិនិត្យនិងចុះឈ្មោះបោះឆ្នោតបន្ថែមនេះ ដោយសារបញ្ហាវិបត្តិកូវីដ-១៩ ដែលជាមូលហេតុ​​នាំ​ឱ្យ​ពលរដ្ឋ​​មិនមាន​​ពេល​​គ្រប់គ្រាន់ក្នុងការរៀបចំខ្លួន។ មួយវិញទៀត លោកថា ដើម្បីជួយសម្រួលអ្នកដែល​​គ្រប់​​អាយុ​​បោះ​​​ឆ្នោតអាចបានចុះឈ្មោះបោះឆ្នោតដែរ។

លោកបន្តថា៖ «ដោយសារឆ្នាំបោះឆ្នោត ឆ្នាំ២០២២ គឺជាការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អ៊ីចឹង​​ គ.ជ.ប ​អនុវត្តទៅលើគោលការណ៍ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំត្រូវមានឈ្មោះនៅក្នុងបញ្ជី ហើយអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី អាចមានសិទ្ធិទៅបោះឆ្នោតបាន។ ហេតុដូច្នេះ យើងបារម្ភថា ខ្លាចមានអ្នកនៅសេសសល់គ្រប់អាយុ១៨ឆ្នាំហើយ ប៉ុន្តែអត់មានឈ្មោះក្នុងបញ្ជី។ អ៊ីចឹងហើយបានច្បាប់តម្រូវឱ្យ គ.ជ.ប ធ្វើការបន្ថែមពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋលោកមានឱកាសគ្រប់គ្រាន់ក្នុងការ​ចុះឈ្មោះបោះឆ្នោត»។

យោងតាម​ប្រតិទិនដែលចេញដោយគណៈកម្មាធិការ​​ជាតិ​រៀបចំការ​​បោះ​ឆ្នោត កាល​ពីថ្ងៃទី១៩ ខែកក្កដា បង្ហាញថា ការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ​​២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។

លោក ពង្ស ពុទ្ធា បញ្ជាក់​ថា ស្ថាប័ន​ជាតិរៀបចំការបោះឆ្នោតមួយនេះបានចែក​​លិ​​​ខិ​​ត​​អញ្ជើញ​ឱ្យពលរដ្ឋមកពិនិត្យឈ្មោះនៅក្នុងបញ្ជីចុះឈ្មោះដែលបានបិទផ្សាយ​​ជាសា​​ធា​​រ​​ណៈ​​​​គិតត្រឹមថ្ងៃទី​២ ខែ​តុលានេះ មានចំនួនជាង៦លាន៥០ម៉ឺននាក់ ហើយបើគិត​​ជាភាគរយ​​បាន​​ជាង៧៤ភាគរយ​ហើយដែរ។ ទន្ទឹមនឹង​នេះ គ.ជ.ប ក៏បានដាក់ពង្រាយអ្នកសង្កេត​​បានជាង១​​ ០០០​​នាក់ ខណៈដែលភ្នាក់ងារគណបក្សនយោបាយដែលចូលសង្កេតការណ៍​សម្រាប់ដំណើរការ​​ពិ​​និត្យនិង​​ចុះឈ្មោះបោះឆ្នោតនេះ ត្រូវលើកពេលសិន ដោយសារចំរដូវកាលភ្ជុំបិណ្ឌ។ 

កាលពីពេលថ្មីៗ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទើបតែបានបញ្ចប់ការបិទ​​បញ្ជីឈ្មោះ​​បោះ​​ឆ្នោត​ជា​​​​ផ្លូវការរបស់ខ្លួន ស្របពេលការប្រកាសបញ្ជីឈ្មោះជាផ្លូវការឆ្នាំ២០២១ ដែល​​​បម្រើដល់កា​​​រ​​បោះ​​ឆ្នោ​ត​​​ជ្រើ​​ស​​រើសក្រុមឃុំ-សង្កាត់ឆ្នាំ២០២២នេះនឹងបិទបញ្ចប់ ហើយប្រកាស​​​សុពលភាព​​នៅ​​ថ្ងៃ​​ទី១២ ខែ​កុម្ភៈ ឆ្នាំ​​​២០​​២២ ខាងមុខ។

នាយក​​ប្រតិបត្តិ​អង្គការ និចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា បើទោះជា គ.ជ.ប ពង្រីកពេល​​វេលា​​​​វែងជាងមុន តែលោកហាក់មិនមានជំនឿថាអាចនឹងមានផលជាវិជ្ជមាន​ប៉ុន្មាន​​នោះ​​ទេ​​។ អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះបន្ថែមថា មូលហេតុសំខាន់គឺវាទាក់ទិននឹងគណបក្ស​​នយោ​​បាយ​ដែរ ព្រោះ​បើក្នុងករណីគណបក្សនយោបាយដែលពួកគាត់មិនពេញចិត្តហើយ បើទោះជា​​កា​​​​រ​​​​​​អូស​​បន្លាយ​​​​​កាលបរិច្ឆេទយូរថ្ងៃ ក៏ពិបាកនឹងរកអង្គបោះឆ្នោតចូលរួមឱ្យបាន​ច្រើនដូចនៅ​មុន​​ឆ្នាំ​​​២​​០​​​​១៣ណាស់។

បើតាមលោក សំ គន្ធាមី ការបោះឆ្នោតនេះ វាមិនមែនជាកាតព្វកិច្ច​​ដែល​​​ពលរដ្ឋ​ម្នាក់​ៗត្រូវតែដាច់ខាតចូលរួមទៅបោះឆ្នោតនោះឡើយ។

លោកបន្តថា៖ «បើនិយាយពីរយៈពេល វែងហើយ! ប៉ុន្តែបើនិយាយពីប្រសិទ្ធភាព ការប៉ាន់​ស្មានទុក​​ជា​មុនទេ ខ្ញុំថា មិនអាចលើសពីមុនៗទេ​! មិនសូវមានប្រសិទ្ធភាពអី​​ដូចមុនប៉ុន្មានទេ ​​ព្រោះអីប្រជា​​ពល​​រដ្ឋ​​លោកនេះដែរ [ការគិតនិងការសម្រេចចិត្ត] វាផ្អែកលើស្ថានភាពនយោបាយដែរណា។ ពួកគាត់មើលដែរ​​ណា! ដល់អ៊ីចឹងទៅ ​​វាអាស្រ័យលើកត្តារបស់ពួកគាត់ដែរ គាត់ចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍ វាជា​​រឿងរបស់ពួក​​គាត់​​ដែរ។ រឿងគណបក្សសំខាន់ណាស់ ខ្ញុំលើកហើយកាលពីមុន គឺគណបក្សសង្រ្គោះជាតិនៅសកម្មជនគេ គេជួយផ្សព្វផ្សាយប្រជាពលរដ្ឋ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​​ទៅចុះឈ្មោះ គេជួយលើក​​ទឹក​​ចិត្ត និងជំរុញឱ្យទៅចុះឈ្មោះបោះឆ្នោត» ។

បើទោះជាបែបណា គ.ជ.ប ឱ្យដឹងថា សម្រាប់អ្នកដែលចុះឈ្មោះបោះឆ្នោតថ្មីដែលស្ថាប័នជាតិរៀប​​ចំ​​ការបោះឆ្នោតទទួលបាននៅពេលនេះមានជាង១លាន៦០ម៉ឺននាក់

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៤ កាលពីឆ្នាំ២០១៧ មានគណបក្ស​​នយោ​បាយ​ចំនួន១១គណបក្សបានចូលរួមប្រកួតប្រជែង។ ប្រទេសកម្ពុជាបានឆ្លងកាត់ការ​​បោះ​​ឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះចំនួន៤អាណត្តិកន្លងទៅហើយ ដូចជា ការបោះឆ្នោតឆ្នាំ​២០​០​២ ឆ្នាំ២០០៧ ឆ្នាំ២០១២ និងឆ្នាំ២០១៧។ 

អង្គការ ខុមហ្វ្រែល បានចេញការវាយតម្លៃនិងរបាយការណ៍សង្ខេបស្តីពី​ការអង្កេត​ទាំងមុននិង​​ក្នុង​​​​ដំ​ណាក់​​កាល​​បោះឆ្នោត រួមទាំងក្រោយការបោះឆ្នោត បង្ហាញថា ការបោះឆ្នោតកាល​​ពីឆ្នាំ​​២០​​១​​៧ គឺមានភាពអវិជ្ជមានច្រើនជាងវិជ្ជមាន។ ការរកឃើញដែលអង្គការ ខុមហ្រ្វែល ចាត់ទុកថាមា​ន​​​អវិជ្ជមានធ្ងន់ធ្ងរនោះ រួមមាន​​ ច្បាប់បោះឆ្នោតជ្រើសរើស​​ឃុំ-សង្កាត់ មិនបានចែង​​បើក​ទូលាយ​​ដល់​​​​ស​​កម្មភាពឃោសនាបោះឆ្នោត និងការរឹតត្បិតសេរីភាពឬការកំណត់ព្រំដែន​​តូចចង្អៀត​​នៃ​​ការ​​ចូល​​រួមពីអង្គការ សង្គមស៊ីវិលនៅក្នុងរដូវកាលនៃការឃោសនាបោះឆ្នោត។

ក្រៅពីនេះ នៅមានការរឹត​​ត្បិត​​​​សិទ្ធិសេរីភាពនៃការបញ្ចេញមតិ អង្គការមិនមែនរដ្ឋាភិបាល ការ​​បន្ថយ​​​​ការ​​ដង្ហែក្បួនឃោសនា​​បោះ​ឆ្នោតរបស់គណបក្សនយោបាយដែលចូលរួម​ប្រកួតប្រ​​ជែង។ ​​បន្ថែម​​ពីលើនេះទៀត អង្គការ ខុមហ្វ្រែល ថាការទុក​​ចន្លោះ​​​ប្រហោងក្នុងច្បាប់ដែលអនុញ្ញាតឱ្យមន្រ្តីរាជការ កងកម្លាំង​​ប្រដាប់អាវុធ យោធិន និងមន្រ្តី​​តុលា​ការ អាចមានសិទ្ធិក្នុងការចូល​​រួមសកម្មភាព​​ឃោសនាបោះ​​ឆ្នោតជាមួយគណបក្សនយោ​​បាយ​​ក្រៅម៉ោងធ្វើការ ឬអាចដាក់ច្បា​ប់ឈប់សម្រាកមួយ​​រយៈពេល​​នៃការឃោសនាបោះឆ្នោតនិងចូលរួមឃោសនាបោះឆ្នោត ជាពិសេសបានបើកសិទ្ធិឱ្យពួកគេប្រ​​ឆាំង​​នឹងគណបក្សនយោបាយដទៃបានដោយសេរី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ