លោក សម រង្ស៊ី និង​អតីត​មន្ត្រី​បក្ស​ប្រឆាំង​៣​នាក់​ទៀត​រង​ការ​ចោទ​ប្រកាន់​ថ្មី​ពី​បទ​ «រួម​គំនិត​ក្បត់» និង​ «ញុះញង់»

លោក សម រង្ស៊ី កាលពីពេលកន្លង

លោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន៣រូបទៀតបានរងការចោទប្រកាន់ពីតុលាការកម្ពុជា​ចំនួន២ករណីថែម​ទៀតពីបទ “រួមគំនិតក្បត់” និង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” បន្ទាប់ពីលោក សម រង្ស៊ី បានអំពាវនាវដោយបង្កប់ខ្លឹមសារ “រៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា” ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិត។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក ហូរ វ៉ាន់ និងមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀ​ត​​ ពីបទ “រួមគំនិតក្បត់” និង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

កាល​ពី​ថ្ងៃ​ទី៥ ខែតុលា លោក សម រង្ស៊ី បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ភ្ជាប់​នូវ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានលើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានបំណង​រត់​ចោល​ប្រទេសកម្ពុជា។ តាមរយៈសារនេះ លោកបាន​អំពាវនាវ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរនិង​កងកម្លាំង​ប្រដាប់​អាវុធ​​ជំរុញ​ឱ្យ​របបលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដួល​រលំ​កាន់​តែ​ឆាប់កាន់​តែ​ល្អ និង​ថា​ដល់ពេល​​ហើយ​ដែល​ត្រូវ​រៀបចំ​ប្រទេស​កម្ពុជា​ឡើងវិញ ដើម្បី​ឱ្យ​​ប្រជាពលរដ្ឋ​​ខ្មែរបាន​ស្គាល់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ធានា​នូវ​សេរីភាព យុត្តិធម៌ និង​ភាព​រុងរឿង។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា បទចោទប្រកាន់ថ្មីទាំង២នេះធ្វើឡើងដោយផ្អែកលើអង្គហេតុដែលប្រធានស្ដីទីអតីត​គណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេស​ខ្លួននៅបរទេស បានបង្ហោះសារតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ។ ក្នុងលិខិតនោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ទុកថា សារនោះបានបង្កប់ខ្លឹមសារ “រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា” ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិត។

វីអូឌី នៅមិនទាន់អាចទាក់ទងសុំការឆ្លើយតបពីលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរងបណ្ដឹងថ្មីនេះបាននៅឡើយទេ។

អតីតប្រមុខដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បន្ទាប់ពីលោកបានរត់ភៀសខ្លួនទៅប្រទេសបារាំងជាថ្មីនៅឆ្នាំ២០១៥ កំពុងរឹតរួតដោយបណ្ដឹងនៅក្នុងតុលាការជាបន្តបន្ទាប់ រួមមាន បណ្ដឹងបរិហារកេរ្តិ៍ រួមគំនិតក្បត់ ញុះញង់បង្កភាពវឹកវរក្នុងសង្គម និងបទប្រមាថព្រះមហាក្សត្រ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ