ការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នៅ​ខែ​កញ្ញា​កើន ២២,៥% បើ​ធៀប​នឹង​ខែ​សីហា

សមត្ថិកិច្ចអាវុធហត្ថឈរឈាមការពារសន្តិសុខក្នុងពិធីដុតកម្ទេចចោលគ្រឿងញៀនជាង៧តោន ស្ថិតនៅបណ្ដោយផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នៃទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

របាយការណ៍ពីក្រសួងមហាផ្ទៃ ឱ្យដឹងថា សមត្ថកិច្ចជំនាញបាន​បង្ក្រាប​បទល្មើសគ្រឿងញៀន​សរុបចំនួន៥៣៩ករណី នៅក្នុងរយៈពេល​ពេញមួយខែកញ្ញា ឆ្នាំ២០២១ ដែលចំនួននេះ​មានការ​កើន​ឡើង​​ជិត១០០​ករណី ឬស្មើនឹង២២,៥ភាគរយ បើធៀបនឹងខែសីហា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ពីរបាយការណ៍លទ្ធ​ផល​នៃកិច្ច​ប្រតិបត្តិការ​​បង្ក្រាប​គ្រឿងញៀន​ក្នុ​ងខែកញ្ញា លើ​ទំព័រ​ហ្វេស​ប៊ុ​ក​របស់​លោក នៅថ្ងៃម្សិលមិញ​ថា សមត្ថកិច្ចជំនាញ បាន​បង្ក្រាប​ករណីគ្រឿងញៀនបានចំនួន៥៣៩ករណី ដែលចំនួននេះកើនឡើងជាង​ខែ​សីហា ចំនួន៩៩​ករណី។

តែយ៉ាងណា លោក​បន្តថា សម្រាប់​​​គ្រឿងញៀនដែល​រឹបអូសក្នុងបទល្មើស​​​​មានការ​ថយ​ចុះ ដោយ​នៅខែកញ្ញា សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនសរុប​ជាង២៦គីឡូក្រាម ខណៈខែសីហា រឹបអូស​បាន​ជាង​៥៧គីឡូក្រាម ដែលចំនួននេះ​ថយចុះជាង៣១គីឡូក្រាម ស្មើនឹងជាង​៥៤ភាគរយ។

លោក ស​ ខេង បន្តក្នុងហ្វេស​ប៊ុក​របស់​លោកថា ចំពោះ​ប្រភេទគ្រឿងញៀនដែលបង្ក្រាប​​​​បាន រួម​មាន មេតំហ្វេតាមីន​ក្រាមម្សៅ ជាង១៣គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជាង១៣១ក្រាម, អ៊ិចស្តាស៊ីជាង៨គីឡូក្រាម, កេតាមីនជាង១គីឡូក្រាម, Nimetazepam ជាង១គីឡូក្រាម, សារធាតុគីមីផ្សំជាង​៤គីឡូក្រាម និងកញ្ឆាស្ងួតជាង៤គីឡូក្រាម។

ក្រៅពីការរឹបអូសបានគ្រឿងញៀន លោកថា សមត្ថកិច្ច​ជំនាញក៏បាន​ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១ ០៣៩នា​ក់ (​​ស្រី៧៣នាក់) និងជនបរទេស៤១នាក់ ដែលចំនួន​នេះកើនលើស១៧៨​នាក់ ស្មើនឹ​ង២០,៦ភាគរយ បើធៀបនឹងខែសីហាដែលមានចំនួន៨៦១នាក់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់សាធារណជន​ចូលរួមគាំទ្រនិងអនុវត្តពាក្យស្លោក​ជាតិ «៣ការពារ និង ១រាយការណ៍» ដើម្បី​ចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យ​មានប្រសិទ្ធភាព ក្នុងនោះ​មាន​ កុំពាក់ព័ន្ធ (កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំគប់គិត និងកុំប្រើប្រាស់គ្រឿងញៀន) កុំអន្តរាគមន៍ (កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫមិត្តភក្តិក៏ដោយ) និង​កុំលើកលែង (កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ហើយ​​សមត្ថ​កិច្ច​ពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរពនិងអនុវត្តច្បាប់) និង១រាយការណ៍ (ត្រូវរាយការណ៍ ផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ