បទវិភាគ៖ បញ្ហាប្រឈម និងអនាគតយុវជនកម្ពុជា​

ថ្ងៃទី ១២ខែតុលា ឆ្នាំ ២០២១ សមត្ថកិច្ចខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធនានា បានចុះបង្រ្កាប​ទប់ស្កាត់ប្រជាពលរដ្ឋដែលប៉ុនប៉ងលបលួចឆ្លងដែន​ពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេ​ស​ថៃដោយខុសច្បាប់ ស្ថិតនៅ​ចំណុចភូមិអូរដាលើ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

យុវជននៅក្នុងសង្គមមួយត្រូវបាន​រដ្ឋាភិបាលនៃជាតិនោះប្រកាសយកចិត្តទុកដាក់តាមរយៈការបង្កើតជាគោលនយោបាយផ្សេងៗ ត្បិត​រដ្ឋតែងនិយាយថា យុវជនជាសសរទ្រូងរបស់ជាតិ នឹងក្លាយជាធនធានដ៏សំខាន់នៅថ្ងៃអនាគតទៀតផង។

គោលនយោបាយជាតិស្ដីពីផែនការអភិវឌ្ឍន៍យុវជនកម្ពុជា ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១១ បានកំណត់និយមន័យ «យុវជន» ដោយយោងទៅលើបរិបទសង្គម វប្បធម៌ និងនយោបាយកម្ពុជា ថាជាក្រុមមនុស្សបុរសឬស្ត្រីដែលមានសញ្ជាតិខ្មែរ មានអាយុពី១៥ឆ្នាំដល់៣០ឆ្នាំ នៅលីវឬរៀបការរួចហើយ។

ដោយឡែក កាលពីខែសីហា ឆ្នាំ២០១៩ គេហទំព័ររបស់អង្គការយូនីសេហ្វ (UNICEF) បានឱ្យដឹងថា ប្រមាណ ៦០% នៃចំនួនប្រជាជនកម្ពុជាសរុប គឺជាយុវជនដែលមានអាយុក្រោម២៥ឆ្នាំ។​​

អង្គការមួយនេះថាយុវជនទាំងនោះផ្ដល់សក្ដានុពល រួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងសមិទ្ធផលនានា ដើម្បីអាចឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។​

​យ៉ាងណាក៏ដោយចុះ យុវជនជាច្រើននៅកម្ពុជាត្រូវបានក្រុមអ្នកឃ្លាំមើលសង្គមសង្កេតឃើញថា កំពុងប្រឈមបញ្ហាជាច្រើន ដូចជា បញ្ហាគ្រឿងញៀន បញ្ហាគ្រឿងស្រវឹង ដែលឈានដល់ការបំផ្លាញ​អនាគតរបស់ពួកគាត់។​

​យោងតាមការផ្សាយប្រចាំថ្ងៃលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ​ ជុំវិញការឃាត់ខ្លួនជនសង្ស័យ​ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលសុទ្ធសឹងតែជាយុវជន ក្នុងមួយថ្ងៃៗមិនក្រោម១០នាក់ឡើយ ហើយថ្ងៃខ្លះជិត១០០នាក់ក៏មាន។

ដោយឡែក កាលពីថ្ងៃទី១៩ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញរបាយការណ៍អំពីលទ្ធផល​បង្ក្រាបគ្រឿងញៀនក្នុងខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងរយៈពេលពេញមួយខែនោះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន៥៣៩ករណី ធៀបនឹងខែសីហា ឆ្នាំ២០២១ កើនលើស៩៩ករណី ស្មើនឹងជាង២២​ភាគរយ។

លោកថា ការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន១ ០៣៩នាក់ ​ហើយមានស្រី៧៣នាក់ និង​មានជនបរទេស៤១នាក់។ ចំនួនឃាត់ខ្លួនជនសង្ស័យនេះ បើធៀបនឹងខែសីហា ឆ្នាំ២០២១ គឺកើនឡើង១៧៨នាក់ ស្មើនឹងជាង២០ភាគរយ (២០,៦%)​។

ក្រៅពីបញ្ហាគ្រឿងញៀន​ យុវជនកម្ពុជាក៏ត្រូវបានគេមើលឃើញថា ប្រឈមបញ្ហាជាច្រើនទៀត ដូចជា ជំងឺឆ្លង​ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើអបាយមុខ បញ្ហាបោះបង់ចោលការសិក្សាដើម្បីស្វែងរកចំណូលទាំងវ័យក្មេង បញ្ហាខ្វះចំណេះជំនាញ បញ្ហាមិនស្មើភាពចំពោះឱកាសរៀនសូត្រនិងធ្វើការងារ​​រវាងយុវជនអ្នកក្រនិងអ្នកមាន បញ្ហារើសអើងបក្ខពួកនិយម ជាដើម។

សំណួរត្រង់ថា ប្រសិនបើបញ្ហាប្រឈមទាំងនោះមិនត្រូវបានដោះស្រាយ តើអនាគតយុវជនកម្ពុជានឹងទៅជាយ៉ាងណា?

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព ​លោក យង់ គិមអេង លើកឡើងថា បញ្ហាប្រឈមដែលកើតឡើងទៅលើយុវជនទាំងនេះ មិនមែនជាកំហុសរបស់យុវជនទាំងស្រុងនោះទេ ប៉ុន្តែការអូសទាញនិងគំរូអាក្រក់របស់មនុស្សចាស់មួយចំនួន ព្រមទាំងឥទ្ធិពលសង្គមក៏បានរុញច្រានឱ្យពួកគេដើរខុសផ្លូវផងដែរ។

លោក យង់ គិមអេង មានប្រសាសន៍ថា៖ «យើងមួយថ្ងៃៗឃើញតែផ្ទាំងផ្សាយពាណិជ្ជកម្ម [ស្រា] ទៅដល់ទីជនបទដាច់ស្រយាលម៉េចក៏មានដែរ បាទ! ចុះផ្ទាំងអប់រំ អំពីអំពើល្អ អំពីមោទកភាពជាតិ តើផ្ទាំងហ្នឹងគេទៅរកឃើញនៅកន្លែងណាទៅវិញ? នេះជាបញ្ហាដែលធ្វើឱ្យប៉ះពាល់ទៅដល់អនាគតរបស់យុវជន។ បើយើងដាក់បន្ទុកទៅលើយុវជនតែមួយឡែក តែឯកឯង នោះជាការដែលមិនបានទទួលខុសត្រូវក្នុងនាមសង្គម ក្នុងនាមជាអ្នកទទួលខុសត្រូវសម្រាប់យុវជន ក៏ដូចជាសហគមន៍ដែលពលរដ្ឋរស់នៅ​»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី មានប្រសាសន៍ថា បើនិយាយអំពីយុវជន គេក៏ត្រូវនិយាយអំពីឱកាស រួមទាំងសិទ្ធិសេរីភាពរបស់ពួកគេនៅក្នុងប្រទេសនោះដែរ។ លោកបន្តថា ជារឿងគួរឱ្យសោកស្តាយមួយសម្រាប់យុវជនខ្មែរមួយភាគធំដែលបាត់បង់ឱកាសរៀនសូត្រ ហើយឆាប់ប្រឡូកចូលក្នុងសកម្មភាពរកចំណូល ចំណាកស្រុកមកទីក្រុងឬទៅក្រៅប្រទេស ដោយសារជីវភាពគ្រួសារក្រីក្រ ជាដើម។

លោកបន្ថែមថា ដោយឡែក យុវជនដែលមានលទ្ធភាពមួយចំនួនទៀតនៅកម្ពុជាក៏កំពុងផុងខ្លួន​ទៅនឹងអំពើអបាយមុខផ្សេងៗ ដែលអាចទៅដល់ការបំផ្លាញអនាគតរបស់ខ្លួននៅពេលខាងមុខទៀតផង។

លោកមានប្រសាសន៍ថា៖ « ដោយឡែក នៅកម្ពុជា យើងឃើញថា សេវាអប់រំយើងនៅមានកម្រិតទាបមែនទែន ឱកាសសម្រាប់យុវជនបាត់បង់ច្រើន។ អ៊ីចឹងហើយអ្វីដែលរឿងគួរឱ្យបារម្ភហ្នឹងគឺ ក្នុងរយៈពេល១០ឆ្នាំទៅមុខនេះ កម្ពុជាស្ទើរតែមិនមានលទ្ធភាពនៅក្នុងការប្រកួតប្រជែងជំនាញផ្សេងៗនៅក្នុងតំបន់។ អ៊ីចឹងយើងឃើញថា ពលរដ្ឋខ្មែរនឹងក្លាយជាខ្ញុំអាស៊ាន ដែលជាកម្មកររបស់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានឬបណ្ដាប្រទេសផ្សេងៗ។ យើងសង្កេតឃើញជាក់ស្តែងតាំងពីឥលូវហើយ គឺយើងក្រឡេកមើលទៅប្រទេសថៃដែលជាប្រទេសជិតខាងយើងៗឃើញថា មានភាគរយតិចមែនទែនឬស្ទើរតែគ្មាន ដែលពួកគាត់មកធ្វើជាថៅកែនៅប្រទេសថៃ។ ក៏ប៉ុន្តែភាគច្រើនយើងឃើញ ៩៩ភាគរយលើសលុប មកធ្វើជាកម្មករគ្មានជំនាញ»។

​បណ្ឌិត សេង សារី មានប្រសាសន៍ថា នៅពេលធនធានយុវជននៅមានកម្រិតទាប បណ្ដាលឱ្យផលិតភាពទាបសម្រាប់ជាតិផងដែរ។ ឧទាហរណ៍ លោកថា ពលរដ្ឋខ្មែរដែលភាគច្រើនជាយុវជនបានធ្វើចំណាកស្រុកទៅក្រៅប្រទេសប្រមាណ៣លាននាក់ ប្រសិនបើពួកគេមានចំណេះជំនាញតែត្រឹមពាក់កណ្ដាលនៃចំនួនជនចំណាកស្រុក ពួកគាត់អាចមានឱកាសធ្វើជាថៅកែ អាចប្រើប្រាស់ជំនាញនោះដើម្បីទទួលបានប្រាក់ចំណូលច្រើនទ្វេដង ហើយផលិតភាពជាតិក៏ទទួលបានច្រើនទៅតាមនោះដែរ។  

​បណ្ឌិត សេង សារី ថាឱកាសសម្រាប់យុវជន​ក្លាយជាអ្នកដឹកនាំរឹតតែតិចថែមទៀត។

លោកមានប្រសាសន៍ថា៖ «ឱកាសក្នុងការដឹកនាំឬរួមចំណែកក្នុងសង្គម ​ខ្ញុំមើលឃើញថាកាន់តែតិចទៅទៀត។ តិចទី១ គឺសមត្ថភាពរបស់គាត់ [យុវជន] មានទាប ដោយសារគាត់បោះបង់ការអប់រំ បោះបង់ការសិក្សាទៅរកចំណូលតាំងពីគាត់នៅក្មេង។ អ៊ីចឹងនៅពេលគាត់ចង់ប្រឡូកចូលក្នុងកិច្ចការនយោបាយ ឬកិច្ចការងារសង្គម គាត់អត់មានសមត្ថភាពទេ។ ហើយប្រសិនបើគាត់មានឱកាសក្នុងការដឹកនាំ ក៏ស្រុកទេសរៀងពិបាកដែរ ដោយសារការដឹកនាំដោយមនុស្សដែលអសមត្ថភាព គឺមានបញ្ហា​។ ឥលូវនេះ យើងឃើញថា បក្ខពួកនិយមនៅក្នុងប្រទេសកម្ពុជា រួមទាំងមន្ត្រីរដ្ឋាភិបាលផង បានបណ្ដុះបណ្ដាលកូន បើទោះបីជាកូនខ្លួនហ្នឹងមានចំណេះដឹងអីល្មមក៏ដោយ ក៏គេដាក់បញ្ចូលទៅក្នុងស្ថាប័នរដ្ឋ ដើម្បីរៀនដឹកនាំបណ្ដើរៗ រៀនយកបទពិសោធន៍បណ្ដើរៗ។ អ៊ីចឹងការដែលខ្ញុំនិយាយអំពីយុវជននិងឱកាសមិញហ្នឹង គឺឱកាសក្នុងការចូលរួមដឹកនាំជាតិ គឺកាន់តែតូចទៅទៀត។ ឱកាសទទួលបានការសិក្សាហ្នឹងតិចផង ឱកាសក្នុងការចូលរួមចំណែកដឹកនាំហ្នឹងគឺកាន់តែតិចទៅទៀត»។   

កាលពីខែមីនា ឆ្នាំ២០២១ អង្គការ​តម្លាភាព​កម្ពុជា បានចេញ​របាយការណ៍​ស្រាវជ្រាវ​មួ​យមានចំណងជើងថា «ភាពជាអ្នកដឹកនាំរបស់ស្ដ្រី និងយុវជននៅក្នុងប្រទេសកម្ពុជា»។ របាយការណ៍នេះបានបង្ហាញពី​ស្ថានភាព​បច្ចុប្បន្ន ​និង​បញ្ហា​ប្រឈម​របស់​ស្រ្តីនិង​យុវជន ដែលធ្វើឱ្យពួកគេមានចំនួនតិចតួចនៅឡើយដែលបានចូលរួមក្នុងវិស័យសាធារណៈ និងតួនាទីដឹកនាំនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។ ​

របាយការណ៍​ដែលមានកម្រាស់​១៥​ទំព័រ ​​បញ្ជាក់​ថា ស្រ្តី​និង​យុវជន​ជាង​៦០០​នាក់ដែល​បាន​ផ្តល់​បទសម្ភាសន៍ សុទ្ធសឹង​តែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​​ ដែល​បង្អាក់ដល់ការ​ចូល​រួម​ក្នុង​វិស័យ​សាធារណៈ​របស់ពួកគេ។

បើ​​តាម​​របាយការណ៍​​ដដែលលើកឡើងថា ​​ឧបសគ្គ​សម្រាប់​យុវជន ពាក់ព័ន្ធបញ្ហាទំនុក​ចិត្ត​លើ​សមត្ថភាព​យុវជន​ខ្លួនឯង​។ លើសពីនេះ កត្តា​ប្រ​ឈម​ផ្សេង​ទៀត​សម្រាប់​យុវជន​ក្នុង​សង្គម​នោះ ​រួម​មាន​ ការ​រារាំង​ពី​ឪពុក​ម្តាយ​ ដោយ​ខ្លាច​កូន​ពួកគេ​មាន​បញ្ហា​ពេល​ចូល​រួម​កិច្ចការ​សង្គម​ឬ​នយោបាយ។ ការ​រើស​អើង​អាយុ ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ បញ្ហា​បក្ខ​ពួក​និយម កង្វះ​ជំនាញ​ទន់ និង​បញ្ហាសិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ជាដើម។

សម្រាប់លោក យង់ គិមអេង ថាបញ្ហាបក្ខពួកនិយមក៏បានជះឥទ្ធិពលអាក្រក់ដល់សង្គម និងបណ្ដាលឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់យុវជនផ្សេងទៀត ពិសេសយុវជនក្រីក្រ​។ ប៉ុន្តែលោកលើកទឹកចិត្តឱ្យយុវជនត្រូវមានសង្ឃឹម ពង្រឹងសមត្ថភាព ចំណេះដឹង ឬជំនាញផ្សេងៗ ដើម្បីក្លាយខ្លួនជាកម្លាំងស្នូលក្នុងការដោះស្រាយបញ្ហា​និងកែប្រែសង្គមជាតិផងដែរ។  

លោកមានប្រសាសន៍ថា៖ «ទីមួយហ្នឹង យុវជនត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ។ ទីពីរទៀត​ យុវជនមិនត្រូវប្រឡូកក្នុងអំពើអបាយមុខផ្សេងៗ ដូចជា ល្បែងស៊ីសង ស្រា គ្រឿងញៀនអីជាដើម បាទ! ទីបី យុវជនហ្នឹងត្រូវតែធ្វើយ៉ាងម៉េចឱ្យខ្លួនហ្នឹងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ឱ្យមានការគោរព និងការយកចិត្តទុកដាក់ពីសង្គម។»

សម្រាប់បណ្ឌិត សេង សារី ផ្ដល់អនុសាសន៍ថា យុវជនដើម្បីក្លាយជាសសរទ្រូងជាតិ​នៅថ្ងៃអនាគត​ពួកគេគួរតែក្លាយជាយុវជនសកម្ម ក្លាយ​ជាកម្លាំងនៃការផ្លាស់ប្តូ​រខ្លួនឯងនិងសង្គម។ លើសពីនេះ ត្រូវពង្រឹងចំណេះដឹងនិងជំនាញរបស់ខ្លួន​ ហើយរដ្ឋក៏ត្រូវគិតអំពីលទ្ធភាពបង្កើតឱកាសដល់ពួកគេដើម្បីបានរៀនសូត្រនិងពង្រឹង​ជំនាញ​បន្ថែម​។ ​

លោកបន្តថា៖ «យុវជនយើងកុំសម្លឹងតែការងារនៅក្នុងប្រទេស ពិភពលោកបើកទូលាយ តំបន់គេមានការបើកទូលាយ យើងអាចមកធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែយើងធ្វើហ្នឹងត្រូវ Upgrade ពីកម្មករអត់ជំនាញទៅជាកម្មករមានជំនាញ ជា Professional ។ ពេលនោះហើយដែលយើងមានលទ្ធភាព មានសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងកម្រិតតំបន់។ ប្រសិនបើយើងបន្តនៅក្នុងស្ថានភាពបែបនេះទៀត​ទេ អនាគតខ្មែរនៅតែជាខ្ញុំរបស់អាស៊ាន កូនខ្មែរនៅតែកម្មករគ្មានជំនាញនៅក្នុងតំបន់។ អ៊ីចឹងហើយផលិតភាពជាតិតូច ដែលជារួម កម្ពុជាពិបាកក្នុងការប្រកួតប្រជែងនៅក្នុងតំបន់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ