MRC៖ ធនធាន​ធម្មជាតិ​និង​ជីវចម្រុះ​នៅ​អាង​ទន្លេ​មេគង្គ​កំពុង​រង​ការ​គំរាម​កំហែង

អ្នកការពារ​ព្រៃ​តំបន់​«រ៉ាម​សារ» ក្នុង​ខេត្ត​ស្ទឹងត្រែង​ម្នាក់ បើកទូក​កាត់​ព្រៃលិចទឹក​ទន្លេមេគង្គ នា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (Enric Català​)

គណៈ​កម្មការ​ទន្លេ​មេ​គង្គ (Mekong River Commission MRC)​ អះអាងថា ធនធានធម្មជាតិនិងជីវចម្រុះនៅក្នុងអាងទន្លេមេគង្គ កំពុងរងការគំរាមកំហែង​ដោយសារការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របពេលដែលបម្រែបម្រួលនៃប្រព័ន្ធ​អេកូឡូស៊ីក្នុងអាងនេះកំពុងជះឥទ្ធិពលលើស្ថានភាពសង្គម។

ផ្អែកតាមរបាយ​ការណ៍​ចំ​នួន​២ ​​ចេញ​ផ្សាយ​ដោយ​គណៈ​កម្មការ​ទន្លេ​មេ​គង្គ (MRC)​ នៅថ្ងៃអង្គារ បានកត់សម្គាល់ថា ការនេសាទនៅតែជាមុខរបរចិញ្ចឹមជីវិតដ៏សំខាន់នៅក្នុងប្រទេស​កម្ពុជា ឡាវ ថៃ និងវៀតណាម។ ក៏ប៉ុន្តែការនេសាទហួស​កម្រិត និងការខូចខាតទីជម្រក​បណ្ដាលមកពីកំណើនប្រជាជនយ៉ាងសន្ធឹកសន្ធាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើជលផលនៅក្នុងអាងទន្លេមេគង្គក្រោមនេះ។

នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងកាលពីឆ្នាំ២០១៨ ក្នុងចំណោម​ក្រុមគ្រួសារចំនួន២ ៨០០ មានគ្រួសារ៣៥% បានលើកឡើងថា ប្រាក់ចំណូលរបស់ពួកគេមានកម្រិតទាបជាងមុន, ៣២% ថាស្ថានភាពចំណូលនៅតែដដែល និងមានតែ ២៦% ប៉ុណ្ណោះដែលថាប្រាក់ចំណូលបានកើនឡើងបន្តិចបន្តួច ខណៈ ៦%ទៀត​បញ្ជាក់ថា វាបានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០១៣។ ក៏ប៉ុន្តែការផ្លាស់ប្តូរអវិជ្ជមានក្នុងធនធានទឹក រួមមាន កសិកម្ម វារីវប្បកម្ម មច្ឆា សត្វ និងរុក្ខជាតិក្នុងទឹកផ្សេងទៀត កំពុងជះឥទ្ធិពលលើប្រាក់ចំណូលរបស់ពួកគេ ដោយ ២២% នៃក្រុមគ្រួសារដែលបានស្ទង់មតិនោះបានបញ្ជាក់ថា ពួកគេរងផលប៉ះពាល់ពីបញ្ហានេះ។

លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិ​ការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេ​គង្គ (MRC) ​​មានប្រសាសន៍ថា របាយការណ៍ទាំង២នេះបានផ្ដល់អនុសាសន៍ឱ្យមានការគាំពារដល់ការស្តុកបរិមាណត្រី ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជនរាប់លាននាក់ដែលកំពុងរស់នៅតាមអាងទន្លេមេគង្គក្រោម និងរក្សាការពារការធ្លាក់ចុះបន្ថែមទៀតនៃប្រាក់ចំណូលរបស់ក្រុមគ្រួសារ។

លោកបានបន្ថែម​ថា៖ «ការ​សិក្សាស្រាវជ្រាវទាំងនេះរំលេចបន្ថែមពីសារៈសំខាន់នៃការអភិវឌ្ឍ​ប្រកប​ដោយទំនួលខុសត្រូវ ផលប្រយោជន៍ថ្នាក់ជាតិនិងតំបន់ដែលមានតុល្យភាព និង​កិច្ចសហប្រតិបត្តិការតំបន់កាន់តែរឹងមាំបន្ថែមទៀត ដើម្បីរក្សាការពារធនធានទឹកនិងធន​ធានពាក់ព័ន្ធនៃទន្លេមេគង្គ»

នាយកប្រតិបត្តិអង្គការទន្លេបី លោក លាង ប៊ុនលាភ មានប្រសាសន៍ថា សកម្មភាពមនុស្សឬគ្រោះធម្មជាតិបានធ្វើឱ្យមានការប្រែប្រួល ប៉ុន្តែលោកបារម្ភជាងគេនោះគឺទំនប់វារីអគ្គិសនី ពីព្រោះប្រសិនបើមានទំនប់វារីអគ្គិសនីត្រូវបើកទឹកចេញ វានឹងធ្វើឱ្យប៉ះពាល់ដល់មនុស្ស សត្វ និងបរិស្ថានខ្លាំង។

លោកថា៖ «សកម្មភាពមនុស្ស វាធ្វើឱ្យមានការប្រែប្រួលកើតមាន ក៏ប៉ុន្តែអ្វីដែលសំខាន់ដែលខ្ញុំបារម្ភនោះត្រង់ថា រឿងទំនប់វារីអគ្គិសនី គឺជារឿងមួយសំខាន់ដែលរួមគ្នាពិចារណា។ ប្រសិន​បើ​គ្រោះ​ធម្មជាតិ ទឹកភ្លៀងទឹកអី មកបណ្ដាលឱ្យទឹកទន្លេហូរ គឺហូរតាមធម្មជាតិ វាអត់មានហូរក្នុងមួយថ្ងៃក្នុងកម្ពស់មួយម៉ែត្រ។ ប៉ុន្តែប្រសិនបើមានទំនប់វារីអគ្គិសនី ហើយពេលដែលទឹកភ្លៀង​មកធម្មតា ទំនប់ត្រូវបើកទឹកចេញ ហើយការពារទឹកវាឡើងបាក់ទំនប់ ដែលយើងគិតថា វាជារឿងមួយសំខាន់»

របាយការណ៍ដែលមានកម្រាស់១៣៨ទំព័រនេះ គឺជាការសិក្សាស្រាវជ្រាវកម្រិតធំដំបូងបង្អស់ដែលផ្ដោតទាំងលើការផ្លាស់ប្ដូរបែបទីកន្លែង (Spatial) និងពេលវេលា (Temporal) នៃភាពសម្បូរបែប និងភាពចម្រុះនៃមច្ឆា ក្នុងអាងទន្លេមេគង្គក្រោម ដោយប្រើប្រាស់នូវទិន្នន័យតាមដានការនេសាទរយៈពេលវែងរបស់គណៈកម្មការទន្លេមេគង្គ។

ការសិក្សានេះបានបង្ហាញថា ការរំខានពិតជាមានលើសហគមន៍នេសាទស្ទើរតែគ្រប់តំបន់នៃអាងទន្លេមេគង្គក្រោម។ ក៏ប៉ុន្តែថា ការសិក្សានេះក៏បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសសមាជិកទាំង៤ ពង្រឹងបទប្បញ្ញត្តិថ្នាក់ជាតិ និងអនុវត្តរួមគ្នានូវយុទ្ធសាស្ត្រគ្រប់គ្រងនិងអភិវឌ្ឍន៍ជលផលសម្រាប់អាងទន្លេមេគង្គទាំងមូលដែលបានអនុម័ត ដើម្បីស្ដារឡើងវិញនូវសហគមន៍នេសាទដែលរងសម្ពាធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ