ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ចោទ​អាជ្ញាធរ​គប់គិត​គ្នា​លក់​ដី​រដ្ឋ​និង​ព្រៃ​សហគមន៍​ឱ្យ​អ្នក​មាន​អំណាច

អាជ្ញាធរដាក់របាំងលើទ្រូវផ្លូវក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី)

ក្រុមជនជាតិដើមភាគតិចពូនង​ នៅឃុំដាក់ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ចោទអាជ្ញាធរមូលដ្ឋានថាបាន​គប់​គិត​គ្នា​លក់​ដី​រដ្ឋនិងព្រៃសហគមន៍ឱ្យទៅ​មន្ត្រីផ្កាយពីរមួយរូប។

ប្រធានសហគមន៍ភូមិពូត្រែង ឃុំដាក់ដាំ លោក ព្យាន ច្រេន ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា  «ព្រៃសហគមន៍ច្យារ៉ាតាប់» មានទំហំ២ ០០០ហិកតា ដែលប្រជាពលរដ្ឋ​នៅភូមិពូត្រែងកំពុងអាស្រ័យផល ត្រូវបានលក់ជាបន្តបន្ទាប់អស់ជាង១០០ហិកតាហើយ។ លោកបន្តថា ដីព្រៃសហគមន៍​នោះត្រូវបានអាជ្ញាធរឃុំគប់គិតជាមួយប្រជាពលរដ្ឋមួយចំនួនលក់ទៅឱ្យអ្នកមានអំណាចចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន។

លោក​បន្តថា កន្លងមក រូបគាត់និង​ពលរដ្ឋផ្សេងទៀតបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្តនិងតុលាការ​ឱ្យជួយស្រាវជ្រាវ ឬចាត់វិធានការច្បាប់ចំពោះអាជ្ញាធរ រួមទាំង​អ្នក​ដែលបានលក់ដីនេះដែរ ប៉ុន្តែដល់ពេលបច្ចុប្បន្នមិនមានអាជ្ញាធរពាក់ព័ន្ធចុះមកដោះស្រាយឡើយ។

លោកថា៖ «ដោយសារអាជ្ញាធរហ្នឹង បើសិនជាគាត់​ប្រាប់ថាកុំលក់ កុំ​ប៉ះពាល់ដីរដ្ឋ ក៏​ល្អដែរ​! បើគាត់មិនមាត់ផង ឱ្យតែឃើញប្រជាពលរដ្ឋ​ចង់​លក់​ ថាគេចេះតែបញ្ចុះ​បញ្ចូល​ ខ្ញុំឆ្ងល់ត្រង់ហ្នឹងដែរ​។ ប្រជាពលរដ្ឋមួយចំនួនគេព្រួយបារម្ភ​ បើសិនជាបាត់ដីហ្នឹង បានអីកន្លែងមុខរបរ ​​រកស៊ីបោច​វល្លិ រក​ផ្ដៅ និងមើមរំដេងអីហ្នឹង គេបារម្ភអ៊ីចឹង! បារម្ភពួកគាត់​លក់​ប៉ាត់ណាប៉ាតណី អត់ដឹងដីព្រៃ អត់ដឹងដីសហគមន៍»។

ក្រៅពីដីព្រៃសហគមន៍​ច្យារ៉ាតាប់ លោក ច្រេន ថាដីចម្ការស្រល់នៅភូមិឆប ឃុំដាក់ដាំ ក៏កំពុងរងការរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់មន្ត្រីពាក់ផ្កាយពីរម្នាក់ដែរ។

ជនជាតិដើមភាគតិចម្នាក់ទៀតរស់នៅភូមិពូឆប លោក ឈឿន ប៊ុនធឿន បានលើកឡើងថា ដីដែលលោក អ៊ុំ ណាគ្រី ដែលពលរដ្ឋអះអាងថាជាមន្ត្រីផ្កាយពីរ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បាន​យកគ្រឿងចក្រទៅឈូស​ឆាយ​នោះ ជាដីចម្ការ​ដែលរដ្ឋាភិបាលផ្ដល់សម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនចិន​ដាំស្រល់ រយៈពេល៥០ឆ្នាំ។

លោក​បន្តថា ថ្វីត្បិតក្រុមហ៊ុនចិនទទួលបានសិទ្ធិដាំនិងប្រមូលផលស្រល់នៅលើដីនោះក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនមិនដែលយកគ្រឿងចក្រទៅឈូសឆាយដីចម្ការស្រល់ និងដីចម្ការជុំវិញនោះឡើយ ទើបតែថ្មីៗនេះ លោក អ៊ុំ ណាគ្រី បាន​យកគ្រឿងចក្រឈូសឆាយ​ដើម្បីយកជាកម្មសិទ្ធិ ខណៈពលរដ្ឋចំនួន១០២គ្រួសារមិនបានលក់ដូរនោះឡើយ។

លោក ឈឿន ប៊ុនធឿន បន្តថា នៅពេលពួកគាត់ទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តឱ្យជួយដោះស្រាយ បែរអាជ្ញាធរមិនអើពើទៅវិញ។

លោកថា៖ «សូមឱ្យលោកអភិបាលដាក់កម្លាំងចុះទៅជួយឃាត់គាត់សិន កុំឱ្យមកឈូសឆាយ ​ឱ្យមានហេតុផលសិន។ ​យើងរកហេតុផលសិន ​គាត់បែរជានិយាយថា ឈូសទៅខ្លាចអីគេប្ដឹង! គាត់មិនខ្លាចប្រជាពលរដ្ឋ​​ប្ដឹង គាត់បារម្ភខ្លាចអត់លុយ ខ្ញុំហ៊ាននិយាយអ៊ីចឹង! ហើយដឹង​គាត់និយាយម៉េចទេមកកាន់ខ្ញុំ? គាត់ថា លោកឯង​ឡើងមកសម្របសម្រួល​មក ហើយក្នុងតម្លៃណាៗ!​ ខ្ញុំថា ខ្ញុំមិនអាចធ្វើអ៊ីចឹងបានទេ»។

មេឃុំដាក់ដាំ លោក ចាស់ ណា បានបដិសេធ ដោយថា មិនមានការលក់ដីរដ្ឋនិងដីព្រៃសហគមន៍នោះទេ ខណៈដីចម្ការស្រល់នៅភូមិពូឆប អាជ្ញាធរមូលដ្ឋានក៏មិនបានលក់នោះដែរ។

លោកថា៖ «ភូមិពូឆប មិនមានការលក់ដែរ គ្រាន់តែសភាពការណ៍នេះ ឃើញតែក្រុមហ៊ុន ងួនស្រស់ គាត់ឈូសឆាយ​ព្រំប្រទល់ដី»។

ចំណែកអភិបាលស្រុកអូររាំង លោក សៀក មុន្នី ចាត់ទុកការលើកឡើងរបស់ជនជាតិដើមភាគតិចថាជាសិទ្ធិបញ្ចេញមតិ ដោយថា ករណី​នេះ អាជ្ញាធរកំពុង​ដោះស្រាយ។

លោកថា៖ «យើងកំពុងពិនិត្យបញ្ហាជាមួយក្រុមហ៊ុននិង​​សហគមន៍ ​ហើយយើងនឹងបន្តចុះ​បញ្ជី​ដីសហគមន៍ ដោះស្រាយជាមួយប្រជាពលរដ្ឋនិងរដ្ឋ។ ពេលមានបញ្ហា យើងដោះស្រាយ ដូចជាករណីដែលបានសួរខ្ញុំហ្នឹង។ ចំពោះអ្នកថា ចេះតែថាហើយ មិនដឹងធ្វើម៉េច»។

វីអូឌី នៅពុំទាន់រកប្រភពទាក់ទងមន្ត្រីយោធាផ្កាយពីរ ​លោក អ៊ុំ ណាគ្រី  នោះបានទេ នៅថ្ងៃអង្គារនេះ។

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា ចាត់ទុកការលើកឡើងរបស់អាជ្ញាធរថា មិនបានឆ្លុះបញ្ចាំងពីការពិតឡើយ។ លោកបន្តថា បច្ចុប្បន្ន ការលក់ដីរបស់រដ្ឋនិងព្រៃសហគមន៍ទៅឱ្យអ្នកមានអំណាចក្នុងខេត្តមណ្ឌលគិរីកំពុងកើត​ឡើង ប៉ុន្តែអាជ្ញាធរហាក់មិនអើពើដោះស្រាយជូនប្រជាពលរដ្ឋទេ។

លោកថា៖ «អ៊ីចឹងមនុស្សខ្វះការទទួលខុសត្រូវ មិនទទួលការពិត គួរតែប្ដូរអាជ្ញាធរហ្នឹងចោលទៅ។​ បើនិយាយពីការទិញលក់ដីមិនចេះខ្វះ ទី១! ​ហើយទី២ បើមិនជឿ ទៅបើកបញ្ជីមើល៍!​ ថាគាត់ចុះហត្ថលេខាឱ្យឈ្មួញ​ប៉ុន្មាន​ ឱ្យប្រជាពលរដ្ឋប៉ុន្មាន! អ៊ីចឹងខ្ញុំគិតថា អាជ្ញាធរមូលដ្ឋានគួរតែទទួលខុសត្រូវខ្ពស់ដែរ​ កុំចេះតែបដិសេធពេលគេជាន់កែងខ្មាសគេ»។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលខេត្តមណ្ឌលគិរីថ្មី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលស្គាល់ថា ពិតជាមាន​ការប្រើអំណាចរំលោភយកដីរបស់​ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋ នៅខេត្តភាគឦសាន្តមួយនេះប្រាកដមែន។ ពេលនោះ លោកបានបង្ហាញការសោក​ស្ដាយចំពោះមន្ដ្រីមួយចំនួនដែល​​បានប្រើអំណាចរបស់ខ្លួន ទៅរំលោភយកដីធ្លីប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់រដ្ឋ នៅខេត្តមណ្ឌលគិរី មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនថែមទៀតផង។ លោកចាត់ទុកការរំលោភយកដីធ្លីប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនោះ ដោយសារតែភាពលោភលន់របស់មន្ត្រីទាំងនោះតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ