សហគមន៍​នេសាទ​បារម្ភ​ពី​វាសនា​សត្វផ្សោត​ថា​អាច​ឈាន​ទៅ​ផុត​ពូជ បន្ទាប់​ពី​មាន​ការ​បាត់បង់​ជា​បន្តបន្ទាប់

សត្វ​ផ្សោត​ពីរ​ក្បាល​ប្រលែង​គ្នា​នៅ​តំបន់​ទេសចរណ៍​តាម​បណ្ដោយ​ទន្លេមេគង្គ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ WWF​-Cambodia​)

ប្រជាសហគមន៍នេសាទ និងនិស្សិតបរិស្ថានមួយចំនួន បានសម្ដែងក្ដីបារម្ភជុំវិញវាសនាសត្វផ្សោតទឹកសាបនៅកម្ពុជា ដែលកំពុងឈានទៅរកការផុតពូជដោយសារកត្តាគំរាមកំហែងជាច្រើន ដែលធ្វើឱ្យចំនួនសត្វផ្សោត​មានការធ្លាក់ចុះជាបន្តបន្ទាប់។

ក្ដីបារម្ភនេះធ្វើឡើង​ ក្រោយអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) និង​រដ្ឋបាលជលផលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយ​កាល​ពីថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ ដោយបង្ហាញពីមូលហេតុមួយចំនួនដែល​គំរាម​កំហែង​ដល់​ចំនួ​នសត្វផ្សោត​​​ទន្លេ​មេគង្គ​​​ រស់​នៅ​អន្លង់​ឈើ​ទាល​នៃ​អន្តរ​ព្រំដែន​រវាង​កម្ពុជានិង​ឡាវ មានការធ្លាក់ចុះជាបន្តបន្ទាប់​។ មូលហេតុទាំងនោះមាន​ដូចជា បញ្ហា​​ងាប់ដោយសារ​​ជាប់មង​​ប្រជានេសាទ ការនេសាទលើសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការសាងសង់ទំនប់វារីអគ្គិសនី ការរាំងស្ទះរំហូរទឹកជា​ធម្មជាតិ ជាដើម។

ប្រធាន​បណ្ដាញសហគមន៍នេសាទ​ ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង លោក​ គង់​ ចាន់​ធី​ លើក​ឡើង​ថា ​មូលហេតុ​ដែល​ធ្វើឱ្យ​ផ្សោតថយចុះ​ ដោយសារ​​ចរន្តទឹកទន្លេមេគង្គមិន​ទៀងទាត់​ ទឹក​​រាក់​ និង​ការ​សាងសង់ទំនប់វារីអគ្គិសនីផ្នែកខាងលើ។ លោក​បន្ថែម​ថា​ នៅពេល​ផ្សោតបាត់​បង់ ធ្វើឱ្យ​ប៉ះពាល់ដល់​ប្រាក់​ចំណូល​របស់ប្រជាសហគមន៍​​ដែលធ្លាប់ទទួលបានពី​ភ្ញៀវទេសចរ​មកលេងកម្សាន្ត។

ប្រធានសហគមន៍រូបនេះយល់ថា នៅថ្ងៃអនាគត ចំនួនសត្វផ្សោតនៅតំបន់អន្លង់ឈើទាល អាចនឹងបាត់បង់ទាំងស្រុងថែមទៀតផង។

លោក​លើក​ឡើង​ថា​៖ «នៅពេល​ដែល​បាត់​បង់​ផ្សោត​ ធ្វើឱ្យ​យើង​បាត់​បង់​ប្រាក់​ចំណូលមួយ​ចំនួន​ធំដែរ​ នៅ​តំបន់​ជុំ​វិញ​ហ្នឹង​ ដែលបាត់​បង់​ប្រាក់​ចំណូល​ពី​ភ្ញៀវ​។ កាលមុន ​ផ្សោត​ច្រើន​ ភ្ញៀវ​ទេសចរក៏​ច្រើន»​។

សេចក្ដីប្រកាសព័ត៌មានរួមដដែលបានឱ្យដឹងថា សត្វ​ផ្សោត​ទន្លេ​មេគង្គ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រចាត់​ចូល​ក្នុង​បញ្ជី​ក្រហម ​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ របស់អង្គការ​សហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN)​ ក្នុង​នោះ​ ​ទន្លេ​មេគង្គ​ជា​ជម្រក​ដ៏​សំខាន់​របស់​សត្វ​ផ្សោត​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជា​បន្ត​បន្ទាប់។ ​

ប្រភពដដែលបន្ថែមថា លទ្ធផល​ជំរឿន​សត្វ​ផ្សោត​ក្នុង​ឆ្នាំ​២០២០ ដោយ​មិន​រាប់​បញ្ចូល​ចំនួន​កូន​ផ្សោត​ដែល​បាន​​កត់ត្រា​ថ្មីៗ ​​ប៉ាន់​ប្រមាណ​ថា ​សត្វ​ផ្សោត​មានត្រឹ​មតែ​៨៩​ក្បាល​ប៉ុណ្ណោះ។

ដោយឡែក ក្រុម​សត្វផ្សោត​ដែល​រស់​នៅក្នុងតំបន់​អន្លង់​ឈើ​ទាល ក្នុងខេត្តស្ទឹងត្រែង ដែលជាប្រភេទ «ផ្សោត​អ៊ីរ៉ាវ៉ាឌី» ឬពលរដ្ឋខ្មែរ ហៅថា ​«ផ្សោត​ក្បាល​ត្រឡោក» នោះ គឺ​ជា​ក្រុមរស់​នៅ​ដាច់​ដោយឡែក​ពីក្រុម​សត្វផ្សោត​ដទៃ​ទៀត។ ផ្សោតប្រភេទនេះ​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គក្នុង​ប្រទេស​កម្ពុជា ​​ត្រូវ​បាន​រក​ឃើញ​ថា​មាន​តិច​តួច​បំផុត គឺ​ចំនួនតែ​៣​ក្បាលកាល​ពី​ឆ្នាំ​២០១៨ និង​សល់​ត្រឹម​តែ១​ក្បាលប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២១​នេះ។

ប្រជាសហគមន៍​នេ​សាទ​នៅ​អន្លង់​អ​ភិ​រក្ស​ផ្សោត​ព្រែក​កាំ​ពី​ ស្រុក​សំ​បូរ ខេត្ត​ក្រចេះ លោក​ ឈ្នៀង លន ក៏​បាន​​​​បារម្ភ​ផង​ដែរ ចំពោះអនាគត​​សត្វ​ផ្សោត​នៅ​តំបន់​អន្លង់​អភិ​រក្ស​មួយនេះ ដោយ​សារសកម្មភាពនេសាទខុសច្បាប់នៅតែកើតមានឡើង ប៉ុន្តែមិនទាន់មានវិធានការទប់ស្កាត់នៅឡើយ។ ​

លោក​លើក​ឡើង​ថា៖ «វា​មិន​ជា​ឡើង​អី​ណាស់ណា​ទេ ចុះ​ក៏​មិន​ចុះ​ ឡើង​ក៏​មិន​ឡើង​ណាស់ណា​ដែរ គ្រាន់​តែថា​​ វា​ដោយ​សារ​តែ​ពួក​ឆក់​ហ្នឹង​វា​ខ្លាំង​ពេក​ រក​តែ​កន្លែង​រក​ស៊ី​អត់​ចង់បាន»។

មេឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ លោក ទុយ សុវណ្ណា ​បានទទួលស្គាល់ថា មូលហេតុដែលសត្វផ្សោតថយចុះមួយផ្នែក​ ក៏បណ្ដាលមកពី​បទល្មើសនេសាទ​ដែរ។ ​យ៉ាងណា លោកថា ការ​បង្ក្រាបបទល្មើសនេសាទគឺមានការពិបាក ដោយសារស្ថានភាពភូមិសាស្ត្រស្មុគស្មាញ។

លោក​លើក​ឡើង​ថា៖ «មាន​​សហគមន៍​នេសាទ​នៅ​ក្នុងតំបន់​ហ្នឹង​ការ​ពារ​ច្រើន កុំ​អី​គ្រោះ​ថ្នាក់​អស់ហើយ ប៉ុន្តែ​ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មជ្ឈដ្ឋានជុំ​វិញ​ ពី​ឆ្មាំ​ទន្លេ ពី​រដ្ឋ​បាល​ជល​ផល ពី​សហគមន៍​នេ​សាទ ពី​ព្រោះ​នៅ​តំបន់​​​នេះ​​ វាជា​តំ​បន់​​ស្មុគ​ស្មាញ មាន​កោះ​ច្រើន​ ហើយ​ព្រៃ​ច្រើន​ ហើយ​ការ​ចុះ​បង្រ្កាប​រៀង​ពិ​បាកបន្តិច​ ពី​ព្រោះ​មាន​ព្រៃ​ច្រើន»។

និស្សិត​បរិស្ថាននៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញមួយរូប កញ្ញា ឆេន​ គឹមឈី​ លើកឡើង​ថា ​​ថ្ងៃ​អនាគត​ សត្វផ្សោត​អាច​នឹង​ផុត​​ពូជ ប្រសិន​បើ​​បណ្ដោយ​​ឱ្យមានការ​នេសាទខុសច្បាប់បន្តទៀត។ កញ្ញា​បន្ថែម​​ថា ​ប្រសិនបើបាត់បង់សត្វផ្សោត កម្ពុជានឹងខាតបង់ប្រាក់ចំណូលចូលរដ្ឋ និងសម្រាប់សហគមន៍មូលដ្ឋានផងដែរ។ ​

កញ្ញា​បន្ត​ថា​៖ «សត្វផ្សោតត្រូវបានគេប្រើប្រាស់សម្រាប់ការវាស់ស្ទង់ពីសុខភាពរបស់ទន្លេ មានន័យថា វត្តមានរបស់ពួកវានៅទីកន្លែងណា​បញ្ជាក់ថា​ ប្រព័ន្ធអេកូឡូស៊ីនិងសុខភាពរបស់ទន្លេនៅទីនោះមានភាពប្រសើរ សម្បូរដោយត្រីគ្រប់ប្រ​​ភេទរស់នៅ ព្រមទាំងជាទីជម្រកដល់​សត្វវារីសាស្ត្រជាច្រើនប្រភេទទៀតរស់នៅផងដែរ»។

និស្សិត​បរិស្ថាន​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា​ កញ្ញា សាយ លឹមជូ​ យល់ឃើញថា ​ប្រសិន​​មា​នការអភិរក្សនិងការពារបានល្អ ព្រមទាំងមានការចូលរួម​ពី​គ្រប់​ភាគី​​ នោះសត្វផ្សោតនឹង​អាច​នៅគង់វង្សបាន។ ​

កញ្ញាបន្ថែម​ថា ​ប្រសិនបើ​ផ្សោត​ត្រូវ​បាត់​បង់ក្នុង​ថ្ងៃអនាគត វា​មិនត្រឹម​តែធ្វើឱ្យ​បាត់បង់​ប្រាក់​ចំណូល​​ប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសហគមន៍ដែលធ្លាប់​​អភិរក្សកន្លងមកទៀតផង។  ​

កញ្ញាលើកឡើង​ថា​៖ «ប្រសិនជាយើងបាត់បង់សត្វផ្សោតពិតមែន ខ្ញុំគិតថា ការងារ កេរ្តិ៍ឈ្មោះដែលយើងធ្វើការអភិរក្សហ្នឹង វានឹងមានគេសួរសំណួរថាតើវាបានអនុត្តមកបែបណា ឬក៏លទ្ធផលនៃការអភិរក្សរាប់ឆ្នាំហ្នឹងវានឹងជះឥទ្ធិពលបែបណាទៅដល់សហគមន៍បន្ថែមទៀត»។

ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរួមដដែលនោះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ពុំ សុថា លើកឡើងថា ការធ្លាក់ចុះចំនួនសត្វផ្សោតក្នុងតំបន់អន្លង់ឈើទាល​ ជាសញ្ញាប្រកាសអាសន្នមួយដល់អនាគតនៃថនិកសត្វ​ប្រភេទនេះ។ ទោះបីជា​បច្ចុប្បន្ន ក្នុងតំបន់អន្លង់នេះ លោកថានៅសល់តែផ្សោតមួយក្បាលក៏ដោយ ប៉ុន្តែរដ្ឋបាលជលផលនៅតែបន្តខិតខំការពារនិងពង្រឹងកិច្ចសហការជាមួយភាគីឡាវ ក្នុងការគ្រប់គ្រងធន​ធានជលផលនេះបន្ថែមទៀត។

​​សម្រាប់ប្រធានបណ្ដាញសហគមន៍នេសាទ ស្រុកបុរីអូរស្វាយសែនជ័យ លោក គង់ ចាន់ធី និយាយក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានប្រជាជនកម្ពុជាចាត់ទុកថាជាសត្វដ៏ពិសិដ្ឋ។

លោកមានប្រសាសន៍ថា៖ «​សត្វផ្សោតបានជួយដល់ជីវភាពរស់នៅរបស់យើង ផ្ដល់ជាប្រភពចំណូលនិងការងារដ៏សំខាន់សម្រាប់សហគមន៍ ដែលចូលរួមក្នុងវិស័យទេសចរណ៍តាមរយៈការមកទស្សនាសត្វផ្សោត។ ប្រជាជនកម្ពុជាជឿថា ទីណាមានផ្សោត ទីនោះមានត្រី។ បើ​គ្មាន​ត្រី និង​ផ្សោត​ទេ ជីវភាព​របស់​យើង​នឹង​ត្រូវ​បំផ្លាញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ