ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿន សោកស្ដាយដែលអាជ្ញាធរកម្ទេចផ្ទះដោយផ្ដល់សំណងតិចតួច

ទិដ្ឋភាពគំនរបាក់បែកផ្ទះប្រជាពលរដ្ឋក្រោយរងការវាយកម្ទេចពីសំណាក់ក្រុមអាជ្ញាធរ ដោយហេតុផលយកទៅកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោង​ក្រោម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ពលរដ្ឋរង​ផលប៉ះពាល់​ពី​គម្រោង​ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ​មួយ​ចំនួន តាម​បណ្ដោយ​មហាវិថី​ឈ្នះឈ្នះ ឬ​ផ្លូវ​កប់ស្រូវ​ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខកចិត្ត​ចំពោះការ​ដែល​អាជ្ញាធរបាន​វាយ​កម្ទេច​ផ្ទះ​ពួកគេ ​ដោយ​មិន​ព្រម​ផ្ដល់​សំណងសមរម្យ​ដែល​អាច​ទទួល​យក​បាន។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃពុធ ទី២៧ ​ខែតុលា ឆ្នាំ២០២១ បាន​បញ្ជូន​កម្លាំង​ជាង​២រយនាក់ និង​គ្រឿង​ចក្រ​ទៅ​រុះរើ វា​យ​កម្ទេចផ្ទះ​ប្រជាពលរដ្ឋ​រាប់សិប​គ្រួសារ ដែលមាន​ទីតាំង​ប៉ះចំគម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-​ខេត្តព្រះសីហនុ​ ត្រង់​ចំណុច​តភ្ជាប់​មហាវិថី​ឈ្នះឈ្នះ ស្ថិតនៅ​ភូមិ​ចែងម៉ែង សង្កាត់​សម្រោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ។

ទិដ្ឋភាពគំនរបាក់បែកផ្ទះប្រជាពលរដ្ឋក្រោយរងការវាយកម្ទេចពីសំណាក់ក្រុមអាជ្ញាធរ ដោយហេតុផលយកទៅកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោង​ក្រោម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
ទិដ្ឋភាពគំនរបាក់បែកផ្ទះប្រជាពលរដ្ឋក្រោយរងការវាយកម្ទេចពីសំណាក់ក្រុមអាជ្ញាធរ ដោយហេតុផលយកទៅកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោង​ក្រោម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ម្នាក់​ឈ្មោះ អ៊ី សុខនៅ ថ្លែងនៅ​ថ្ងៃសុក្រ ទី២៩ ខែតុលា ថាផ្ទះ៤ល្វែង​របស់​បងប្អូន​អ្នកស្រី​៦​នាក់ ត្រូ​វបាន​អាជ្ញាធរ​​ប្រើគ្រឿង​ចក្រវាយ​កម្ទេចនិង​ឈូសឆាយ​ចោល​អស់ទាំង​ស្រុង ដោយ​មិន​បាន​ជូនដំណឹង​ជាមុន​អ្វីឡើយ ដែលធ្វើ​ឱ្យ​សម្ភារនិង​ព្រទ្យសម្បត្តិ​ក្នុង​ផ្ទះ​ត្រូវ​ខូចខាត​អស់​ជា​ច្រើន។

ស្រ្តីវ័យ​៤១​ឆ្នាំ មាន​កូន​២​នាក់​ក្នុង​បន្ទុក​រូបនេះ ​បន្ថែម​ថា ផ្ទះទាំង​នោះគឺ​ពួកគាត់​សុទ្ធតែ​ខំ​ប្រឹងប្រែង​ធ្វើការ​សន្សំប្រាក់​រាប់​ឆ្នាំ ​និងខ្ចី​បុល​ពី​ធនាគារ​បន្ថែម​ដើម្បី​សាងសង់ ដែលមួយ​ល្វែង​អស់​ពី​ជាង​២​ម៉ឺន​ដុល្លារ (២០ ០០០ដុល្លារ) ទៅជាង​៣​ម៉ឺន​ដុល្លារ (៣០ ០០០ដុល្លារ) ប៉ុន្តែ​អាជ្ញាធរ​ព្រម​ផ្ដល់​សំណង​ត្រឹម​ពី​ជាង​៣​ម៉ឺន ​(៣០ ០០០ដុល្លារ) ទៅ​ជាង៤​ម៉ឺនដុល្លារ (៤០ ០០០ដុល្លារ)។ អ្នកស្រីថា ចំនួននេះគឺតិចតួចពេក ​ដែលពួកគាត់​មិនអាច​ទិញ​ដី​ធ្វើផ្ទះនៅ​កន្លែង​ផ្សេង​បាន។

អ្នកស្រីថា៖ «ដី​ខ្ញុំ​រក​ស៊ី​សំខាន់​ខ្លាំង​ណាស់ វាដូច​ខ្សែ​ជីវិត​របស់​ខ្ញុំ​អ៊ីចឹង។ ខ្ញុំពឹង​ផ្អែក​ទៅលើ​កន្លែង​ហ្នឹង​ដើម្បី​ចិញ្ចឹម​ជីវិត​ផង​ ដើម្បីដូចថា​រក​ស៊ី​ផង និង​យក​លុយ​ទៅបង់​ធនាគារ​ផង ព្រោះពួក​ខ្ញុំអត់​មាន​អី មាន​តែប៉ុណ្ណឹង​ទេ ​ចែក​បងប្អូន​ច្រើន​ណាស់។ អ៊ីចឹង​សំ​ណូមពរ​ចង់​បាន​តែ​កន្លែង​រក​ស៊ីវិញ បើអត់​បាន​ដូច​ដើម​ទេ សូមថា​បង់​ធនាគារ​រួចទៅ​បាន​កន្លែង​មួយ​កន្លែង​នៅ​ធម្មតា​ដូចគេ​ដូចឯង​ក៏បាន​ដែរ»

ប្រភព​ដដែល​បន្ត​ថា គ្រួសារ​គាត់​មាន​បងប្អូន​ច្រើន ដូច្នេះឪពុកម្តាយ​មិនមាន​អ្វីចែក​ឱ្យ​ក្រៅពីដី​នោះ​ទេ។ បងស្រីធំ​ក្នុង​គ្រួសាររូប​នេះ​បន្ថែម​ថា ដើម​ឡើយ​ ដីពួកគាត់​មាន​ទំហំធំ ប៉ុន្តែដោយសារ​រដ្ឋ​ត្រូវការ​ពង្រីក​ផ្លូវ​ ក៏​បាន​កាត់​ដី​គាត់​ឱ្យរួមតូច​ចូល​ក្នុង​អស់ជម្រៅ​ជាង១០ម៉ែត្រ ហើយ​ពួកគាត់​​មិន​មាន​ការ​តវ៉ា​នោះ​ទេ ដោយសារ​នៅសល់​ដី​ខ្លះ ប៉ុន្តែលើក​នេះគឺ​បងប្អូន​គាត់​ត្រូវ​បាត់បង់​ទាំង​ស្រុង។

អ្នកស្រី​ថា៖ «វា​អយុត្តិធម៌​សម្រាប់​ពួកខ្ញុំ​ជា​ប្រជាពលរដ្ឋ​ស្មោះត្រង់ យក​លុយ​ពី​ធនាគារ​មក​ធ្វើ ជាកម្លាំង​ញើស​ឈាម​សុទ្ធសាធតែម្តង ហើយ​មួយជីវិត​ហ្នឹង​មាន​តែ​ប៉ុណ្ណឹង​គត់»

អ្នកស្រី​បន្ថែម​ថា៖ «បើអត់​ព្រម មាន​តែបង្ខំ​ឱ្យប្រជាជន​ស្លាប់! បើ​ពួក​ខ្ញុំ​រស់​នៅ ត្រូវ​បង់​ធនាគារ​ផង»

ប្អូនស្រី​អ្នកស្រី​ឈ្មោះ អ៊ី សុខនាង លើកឡើង​ថា អាជ្ញាធរ​បាន​ប្រើគ្រឿងចក្រ​កាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​ម្ដង​មួយៗ​ ចាប់​ពី​ម៉ោងប្រមាណ​៦​នាទីព្រឹក និង​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាន​រារាំង​សកម្មភាព​ឈូស​ឆាយ។ ស្ត្រីមេម៉ាយ​វ័យ​៣៩​ឆ្នាំ​រូបនេះ​បន្ថែម​ថា ​អាជ្ញាធរ​បាន​ទុក​ពេល​ឱ្យគាត់​៥​នាទី ដើម្បី​សម្រេច​ចិត្ត​ផ្ដិត​មេដៃ​ទទួល​យក​សំណង​៤ម៉ឺន​៥ពាន់​ដុល្លារ (៤៥ ០០០ដុល្លារ) សម្រាប់​ផ្ទះកម្ពស់​២​ជាន់​របស់​គាត់។

ប្រភព​ដដែល​បន្ថែម​ថា ចំនួន​នេះ​គឺ​បាន​ត្រឹម​ឱ្យគាត់​យក​ទៅ​សងប្រាក់​ធនាគារ​ដែល​ខ្ចី​សម្រាប់​សាងសង់​ផ្ទះ និង​សល់​ត្រឹម​៦ទៅ​៧ពាន់​ដុល្លារ ខណៈពួកគាត់​ត្រូវបាត់បង់​មុខ​របរនិង​ប្រាក់​ចំណូល​ទាំង​ស្រុង។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​អត់​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​អ៊ីចឹង ព្រោះ​អី​ដូច​ឃោរឃៅ​ពេក មក​បិទ​ផ្លូវ​បិទអី​អ៊ីចឹង​ ហើយ​យក​អាអ៊ិចជ្រលរ​ឱ្យ​ផ្ដិត​មេដៃ​អ៊ីចឹង។ ដាក់​ប៉ែល​អាអ៊ិច​ជ្រលរ​លើ​ផ្ទះ​ខ្ញុំ ហើយ​ឱ្យផ្ដិតមេដៃ​ទទួល​យក​សំណង​ប៉ុណ្ណឹង។ ខ្ញុំអត់​ផ្ដិតទេ!​ ព្រោះអី​ទទួល​យក​អត់​បាន​ទេ ព្រោះអី​ជំពាក់​ធនាគារ​ផង​អី​ផង»។

អ្នកស្រី អ៊ី សុខនាង បន្ថែមថា៖ «ខ្ញុំលំបាក​ខ្លាំង​ណាស់ អត់​មាន​លុយ​មួយ​រៀល។ ចំណូល​អត់ចូល​គ្រប់​កន្លែង​ទាំងអស់ ជួលឃ្លាំង​គេ ប្រហែល​ជា​បាន​តែ​កន្លះ​ខែ​ទេ អត់​កន្លែង​នៅ ត្រូវ​រក​កន្លែង​ថ្មី​នៅ អត់​មាន​ផ្ទះ»

ម្ដាយអ្នកស្រី អ៊ី សុខនាង កំពុងអង្គុយលើរទេះរុញក្នុងឃ្លាំងជួលមួយកន្លែង និងអីវ៉ាន់ដែលគាត់ប្រមូលចេញបានពេលមានការរុះរើគេហដ្ឋានរបស់អ្នកស្រី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
ម្ដាយអ្នកស្រី អ៊ី សុខនាង កំពុងអង្គុយលើរទេះរុញក្នុងឃ្លាំងជួលមួយកន្លែង និងអីវ៉ាន់ដែលគាត់ប្រមូលចេញបានពេលមានការរុះរើគេហដ្ឋានរបស់អ្នកស្រី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ពលរដ្ឋរង​ផលប៉ះពាល់​ម្នាក់​ទៀត ​លោក ចែ ស៊ាម ថ្លែង​ថា លោក​បាន​ទិញ​ផ្ទះពី​អ្នក​ភូមិ​ក្នុង​ឆ្នាំ២០១៥ តម្លៃ១៤ម៉ឺនដុល្លារ (១៤០ ០០០ដុល្លារ) និង​ចំណាយ​លើ​ថ្លៃជួសជុល ៤ម៉ឺនដុល្លារ (៤០ ០០០ដុល្លារ) ទៀត សម្រាប់​ឱ្យកូនស្រី​របស់​គាត់​រស់​នៅនិង​ប្រកបរបរ។ លោកថា ប្រាក់ទាំង​នេះ គឺលោក​បានមក​ពី​កម្ចីធនាគារ​ទាំង​អស់ ប៉ុន្តែអាជ្ញាធរ​បាន​យល់​ព្រម​ផ្ដល់​សំណង​ត្រឹម​ពាក់​កណ្ដាល​នៃ​ថ្លៃផ្ទះនិងដី​នោះប៉ុណ្ណោះ។

លោកថា លោក​បានដាក់​ពាក្យ​ស្នើសុំ​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ ដើម្បី​ទាមទារ​សំណង​សមរម្យ​មួយ បន្ទាប់ពី​មាន​ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​ជាលើកដំបូង នៅ​ខែមិថុនា ឆ្នាំ២០២១ ហើយលោក​ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្យា​រពេល​អនុវត្ត​វិធានការ​រុះរើ​ផងដែរ ប៉ុន្តែមិន​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​ឡើយ។

លោក ចែ ស៊ាម ថ្លែងថា៖ «ចេះតែ​ខំប្រឹង​ដើរ​ឈ្មុសឈ្មុល​សុំកិច្ច​អន្តរាគមន៍​គ្រប់ច្រក​ល្ហក សុំ​អន្តរាគមន៍​ហ្នឹង អន្តរាគមន៍សំណង​ហ្នឹង​ទេ មិន​មាន​ចិត្ត​អី​ជំទាស់​ថារារាំង​កិច្ច​អភិវឌ្ឍ​របស់​ប្រទេសជាតិ របស់​រដ្ឋាភិបាល មិនមាន​វិធានការ​នោះទេ ប៉ុន្តែខ្ញុំចង់​បាន​សំណង​មួយ​ឱ្យ​វា​សមរម្យ​នោះ​ទេ ដូចថា​រកទីតាំង​ថ្មី»។

លោក​បន្ថែម​ថា៖ «ខ្ញុំនឹកស្មាន​មិន​ដល់​ដែរ លើ​ការ​សន្និដ្ឋាន​របស់​ខ្ញុំ។ ស្មាន​ថារដ្ឋាភិបាល​លោក​មិន​ធ្វើអ៊ីចឹង ប៉ុន្តែ​ដល់​ជួប​អ៊ីចឹង ខ្ញុំក៏​មិន​ដឹង​ធ្វើ​ម៉េច មាន​តែ​ឈរ​មើល​សម្រក់​ទឹកភ្នែក មើល​គេវាយផ្ទះខ្លួន​ឯង»

វីអូឌី មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​មន្រ្តី​អន្តរក្រសួង​ទទួល​បន្ទុក​ដោះស្រាយ​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​ន៍ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ លោក សយ ជីវិន (Soy Chivin) និង​អភិបាល​ខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានទេ​ នៅថ្ងៃ​សុក្រ​នេះ។

ទិដ្ឋភាពគំនរបាក់បែកផ្ទះប្រជាពលរដ្ឋក្រោយរងការវាយកម្ទេចពីសំណាក់ក្រុមអាជ្ញាធរ ដោយហេតុផលយកទៅកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោង​ក្រោម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
ទិដ្ឋភាពគំនរបាក់បែកផ្ទះប្រជាពលរដ្ឋក្រោយរងការវាយកម្ទេចពីសំណាក់ក្រុមអាជ្ញាធរ ដោយហេតុផលយកទៅកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោង​ក្រោម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

យ៉ាង​ណា អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែងថា​ វិធានការ​របស់​អាជ្ញាធរ​ក្រុង គឺ​ធ្វើឡើង​ជា​ជម្រើស​ចុងក្រោយ​ ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​រួម​របស់​ពលរដ្ឋ បន្ទាប់ពី​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ខិតខំសម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ​អស់ជា​ច្រើន​ខែ​មក។

លោក ម៉េត មាសភក្តី មាន​ប្រសាសន៍​ថា៖ «មិនមែន​មានន័យ​ថា គ្រាន់​តែ​ប៉ះភ្លាម ធ្វើការ​រុះរើ​ភ្លាម​ទេ សូមយល់​ចំណុច​អស់​នេះ​។ ការ​សម្របសម្រួល ការដោះស្រាយ ការពន្យល់ ការពិភាក្សា​អីហ្នឹង រាប់ខែ​រាប់អី​មក​ហើយ។ នេះជា​ជម្រើសចុងក្រោយ ​ដែលយើង​អត់មាន​អ្វីដែល​អាច​នេះ​បានក្នុង​ការ​ពន្យា​រពេល​បន្តទៅ​ទៀត»

មន្រ្តី​អ្នកនាំ​ពាក្យ​ដដែល មិនអាច​បញ្ជាក់​ពី​ចំនួន​គ្រួសារ​ដែល​រងផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ល្បឿនលឿន​នៅ​សង្កាត់​សំរោងក្រោមទាំង​នោះ​ទេ ប៉ុន្តែលោកថា មាន​គ្រួសារ​មិនដល់​មួយ​ភាគ​រយ​នោះ​ទេដែល​នៅមិន​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ។

រដ្ឋាភិបាល​កម្ពុជាបានចាប់​ផ្ដើម​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​តភ្ជាប់​ពី​រាជធានីភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ នៅខែមីនា ឆ្នាំ២០១៩ ដោយគ្រោង​ចំណាយ​ពេល​៤​ឆ្នាំ និង​ថវិកា​កម្ចី​ពី​ក្រុមហ៊ុន​ចិន​ប្រមាណ​២​ពាន់​លាន​ដុល្លារ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមាននៅថ្ងៃបើកសម្ពោធថា នឹងចាត់​វិធានការ​ច្បាប់​អស្សាមិករណ៍ ដើម្បី​ដក​ហូត​កម្មសិទិ្ធ​លើ​អចលន​ទ្រព្យ​​របស់​ពលរដ្ឋណា​ដែល​រឹងទទឹង​មិន​ព្រម​ទទួល​យក​សំណង​ពី​គម្រោង​អភិវឌ្ឍ​ន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​សាធារណៈនានាដែល​បម្រើ​ប្រយោជន៍​​សាធារណៈនិង​ប្រទេស​ជាតិ។

តាមរយៈសារ​ព្រមាន​នេះ សង្គម​ស៊ីវិល​បារម្ភថា អ្នករងផល​ប៉ះពាល់​អាច​ប្រឈម​ការ​ដាក់​សម្ពាធ​ឱ្យព្រម​ទទួល​យក​សំណង​តិចតួច ឬ​ត្រូវ​បណ្ដេញ​​ចេញ​​ទាំង​បង្ខំដូចដែល​បាន​កើត​ឡើង​កន្លងមក​នៅ​តំបន់​អភិវឌ្ឍន៍​មួយ​ចំនួន បើការ​ដោះស្រាយ​ផលប៉ះពាល់​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ការ​គប់គិត​គ្នាជា​ប្រព័ន្ធ​ពី​មន្ត្រី​អនុវត្ត​ច្បាប់៕


ចំណាំ​៖ «អត្ថបទនេះត្រូវបានផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ