ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខណ្ឌ​ឫស្សីកែវ ព្រមាន​តវ៉ា​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​រឿង​កម្មសិទ្ធិ

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងពលរដ្ឋ២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចេញតវ៉ាដោយស្នើឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លី ដោយពួកគាត់អះអាងថា អាជ្ញាធរបានប្រាប់ឱ្យពួកគាត់ដោះដូរដីចេញទៅរស់នៅកន្លែងផ្សេងដែលពុំទាន់ច្បាស់ពីទីតាំងប្រាកដ។ (ជន ចាន់រ៉ែន)

​តំណាងពលរដ្ឋ២៤៤គ្រួសារ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមាន​ដង្ហែញត្តិទៅតវ៉ាដល់មុខផ្ទះ​នាយក​រដ្ឋមន្ត្រី ប្រសិន​បើអាជ្ញាធរខណ្ឌ​មិនព្រមដោះស្រាយរឿងបណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់។

ការព្រមាននេះធ្វើឡើងស្របពេលអាជ្ញាធរខណ្ឌឫស្សីកែវ នៅថ្ងៃទី​១១ ខែវិច្ឆិកានេះ បានអញ្ជើញពលរដ្ឋដែល​រង​ផល​ប៉ះពាល់​ពី​ការ​ស្ថាបនាផ្លូវ ៣០​ម៉ែត្រ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីប្រជុំផ្សព្វផ្សាយពីការដោះស្រាយគោលនយោបាយស្ថាបនាផ្លូវនេះ។

ក្រោយការប្រជុំរយៈពេលជាង២ម៉ោង ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ អាជ្ញាធរលើកឡើង​ថានឹង​ពិភាក្សានូវ​​អ្វីដែល​ពលរដ្ឋលើក​ឡើង ដូចជា ​ការទាមទារផ្ដល់នូវបណ្ណកម្មសិទ្ធិដីធ្លី ឬករណីទាមទារសំណងជាថវិកាសមរម្យ​តាម​គោល​នយោបាយ​ឯកជន ជាមួយ​រដ្ឋបាល​​​រាជធានី​ភ្នំពេញ​​ ដើម្បីរកដំណោះស្រាយជូនពល​រដ្ឋ​ទាំង​នោះ។

ពលរដ្ឋ​ម្នាក់ដែលអះអាងថាជាតំណាងអ្នកភូមិដែល​មានជម្លោះដីធ្លី រស់នៅភូមិឡកំបោរ អ្នកស្រី​ រឿង អូន និយាយ​ថា គាត់មិនទាន់ជឿជាក់លើសម្ដីរបស់អាជ្ញាធរ ចំពោះការសន្យាថា​នឹង​ជួយ​រក​ដំណោះ​ស្រាយ​ជូនអ្នកភូមិ​នោះទេ​។ អ្នកស្រីបារម្ភថា​ មន្ត្រីខណ្ឌអាចនឹងនិយាយមិនពិត ហើយ​ប្រែក្រឡាស់​នៅ​ពេលក្រោយទៀត។

យ៉ាងណា តំណាងពលរដ្ឋរូបនេះបង្ហាញជំហរ​ថា​ ​នឹងហែ​ញត្តិទៅតវ៉ាដល់មុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ ប្រសិនបើ​អាជ្ញាធរខណ្ឌមិន​អាចរកដំណោះស្រាយឱ្យបានសមរម្យ ឬមិនអាចផ្ដល់​សំណងដែលស្របតាម​ដីតម្លៃទីផ្សារឯកជនទេនោះ។

អ្នកស្រីលើកឡើងថា៖ «​ខ្ញុំមិនទាន់ជឿជាក់​ ១០០% ទេ!​ ព្រោះអីខ្ញុំខ្លាចគាត់និយាយក្នុងន័យ​ថាកុហកយើង​ឬយ៉ាងណា! ខ្ញុំមិនទាន់ដឹងទេ! ប៉ុន្តែបើគាត់សន្យាជាមួយពលរដ្ឋហើយ គាត់ប្រែក្រឡាស់ មិននិយាយការពិត​ ខ្ញុំនិង​ប្រជាពលរដ្ឋទាំងអស់នឹងតស៊ូទៅមុខទៀត​ នឹងតស៊ូដល់សម្ដេចនាយករដ្ឋមន្រ្តី។ ឡើងទៅ​តវ៉ាឱ្យ​គាត់​ជួយអន្តរាគមន៍ ទៅដេក ទៅលូន​ក្រាប​នៅ​ហ្នឹង [មុខផ្ទះនាយករដ្ឋមន្ត្រី]។ ខ្ញុំចង់​បាន​តែ​បណ្ណកម្មសិទ្ធិ ឬដោះដូរជាលុយ​ទិញតាម​ទីផ្សារឯកជនដែលពួកខ្ញុំអាចទទួលយកបាន។»

​ពលរដ្ឋ​ម្នាក់ទៀត លោក នេត្រ សុភារ៉ាម អះអាងថា កន្លង​មក អាជ្ញាធរមូលដ្ឋានធ្លាប់បាន​និយាយ​​​ធ្វើឱ្យពលរដ្ឋមាន​ភាពភ័យខ្លាច ដើម្បីកុំឱ្យពួកគាត់ចេញតវ៉ារឿងដីធ្លីមួយនេះ។

លោក នេត្រ សុភារ៉ាម ប្រាប់ថា៖ «គេមានធ្វើប្រជាភិថុតរួចហើយ គេធ្វើឱ្យយើងមានការភ័យខ្លាច មានការខ្លបខាច កុំឱ្យតវ៉ាអីហ្នឹង គេមានហើយ! ឧទាហរណ៍ គេនិយាយថា ទៅតវ៉ាធ្វើអី ដីប្រឡាយទឹកហ្នឹង! អាជ្ញាធរដែនដីភូមិ-ឃុំតំបន់ហ្នឹង គេថាដីនៅកន្លែងហ្នឹងមិនអាច​រស់នៅបានទេ។ តែហេតុអីបានបុរី គេនៅបាន?»

អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន ប្រាប់ វីអូដី នាកន្លែងជួបជុំនៅថ្ងៃនេះថា ការដែលពលរដ្ឋចង់ដង្ហែ​ញត្តិទៅមុខផ្ទះនាយករដ្ឋមន្ត្រីនោះ គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែ​ត្រូវអនុវត្ត​តាមច្បាប់កំណត់។ ទោះជាយ៉ាងណា ​លោក​ចង់ឱ្យប្រជាពលរដ្ឋចូលរួមរកដំណោះស្រាយ តាមរយៈការជជែកពិភាក្សាគ្នាវិញ។

លោក ឯក ឃុនដឿន មានប្រសាសន៍ថា៖ «ជាសិទ្ធិរបស់​ពួកគាត់។​ ប្អូនត្រូវយល់ថា​ ពេលខ្លះ​អ្វីដែលយើងចង់បាន មួយបូកមួយស្មើពីរ តែវាអត់បាន! តែកន្លែងខ្លះ វាអាចល្អជាងហ្នឹង​ ដែលពេលខ្លះយើងត្រូវការអង្គុយជជែកគ្នា ពិភាក្សាគ្នា​។ ឧទាហរណ៍ ផ្ទះខ្លះ ផ្ទះតូច គាត់ទទួលយកអ្វីដែលអាជ្ញាធររាជធានីរៀប​ចំជូន​គាត់​ គាត់គិតថា​សមរម្យសម្រាប់គាត់។ […] យើងចង់ឱ្យដឹងពិតប្រាកដនូវសំណូមពរ​របស់​បងប្អូន​នៅតាមផ្ទះ មិនមែន​ជាការ​បំបែក​បំបាក់​សហគមន៍ទេ តែយើងចង់ជួយសហគមន៍ ចង់ជួយអ្នកក្រ»។

លោកបន្តថា បច្ចុប្បន្ន ពលរដ្ឋមានសិទ្ធិសេរីភាព ខណៈ​អាជ្ញាធរមិនដែលគំរាម​កំហែង​ប្រជាពលរដ្ឋ​លើការ​បញ្ចេញ​មតិ ឬការសម្រេចចិត្តណាមួយរបស់ពួកគាត់ឡើយ។ លោកថា បើសិនមាន​ការគំរាម​កំហែងពីអាជ្ញាធរ​​មូលដ្ឋាន​​មែន ពលរដ្ឋ​​អាច​ទៅរាយការណ៍ប្រាប់អាជ្ញាធរខណ្ឌបាន។  ​

​អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងថា ក្នុងការសម្រេចអភិវឌ្ឍន៍គម្រោងអ្វីមួយ អាជ្ញាធរត្រូវតែកោះប្រជុំជាមួយភាគីដែលពាក់ព័ន្ធជាមុនសិន។

លោកលើកឡើងថា៖ «ប្រសិនបើធ្វើឯកតោភាគីអ៊ីចឹង អាហ្នឹងវាហាក់បីដូចជាគេហៅកាត់ក្បាលតម្រឹមមួក អាហ្នឹងវាពិបាកណាស់។ អ៊ីចឹងប្រជាពលរដ្ឋ គាត់ពិបាកទទួលយកណាស់ ភាគច្រើនអាជ្ញាធរច្រើនតែសម្រេចអីហើយៗ បានមកដាក់គំនាប ឬមួយក៏សំឡុតប្រជាពលរដ្ឋឱ្យទទួលយកដំណោះស្រាយហ្នឹងជាក្រោយ»។

កាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ ក្រុមប្រជាពលរដ្ឋនៅភូមិឡកំបោរនេះ បានចេញតវ៉ាម្ដងរួចមកហើយ ដោយស្នើប្រមុខរដ្ឋាភិបាល​ធ្វើបណ្ណ​កម្មសិទ្ធិដីធ្លីជូនពួកគាត់ ដោយពួកគាត់​អះអាងថា អាជ្ញាធរ​ចេះតែគេចវេះម្ដងហើយ​ម្ដងទៀត មិនព្រមដោះស្រាយ និងប្រាប់ឱ្យពលរដ្ឋដោះដូរដីក្នុងក្រុងទៅរស់នៅកន្លែងផ្សេង​ដែលមិនទាន់​មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវទៅវិញ។

បើតាមតំណាងពលរដ្ឋ ពួកគាត់មិនច្បាស់ពីទំហំដីសរុបរបស់អ្នកភូមិថាមានប៉ុន្មានហិកតានោះទេ ប៉ុន្តែដីរបស់​អ្នកភូមិក្នុងគ្រួសារនីមួយៗ ភាគច្រើនមានទទឹងចន្លោះពី៧ទៅ១០ម៉ែត្រ និងបណ្ដោយពី១០ទៅ២០​ម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ