សាច់ញាតិ​ដក​ពាក្យ​បណ្ដឹង​វិញ ក្រោយ​ទទួល​បាន​មនុស្ស​៣នាក់​ដែល​ថា​ត្រូវ​បាន​គេ​លក់​ឱ្យ​ថៅកែ​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

សាច់ញាតិ​ជនរងគ្រោះ បានសម្រេចដកពាក្យបណ្ដឹងវិញ ក្រោយទទួលបានមនុស្ស៣នាក់ដែលអះអាងថា ត្រូវថៅកែជនជាតិចិនលក់និងបង្ខំឱ្យធ្វើការងារនៅក្រុមហ៊ុនកាស៊ីណូមួយនៅខេត្តព្រះសីហនុ។

កាលពីថ្ងៃទី១ ​ខែវិច្ឆិកានេះ លោក ឃុត ហេង រស់​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់បណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយប្ដឹងជនជាតិចិនម្នាក់ដែល​មាន​​ឈ្មោះ​ហៅ​ក្រៅ «អាឡុង» និង​​ក្រុមហ៊ុន​កាស៊ីណូមួ​យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយចោទថា បាន​យក​ប្អូនស្រី២នាក់និង​ប្អូនប្រុសម្នាក់​របស់លោកទៅ​ធ្វើការនៅក្រុមហ៊ុនរបស់ពួកគេដោយ​បង្ខំ។ លើសពីនេះ លោកថា ជនជាតិចិននោះ​​​បានលក់បន្តពីក្រុមហ៊ុនកាស៊ីណូមួយ​​ទៅក្រុមហ៊ុនកាស៊ីណូ​មួយទៀត និងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត រួមទាំងរឹតត្បិតសិទ្ធិរបស់ពួកគេគ្រប់យ៉ាងថែមទៀតផង។

លោក ឃុត ហេង ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា លោកបានដកពាក្យបណ្ដឹងនោះវិញហើយ ក្រោយយកបាន​ប្អូនៗរបស់លោកមកវិញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា​នេះ។ លោកថា ការសម្រេចដកពាក្យបណ្ដឹងនេះ ដោយ​សារ​ខាង​ក្រុមហ៊ុន​បាន​សុំសម្របសម្រួល ហើយលោកក៏មិនចង់ឱ្យមានរឿងនេះវែងឆ្ងាយ ក៏សម្រេចដកពាក្យបណ្ដឹងបញ្ចប់រឿងតែម្តង។

លោកលើកឡើងថា៖ «គាត់ចេញមកតាំងពីថ្ងៃទី០៦ ខែវិច្ឆិកា! ខ្ញុំយកតែប្អូនខ្ញុំចេញមកហើយ ខ្ញុំបានដកពាក្យបណ្ដឹងវិញហើយ ខាងក្រុមហ៊ុនសម្រួលគ្នា សម្រេចថាដកពាក្យបណ្ដឹងវិញ»។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បញ្ជាក់ថា​ សមត្ថកិច្ចបានដោះស្រាយករណីនេះរួច​រាល់​ហើយ។ លោក​បន្តថា ករណីនេះជារឿងតូចតាចដែលអាចសម្រុះសម្រួលគ្នាបាន ប៉ុន្តែប្រសិនបើដើមបណ្ដឹង​ចង់ប្ដឹងបន្តទៀត អាចទៅការិយាល័យលោកផ្ទាល់បាន។

លោកលើកឡើងថា៖ «ឥលូវអញ្ចេះ រាល់ការងារណាមួយ​ដែលអាចសម្រុះសម្រួល និយាយឱ្យចំទៅ ករណីតូចតាច​មិនបង្កឱ្យគ្រោះថ្នាក់​សង្គម គ្រោះថា្នក់​​ដល់អាយុជីវិត ឬមិនបង្កខាតបង់​ទ្រព្យសម្បត្តិអ្នកដទៃ ជារឿង​កំប៉ិកកំប៉ុកទេ ឱ្យគាត់សម្របសម្រួលទៅ!​ ហើយយើងនឹងសុំការពិនិត្យដឹកនាំសម្របសម្រួលនីតិវិធីតាមព្រះរាជអាជ្ញា​»។

យ៉ាងណា មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងការងារ ធ្លាប់លើកឡើងថា ប្រសិនបើមានការលក់ដូរមនុស្សនិងបង្ខាំងឱ្យធ្វើការដូចការលើកឡើងរបស់ដើមបណ្ដឹងមែននោះ គឺជាទម្រង់​នៃការជួញដូរមនុស្ស ការ​បង្ខាំងមនុស្ស​ដោយ​ខុស​ច្បាប់ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម រួមទាំងរំលោភសិទ្ធិការងារ ដែលសមត្ថកិច្ចត្រូវតែស្វែងរក​ចាប់ជនល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់ឱ្យខាន​តែបាន។

កាលពីខែកញ្ញា ឆ្នាំ២​០២១ ក្រុមហ៊ុនកាស៊ីណូមួយឈ្មោះ ដឹសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ ក៏បានរងការចោទប្រកាន់ពីក្រុមបុគ្គលិកផងដែរ ថាបានបង្ខាំងពួកគេជាង៤០០នាក់ ឱ្យធ្វើការ​ងារ​ទាំង​ឈឺ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលដោយតំណាងក្រុមហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ