កម្ពុជា​ស្នើ​ចិន​ឱ្យ​បើក​រោងចក្រ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសំណើទៅកាន់រដ្ឋាភិបាលចិនឱ្យបើករោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

សំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះបានធ្វើឡើងតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅក្នុងពិធីប្រគល់និងទទួលជំនួយវ៉ាក់សាំងចិនចំនួន២លានដូសបន្ថែមទៀតមកកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការបង្កើតឱ្យមានរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ផលិតផលសម្រេចចុងក្រោយ) នៅកម្ពុជា ដោយយកវត្ថុធាតុដើមពីក្រុមហ៊ុនចិន គឺដើម្បីផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចទិញយកវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រនៅកម្ពុជា ដើម្បីប្រើប្រាស់ក្នុងប្រទេសខ្លួនឯងផង និងដើម្បីលក់ទៅឱ្យប្រទេស​ជិតខាងផង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ភារកិច្ចនេះបន្ត​ទៅឱ្យក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សហការគ្នាធ្វើការនៅក្នុងរឿងនេះ។

លោក​បានថ្លែងថា៖ «ប្រទេសឥណ្ឌូនេស៊ី ក៏បានធ្វើដូច្នេះ ដូចអ្វីដែលខ្ញុំបាននិយាយ ប្រទេសថៃក៏បានធ្វើ [រោងចក្រ]​ អាស្ត្រាហ្សេណេកា ត្រូវបានផលិតនៅក្នុងប្រទេសថៃ តាមរយៈការដឹកជញ្ជូនមករៀបចំផលិតចុងក្រោយនៅប្រទេសថៃ។ យើងក៏មានលទ្ធភាពដើម្បីធ្វើករណីនេះ គឺដឹកស៊ីណូវ៉ាក់ ឬ ស៊ីណូហ្វាម មកផលិត មករៀបចំដំណាក់កាលចុងក្រោយចេញពីកម្ពុជា»។

គួរជម្រាបជូនថា ប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា។

គិតចាប់តាំងពីការផ្ដល់ជូនលើកដំបូងដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១មក កម្ពុជាបានទទួលជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលចិនចំនួនជាង៦លានដូស និងបានបញ្ជាទិញពីក្រុមហ៊ុនចិនសរុបចំនួនជាង៣៤លានដូស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ