កូនស្រី​លោក កឹម សុខា ថា​ឪពុក​ខ្លួន​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដើម្បី​ប្រាប់​ដៃគូ​ឱ្យ​បញ្ឈប់​ការ​កេង​ចំណេញ​នយោបាយ

កញ្ញា កឹម មនោវិទ្យា និងលោក កឹម សុខា កាលពីពេលកន្លងទៅ។ (ធ្វីតទ័រ៖ Monovithya Kem)

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានអះអាងថា ឪពុករបស់ខ្លួន​មានសិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ដើម្បីប្រាប់ដៃគូ​​របស់លោក​ឱ្យបញ្ឈប់ការ​កេងចំណេញនិង​បោកប្រាស់សាធារណជនតទៅទៀត។

តាមរយៈសំណេរជាភាសាអង់គ្លេសដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម (Twitter)​ នៅរសៀលថ្ងៃអង្គារ​នេះ កញ្ញា កឹម មនោវិទ្យា បានសរសេរយ៉ាងដូច្នេះថា៖ «ឪពុករបស់ខ្ញុំ លោក កឹម សុខា មានសិទ្ធិក្នុងការបញ្ចេញមតិ ដើម្បីប្រាប់ដៃគូបោកប្រាស់របស់លោកឱ្យបញ្ឈប់ការកេងចំណេញនិងបោកប្រាស់សាធារណជនតទៅទៀត»

កញ្ញា​បន្តថា៖ «ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាពរួចទៅហើយ នៅពេលដែលដៃគូរបស់លោក [កឹម សុខា] បានអំពាវនាវឱ្យគណបក្សនិងប្រជាជននៅក្នុងប្រទេសកម្ពុជាបោះបង់ចោលរូបលោកក្នុងពេលដែលលោកជាប់ពន្ធនាគារ និងនៅពេលដែលពួកគេដឹកនាំយុទ្ធនាការមួយដែលពោរពេញទៅដោយការបោកប្រាស់»

ការចេញមកអះអាងរបស់កញ្ញា កឹម មនោវិទ្យា នៅពេលនេះ គឺទំនងជាបានឆ្លើយតបទៅកាន់លោក សម រង្ស៊ី ដោយបាន​ចាត់ទុកការបង្ហោះសារនយោ​បាយ​​របស់លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ថាធ្វើ​ឡើង​ក្រោម​ការ​គំរាមកំហែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក កឹម សុខា ប្រធានអតីតគណបក្ស​សង្គ្រោះជាតិ បាន​​លើក​ឡើង​លើបណ្ដាញសង្គម​​​ហ្វេស​ប៊ុក​របស់​លោក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ថាសកម្ម​ភាព​របស់លោក សម រង្ស៊ី និងសហការីរបស់ខ្លួន​កន្លង​មក ជា​ពិសេសសកម្មភាពថ្មីៗនេះ បានបញ្ជាក់ឱ្យ​ឃើញ​​ថា លោក សម រង្ស៊ី និងលោក​​ កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នោះ​មិនមានការគាំទ្រ ឬជាជំហររបស់លោកនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ