អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​កំពុង​ស្រាវជ្រាវ​រក​អ្នក​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​ជាង​៧០០​ហិកតា

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាជ្ញាធរខេត្តចម្រុះ ចុះឃាត់គ្រឿងចក្រកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ ស្ថិតនៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកទុកជាសម្បត្តិរដ្ឋវិញ។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងស្រាវជ្រាវរកជនល្មើសដែល​​ទន្ទ្រាន​យកដី​គម្រប​ព្រៃឈើ​ជាង៧០០​ហិកតា ស្ថិតក្នុង​ស្រុកទឹក​​ផុស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់​។

អភិបាលរងខេត្តកំពង់ឆ្នាំង លោក សាន់ យូ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីដើមសប្ដាហ៍នេះ រូប​លោកនិង​អាជ្ញាធរពាក់ព័ន្ធបានចុះទប់ស្កាត់បទល្មើសឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០១ ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុក​ទឹក​ផុស ដោយ​បាន​ឃាត់​ជន​ល្មើស​ម្នាក់ ត្រាក់ទ័រ​ចំនួន២គ្រឿង និង​ដកហូតដីប្រមាណ៦០​ហិកតា ខណៈម​ន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរកឃើញករណីទន្ទ្រានយកដី៧១១ហិកតា ក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២។

លោក​​បន្តថា ក្រោយការ​ចុះ​បង្ក្រាបករណី​នេះ​ រដ្ឋបាលព្រៃឈើក៏​បាននិង​កំពុងកសាងសំណុំរឿង​ ដើម្បីចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ផងដែរ។

លោកលើកឡើងថា៖ «ចំពោះនីតិវិធីបែបណា ចាំរដ្ឋបាលព្រៃឈើនឹងចេញរបាយការណ៍តាមនីតិវិធីរបស់គាត់។ បើនិយាយពីម្ចាស់ហ្នឹង គឺជាបឋម យើងរកឃើញតែមួយម្ចាស់ទេ»

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទី​រកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹងមួយឱ្យជនទាំងឡាយណាដែលបានឈូសឆាយដីគម្របព្រៃឈើចំនួន​៧១១ហិកតា ស្ថិតក្នុងឃុំក្រាំងស្គារ និងឃុំជៀប ស្រុកទឹកផុស ត្រូវចូលមកបង្ហាញខ្លួននៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត​ និង​ភ្ជាប់​មកជាមួយ​ឯកសារពាក់ព័ន្ធផ្សេងៗក្នុងរយៈពេល៣០ថ្ងៃ។

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានព្រមានចាត់វិធានការច្បាប់តឹងរ៉ឹង ប្រសិនបើជនល្មើសដែលពាក់ព័ន្ធមិនព្រមបង្ហាញខ្លួន។

លោកបន្ថែមថា៖ «នៅក្នុង​សេចក្ដីជូនដំណឹង យើង​បានបញ្ជាក់ហើយថា បើគាត់មានឯកសារពាក់ព័ន្ធអីត្រូវបង្ហាញ ឱ្យគាត់យកមកបង្ហាញមក! បើបង្ហាញទៅ ឃើញទិដ្ឋភាពខុសច្បាប់ យើងនឹងដកហូតយកជាទ្រព្យសម្បត្តិរបស់រដ្ឋ»

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស (ADHOC) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា បាន​សាទរ​ចំពោះ​ចំណា​ត់ការរបស់អាជ្ញាធរខេត្តដែល​ប្រមូលយកដីព្រៃរបស់រដ្ឋមករក្សាទុកវិញនេះ ប៉ុន្តែលោក​ក៏បង្ហាញការសោកស្ដាយផងដែរ ចំពោះការបាត់បង់ព្រៃឈើ និងការបណ្ដែតបណ្ដោយឱ្យបទល្មើសកើតរួចយូរហើយ ហើយ​អាជ្ញាធរទើប​ចុះអនុវត្ត។

មន្ត្រី​សិទ្ធិមនុស្សរូប​នេះបានជំរុញទៅអាជ្ញាធរពាក់ពន្ធស្វែងរកចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដោយ​ឈរ​គោល​ការណ៍​យុត្តិធម៌និង​ស្មើភាពគ្នា មិន​ថាជនល្មើសជាអ្នកមានលុយមានអំណាច ឬពលរដ្ឋក្រក្រីឡើយ។ លោកថា កន្លងមក​ អាជ្ញាធរចាត់វិធានការបានតែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ខណៈ​អ្នក​មាន​លុយមាន​អំណាច​មិន​ត្រូវ​បាន​ផ្ដន្ទាទោសទេ។

លោកបន្ថែមថា៖ «ខ្ញុំសំណូម​ពរ​ឱ្យការអនុវត្តច្បាប់ហ្នឹងមានភាពយុត្តិធម៌។ យើងបារម្ភខ្លាចដូចចំណាត់ការកន្លងមក យើងឃើញថា ការនាំខ្លួន ការកោះហៅ ការអនុវត្តហ្នឹង បានលើតែពលរដ្ឋទន់ខ្សោយទេ។ ឯអ្នក​ដែល​​មា​ន​អំណាចនិងមន្ត្រីរាជការដែលមានកំហុសធ្ងន់ធ្ងរហ្នឹង មិនត្រូវបាននាំមកដាក់ទោសទេ យើងឃើញនាំតែពលរដ្ឋក្រីក្រ។ អ៊ីចឹង​​យុទ្ធនាការនេះ យើងសង្ឃឹមថា រដ្ឋាភិបាលនឹងអនុវត្តជាទូ​ទៅ ផ្ដល់​ភាពយុត្តិធម៌ទាំង​ពលរដ្ឋ​និង​មន្ត្រីទាំង​អស់»

មាត្រា៩៧ នៃច្បាប់ស្ដីពីព្រៃឈើ ចែងថា ការកាប់រានព្រៃ ឬហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ត្រូវផ្ដន្ទាទោសពី៥ទៅ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាំងទាំងអស់មកទុកជាសម្បត្តិរដ្ឋវិញ ដកហូតកិច្ចព្រមព្រៀង អាជ្ញាបណ្ណ លិខិតអនុញ្ញាត ​រួមទាំងកម្ទេច​ចោលវត្ថុ​តាង​ក្លែង​បន្លំ។

ចំណែក​មាត្រា១០០នៃច្បាប់ដដែលនេះ ចែងថា ប្រសិនបើបទល្មើសនោះប្រព្រឹត្តដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីអាជ្ញាធរផ្សេងទៀត ដោយបានធ្វើអន្តរាគមន៍ ផ្ដល់ការអនុញ្ញាតឬប្រយោល ដើម្បីជួយដល់សកម្មភាពល្មើសគ្រប់យ៉ាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យពី១០លានរៀល ទៅ ១០០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ