មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​មក​ទស្សនកិច្ច​នៅ​កម្ពុជា​និង​ឥណ្ឌូនេស៊ី ដើម្បី​រកដំណោះស្រាយ​វិបត្តិ​នៅ​ភូមា

លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាមេរិក។ (U.S. Department of State)

ទីប្រឹក្សាក្រសួងការបរទេសអាមេរិក​ ​ធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ពង្រឹងតួនាទីរបស់អាស៊ានទាក់ទងនឹងស្ថិរភាពក្នុងតំបន់ ព្រមទាំងដោះស្រាយវិបត្តិដែលកំពុងតែបន្តកើតឡើងនៅក្នុងប្រទេសភូមា។

ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី០៨ ខែធ្នូ ម្សិលមិញនេះ បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet នឹងធ្វើដំណើរមកកម្ពុជា និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៨ ដល់ទី១៣ ខែធ្នូ ដើម្បីជួបពិភាក្សាជាមួយអ្នកពាក់ព័ន្ធនានាលើបញ្ហាសំខាន់ៗក្នុងតំបន់ ដែលបូករួមទាំងវិបត្តិនៅក្នុងប្រទេសភូមាផងដែរ។

ប្រភពដដែលបន្តថា ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារូបនេះ ក៏នឹងពង្រឹងតួនាទីស្នូលរបស់អាស៊ាន (ASEAN centrality) និងតួនាទីសំខាន់របស់អាស៊ានក្នុងស្ថិរភាពតំបន់ កំណើនសេដ្ឋកិច្ច និងការរក្សាឱ្យបាននូវសណ្ដាប់ធ្នាប់ដែនសមុទ្រដែលផ្អែកលើច្បាប់ ជាពិសេសនៅឯសមុទ្រចិនខាងត្បូង។

ក្រសួងការបរទេសអាមេរិកគូសបញ្ជាក់ដែលមានន័យជាភាសាខ្មែរថា៖ «នៅក្នុងទីក្រុងភ្នំពេញ លោក Derek Chollet នឹងពិភាក្សាអំពីតួនាទីក្នុងនាមជាប្រធានអាស៊ានប្ដូរវេននាពេលខាងមុខរបស់កម្ពុជា។ ជាមួយគ្នានេះ លោកក៏នឹងពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សង្គមស៊ីវិល និងប្រជាជនកម្ពុជាផងដែរ»។

ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet បានចែករំលែក (share) ការ​ផ្សាយ​របស់ក្រសួងការបរទេសអាមេរិកនៅលើប្រព័ន្ធ twitter របស់លោក ហើយ​សរសេរ​ខ្លឹមសារ​ (caption) ថាលោកនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីតួនាទីជាប្រធានអាស៊ានប្ដូរវេន ពង្រឹងអាស៊ាន និងផ្ដោតលើវិបត្តិ​​នយោបាយនៅប្រទេសភូមា​។

លោក Derek Chollet សរសេរដោយ​មានន័យជាភាសាខ្មែរថា៖ «ក្នុងសប្ដាហ៍នេះ ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីតួនាទីជាប្រធានអាស៊ានប្ដូរវេននាពេលខាងមុខរបស់កម្ពុជា ពង្រឹងតួនាទីរបស់អាស៊ានទាក់ទងនឹងស្ថិរភាពក្នុងតំបន់ ក៏ដូចជាដោះស្រាយវិបត្តិដែលកំពុងតែបន្តកើតឡើងនៅក្នុងប្រទេសភូមា»។

ក្រសួងការបរទេសអាមេរិកថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ពេលទៅទីក្រុងហ្សាកាតា លោក Derek Chollet នឹងផ្ដោតទៅលើភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី​ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

បើតាមក្រសួងការបរទេសអាមេរិក ក្នុងដំណើររបស់ទីប្រឹក្សារូបនេះ លោកក៏នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដើម្បីជំរុញរបបយោធាភូមាឱ្យបញ្ឈប់នូវអំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងឡាយ អនុញ្ញាតឱ្យមានសកម្មភាពមនុស្សធម៌ចូលទៅកាន់ប្រទេសដោយមិនមានការរារាំង និងស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យរបស់ភូមាផងដែរ។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier ប្រាប់ វីអូឌី តាមប្រព័ន្ធសារ​អេឡិច​ត្រូនិចអ៊ីម៉ែលនៅថ្ងៃនេះ ដូចអ្វីដែលក្រសួងការបរទេសអាមេរិកលើកឡើងដែរ។

លោក Chad Roedemeier សរសេរថា៖ «លោក Derek Chollet នឹងពិភាក្សាអំពីតួនាទីក្នុងនាមជាប្រធានអាស៊ានប្ដូរវេននាពេលខាងមុខរបស់កម្ពុជា។ លោកក៏នឹងពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សង្គមស៊ីវិល និងប្រជាជនកម្ពុជា។ […] លោក Derek Chollet នឹងផ្ដោតទៅលើភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក កុយ គួង ​​សុំមិនធ្វើអត្ថាធិប្បាយជុំវិញដំណើររបស់ទីប្រឹក្សាក្រសួងការបរទេសអាមេរិកមកកម្ពុជាទេ។

លោក កុយ គួង តបយ៉ាងខ្លីតាមតេលេក្រាមថា៖ «សុំមិនទាន់មានមតិសិន»។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាក្រសួងការបរទេសអាមេរិក ដោយថា នេះជាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាជាមួយសហរដ្ឋអាមរិក។

លោក ផៃ ស៊ីផាន ​មានជំនឿថា ប្រទេសទាំង២នឹងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាយល់ពីបញ្ហាប្រឈមរវាងគ្នាទៅវិញទៅមកផងដែរ។

លោកមានសុទិដ្ឋិនិយមថា អាមេរិកនឹងយល់ពីបំណងនៃទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលទៅភូមា ដោយថា នេះមិនមែនជាការទទួលស្គាល់ឬលើកតម្កើងភាគីណាមួយនោះទេ។

លោក ផៃ ស៊ីផាន ថា៖ «ខ្ញុំជឿជាក់ថា កាលណាជួបគ្នា យើងយល់គ្នាហើយ យើងដឹងអំពីហ្នឹង ហើយយើងសង្ឃឹមថា ជំនួបនេះ អ្វីដែលយើងសង្ឃឹមទុក គឺថានៅពេលដែលយល់ សហរដ្ឋអាមេរិកហ្នឹងច្បាស់ជាជួយធ្វើឱ្យកម្ពុជាមានលទ្ធភាពអាចធ្វើឱ្យមានការវិលត្រលប់មកកាន់ដំណោះស្រាយនយោបាយណាមួយសមស្របរវាងភាគីពាក់ព័ន្ធទាំងអស់របស់ភូមា ហើយបញ្ចប់នូវឃាតកម្ម ការបញ្ចប់នូវសោកនាដកម្មរបស់ភូមានេះឯង»។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាការបរទេសអាមេរិកមកកម្ពុជា និងឥណ្ឌូនេស៊ីនេះ ហេតុផលធំមួយគឺផ្ដោតសំខាន់លើបញ្ហាភូមា។ លោកថា លោក Derek Chollet មកទស្សនកិច្ចកម្ពុជា ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ រីឯឥណ្ឌូនេស៊ីគឺជាប្រទេសដែលគេមើលឃើញថាជាបងធំអាស៊ាន ជាប្រទេសនាំមុខផ្នែកការទូតលើវិបត្តិភូមា ដែលអាមេរិកត្រូវតែធ្វើការជាមួយ​។

លោកបន្តថា អាមេរិកចង់ស្ទាបស្ទង់ពីដំណើរការដោះស្រាយបញ្ហាភូមាក្នុងយន្តការអាស៊ាន ស្របពេលប្រទេសមហាអំណាចមួយនេះចង់ដឹងថាខ្លួនអាចជួយអ្វីខ្លះដល់អាស៊ាន ហើយអាស៊ានត្រូវការឱ្យអាមេរិកជួយអ្វីខ្លះ​ដែរ។

លោក វណ្ណ ប៊ុនណា ប្រាប់ថា៖ «ដំណើរទស្សនកិច្ចរបស់គាត់ ជារួមគឺផ្ដោតសំខាន់ទៅលើបញ្ហានៅភូមា។ ហើយអ្វីដែលគាត់ចង់ដឹង អាចប្រហែលជាចង់ដឹងពីជំហររបស់កម្ពុជាដែលវិវត្តចុងក្រោយទាក់ទងនឹងការអញ្ជើញរបស់មេដឹកនាំយោធា ជាពិសេសរដ្ឋមន្ត្រីការបរទេសរបស់ភូមាដែលអញ្ជើញមកកម្ពុជាកាលពីថ្ងៃមុន។ ហើយមួយទៀត ទាក់ទងពីគម្រោងទស្សនកិច្ចសិក្សារបស់លោកនាយករដ្ឋមន្ត្រី [ហ៊ុន សែន] នៅភូមានាខែក្រោយផងដែរ»។

តាមការគ្រោងទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើទស្សនកិច្ចនៅប្រទេសភូមា នៅថ្ងៃទី​៧-៨ ខែ​មករា ឆ្នាំ២០២២ខាងមុខនេះ តបតាមការអញ្ជើញរបស់មេដឹកនាំរបបយោធាប្រទេសនេះ​ លោក ​Min Aung Hlaing បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ