អាជ្ញាធរព្រមានចាត់វិធានការច្បាប់លើបុគ្គលទន្ទ្រានកាន់កាប់ដីតំបន់ការពារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ក្រុមការងារចម្រុះខេត្តព្រះសីហនុ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។(ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ)។

រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការផ្លូវ​ច្បាប់​ លើបុគ្គលទាំងឡាយណាដែរ​​ពាក់ព័ន្ធ ករណី​​រុករានទន្ទ្រានដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីតំបន់អភិរក្ស និងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ក្នុងសេចក្តីជូន​​ដំណឹងចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១​ រដ្ឋបាលខេត្តព្រះសីហនុ បាន​បញ្ជាក់​ថា សកម្ម​ភាព​រុករានទន្ទ្រានកាន់កាប់ ឈូសឆាយ សាងសង់​សំណង់មិនរៀបរយ និងការ​​ធ្វើសកម្ម​​ភាព​​ផ្សេងៗ​នៅលើដីគម្រប​ព្រៃ​ឈើ ដី​ព្រៃលិ​ច​ទឹក ដី​តំបន់​អភិរក្ស និង​ដី​កម្មសិទ្ធិឯក​ជនជាដើម ជា​បទល្មើសដែល​មានចែង​ក្នុង​ក្រម​រដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ភូមិបាល។

រដ្ឋបាលខេត្តបន្ត​ថា៖ «ដើម្បីជៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវជាថ្មីម្តងទៀតដល់បុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយដូចមានរៀបរាប់ខាងលើ ដោយធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរកាន់កាប់ដីរដ្ឋ និងម្ចាស់កម្មសិទ្ធិស្របច្បាប់។ បុគ្គលពាក់ព័ន្ធទាំងឡាយណាដែលបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើ នឹងត្រូវផ្តន្ទាទោសតាមមាត្រាច្បាប់»។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្លែង​ប្រាប់វីអូឌី​នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលខេត្តចេញ សជណ (សេចក្តីជូនដំណឹង)នេះ ដោយសារតែមានការទន្ទ្រានដីរដ្ឋ​ខុស​​ច្បាប់ ជាច្រើនករណី ប៉ុន្តែលោក​ពុំទាន់អាចបញ្ជាក់លម្អិត​ថាតើមានការទន្ទ្រានដី​​រដ្ឋ​ខុស​ច្បាប់​​​ចំនួន​ប៉ុន្មាន​ករណី​​ និង​​អត្តសញ្ញាណអ្នកប្រព្រឹត្តបទល្មើស​​នៅឡើយ។

លោកបញ្ជាក់​ថា៖«ខ្លឹមសារគឺធ្វើម៉េចឱ្យអ្នកពាក់ព័ន្ធហ្នឹងសហការ និងដកថយ បើព្រមដកថយរួច​ខ្លួន បើសិនជានៅមិនព្រមដកថយទេ អាហ្នឹងយើងធ្វើតាមផ្លូវច្បាប់។ ការជូនដំណឹងនេះ គឺជាវិធានការមួយស្រាលហើយ តែករណីអ្នកដែលអត់សហការ អ្នកដែលនៅតែបន្តប្រព្រឹត្តបទល្មើស គឺយើងបានចាត់វិធានការផ្លូវច្បាប់ជាបន្តបន្ទាប់ ហើយចាប់បញ្ជូនខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់»។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុកខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី មាន​ប្រសាសន៍ថា ករណីទន្ទ្រានដីតំបន់ការពារ​ ឬដីរដ្ឋដោយខុសច្បាប់​នេះ បាន​កើ​តមាន​ជា​យូរណាស់​មកហើយ ប៉ុន្តែការទប់ស្កាត់​របស់​អាជ្ញាធរហាក់​មិនមានប្រសិទ្ធិភាព។ លោក​ស្រី​បាន​ដាក់ជា​ចម្ងល់​​ថា ទីតាំងខ្លះក្នុងខេត្តព្រះសីហនុ ជាដី​ព្រៃលិចទឹក ប៉ុន្តែបែរ​ជាមានការ​​ផ្តល់​បណ្ណ​កម្មសិទ្ធិ និង​លិខិតសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ទៅវិញ។

លោកស្រី​ថា៖ «រឿងហ្នឹងវាកើតយូរហើយមិនមែនទើបតែកើតឡើងឥឡូវហ្នឹងទេ ហើយវាកើតឡើងជាបន្តបន្ទាប់។ ប៉ុន្តែយើងអត់បានឃើញមន្ត្រីជំនាញធ្វើការឱ្យចេញជាលទ្ធផលថាទប់ស្កាត់កុំឱ្យមានការទន្ទ្រានទេ វាបែរទៅជាឃើញថាស្ថានភាពទន្ទ្រានយកហ្នឹង វាបានសម្រេច»។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងថា អាជ្ញាធរត្រូវតែចាត់វិធានការច្បាប់ដោយមិនចាំបាច់ព្រមានទេ បើសិនបុគ្គលហ៊ានរំលោភបំពានលើដីសាធារណៈរបស់រដ្ឋ ឬក៏ដីរបស់ប្រជាពលរដ្ឋ។

លោកថា៖ «គាត់ត្រូវចាត់វិធានការភ្លាមៗ មិនបាច់ព្រមានទេ ការព្រមានគ្រាន់តែជាការគោះទឹកបង្អើលត្រីតែប៉ុណ្ណឹង បន្ទាប់ទៅមានការស្ងប់ស្ងាត់អីជាដើមដែលធ្វើឱ្យជនល្មើសកាន់តែបានដៃ ហើយនិងកើតនិទណ្ឌភាពចំពោះបញ្ហារំលោភដីសាធារណរបស់រដ្ឋ និងដីពលរដ្ឋ»។

បើតាមរដ្ឋបាលខេត្ត មាត្រា៩៧ និង​៩៨នៃច្បាប់ស្តីពីព្រៃឈើ​ បានកំណត់ថា ជនណា​ដែល​បាន​​ប្រព្រឹត្ត​​ប​ទ​​ល្មើស​ ដូចជា ក្លែងបន្លំលិខិត​សាធារណៈដែលពាក់ព័ន្ធនឹងវិស័យព្រៃ​ឈើ​ ឬ​សត្វ​ព្រៃ បំផ្លាញ លាក់បាំង លក់ឬលួចវត្ថុតាងព្រៃឈើ កម្ទេច ផ្លាស់​ប្តូរ លុបបំបាត់​​ឬធ្វើឱ្យ​ខូច​ខាត​​ដល់​​ព្រំសីមា​នៃតំបន់ព្រៃឈើ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ និង​បង្ក​ឱ្យ​មានភ្លើងឆេះព្រៃដោយចេតនា​ជាដើម នឹងត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារពី ៥ឆ្នាំ​ទៅ​១០​ឆ្នាំ និង​​ត្រូវ​រឹប​អូស​​វត្ថុ​តាង​ទាំងអស់មកជាសម្បត្តិរដ្ឋ។

មាត្រា ៩៨នៃច្បាប់ស្តីពីជល​ផល ចែងថា ត្រូវផ្តន្ទាទោស​ក្រោម​បទល្មើស​ជល​ផល​ថ្នាក់​ទី១ ដែលត្រូវ​ដាក់ពន្ធនាគារ​ពី ៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជាសម្បត្តិរដ្ឋ ឬ​បំផ្លាញ​ចោល និង​ដកហូត​កិច្ចព្រមព្រៀងឬលិខិត​អនុញ្ញាត​ចំពោះជនណា​ដែល​កាប់ឆ្ការ​គាស់រាន ឈូស​ឆាយ និងហ៊ុមព័ទ្ធ​​ព្រៃលិចទឹក និងព្រៃកោងកាង។

ដោយឡែក មាត្រា​៥៦និង៦២នៃច្បាប់ស្តីពីតំបន់ការពារ ចែងថា ជន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​​ណា​មួយ ដូច​ជា កាប់គាស់ រុករាន ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធ ឬការយកថ្ម ​ក្រួស ខ្សាច់ រ៉ែ ការ​គាស់​ឈូសឆាយឬចាក់កុប​ ឬចាក់បំពេញដីជាដើម ដោយគ្មាន​ការ​អនុញ្ញាត​ នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ឆ្នាំ ទៅ១០ឆ្នាំ និង/ឬ​ទោសពិន័យជាប្រាក់ពី ១៥លាន​រៀល​ទៅ ១៥០លាន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ