បទយកការណ៍៖ កសិករ​មួយចំនួន​នៅ​ខេត្ត​ព្រៃវែង​សម្រេច​មិន​ធ្វើ​ស្រែប្រាំង ដោយសារ​ជីនិង​ប្រេងសាំង​កាន់​តែ​ឡើង​ថ្លៃ

កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ ឈន ផាន អាយុ៦២​ឆ្នាំ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការធ្វើស្រែប្រាំងនៅក្នុងសហគមន៍របស់លោក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ (ឆន រស្មី)

វាល​ស្រែខៀវ​ស្រងាត់​នៅ​លើផ្ទៃ​ដី​រាប់​រយហិកតា​ កំពុង​​ប្រណាំង​ប្រជែង​​គ្នា​​អួ​​ត​សម្រស់​ទាក់​ទាញ​​អ្ន​កដំណើរដែល​ធ្វើដំណើរ​​ឆ្ពោះ​ទៅ​​កាន់​​​​ទី​​ជន​​បទ​។ ខេត្ត​ព្រៃវែង ជាខេត្តមួយក្នុងចំណោមបណ្ដា​ខេត្ត​ផ្សេងទៀតដែល​ផលិត​ស្រូវច្រើន​ ទាំង​ស្រូវ​ប្រាំងនិងវស្សា នៅ​​ក្នុង​ឆ្នាំ២០២០ ដោយ​ផលិត​បាន​ស្រូវប្រមាណ​១លាន​៤សែន​​តោន។

តែយ៉ាងណា សម្រាប់ចុងឆ្នាំ២០២១នេះ​​ កសិករមួយចំនួនហាក់​​ស្ទាក់ស្ទើរ​ និង​មួយចំនួនទៀតបាន​សម្រេចចិត្ត​មិន​ធ្វើ​ស្រូវ​ប្រាំង​ទៀត​ឡើយ​ បើ​ទោះបីជាមានប្រភព​ទឹកគ្រប់គ្រាន់ក៏ដោយ។

កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ ឈន ផាន អាយុ៦២​ឆ្នាំ ​ដែល​​ប្រកបរបរធ្វើស្រែ​លើផ្ទៃដី​ជាង២ហិកតា​​​ បានរៀបរាប់ថា នៅតំ​បន់ដែល​លោក​រស់នៅ​ ​ជា​​ទូទៅ​កសិករ​ធ្វើ​ស្រែ៣ទៅ​​៤ដង​ក្នុង​​​មួយ​​ឆ្នាំ។ ប៉ុន្តែលោកថា នៅឆ្នាំ​នេះ តម្លៃ​​ជី ​​ប្រេង​​សាំង និងថ្នាំកសិកម្ម ហក់ឡើងខ្ពស់ជាងឆ្នាំមុន ដែល​ជំរុញ​​ឱ្យរូបលោកនិង​​កសិករមួយចំនួន​​កាត់​បន្ថយ​​​ការ​ធ្វើស្រែ និង​​មួយចំនួនទៀតសម្រេចចិត្ត​បោះ​បង់​ការ​ធ្វើ​ស្រែ​ប្រាំង ហើយ​ទៅ​ស៊ីឈ្នួលគេ​ឬទៅ​ធ្វើ​សំណង់វិញ។

លោកថា៖ «​ក្រៅពី​ធ្វើស្រែ​ កូន​ខ្ញុំ​ធ្វើ​សំ​ណង់ ទាំង​ខ្ញុំ​ក៏ធ្វើជាង​សំណង់​ដែរ​ហ្នឹង​ មាន​លុយ​ហ្នឹង​ជួយ​ទប់។​ កាលពី​ធ្វើមុន ស្រូវ​ហ្នឹង ​បាន​គ្រាន់ចាយ​គ្រាន់អី​ដែរក្មួយ ទិញនេះ​ទិញនោះ​ដែរ ទាល់ឥលូវ​ជីវា​ថ្លៃ​ អ៊ីចឹង​វា​ពិបាកដែរ។ ធ្វើវា[ធ្វើស្រែ]នេះ ផ្អាក​ធ្វើ​ឆ្នាំ​ហ្នឹង​ ផ្អាកមួយកន្លែងដែរ​ហើយ​មើលទៅ​»។

លោកបន្ថែម​ថា ការធ្វើស្រែ បើប្រៀបធៀបទៅ​ឆ្នាំមុន​ខុសគ្នាជាង​ពាក់​កណ្ដាល ​ដែលជាហេតុជំរុញឱ្យលោកត្រូវរកចំណូលក្រៅពីការធ្វើស្រែ​។  ​

លោកថា៖ «ឆ្នាំមុនៗ​ ដូចខ្ញុំ​ថា​អ៊ីចឹង មួយឆ្នាំ​បាន​៣លានរៀល​ ប្រហែលដក​ភាគរយជាង​ហ្នឹងហើយក្មួយ! ប្រហែលជា​វា​ចូល​១លាន​ជាងតិចតួច។​ យើង​បើរកក្រៅ ​វាគ្រាន់បើជាង​ វាទ្វេជាពីរ ស្រុក​ស្រែ​មិនឈប់​បាន​ទេ​ក្មួយ ទោះថោកយ៉ាងណា​ក៏នៅ​តែ​ធ្វើ​ដែរ​។ របរស្រែហើយ ប៉ុន្តែគ្រាន់តែគ្នាបន្ថយដៃ យើងធ្វើ​៣សារ​អ៊ីចឹងទៅ​ ថយ២សារ​អ៊ីចឹងទៅ​»។

នៅមិនឆ្ងាយប៉ុន្មានពីលោក ឈន ផាន ​កសិករមួយរូបទៀតដែល​ធ្វើស្រែនៅ​លើផ្ទៃដី៨ហិកតា លោក លឹម​ សារ៉ាន់ ​បាន​លើក​ឡើង​ថា​ ​រៀងរាល់​ឆ្នាំ ​លោករស់អាស្រ័យ​ផល​លើរបរធ្វើស្រែ ប៉ុន្តែពេលខ្លះ​ក៏ត្រូវឆ្លៀត​ទៅរក​ចំណូលពីរបរផ្សេងផងដែរ។

កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ លឹម សារ៉ាន់ អាយុ៦២​ឆ្នាំ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការធ្វើស្រែប្រាំងនៅក្នុងសហគមន៍របស់លោក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ លឹម សារ៉ាន់ អាយុ៦២​ឆ្នាំ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការធ្វើស្រែប្រាំងនៅក្នុងសហគមន៍របស់លោក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ (ឆន រស្មី)

លោកថា៖ «សម្រាប់ការចាយ​រាល់​ថ្ងៃ ជួន​​ក៏ខ្វះខាត​តិចតួចដែរ ជួន​ទៅ​ក៏មិនសូវ​ដិតដល់ប៉ុន្មាន។​ បើយើង ដល់វគ្គស្រូវ​អ៊ីចឹង​ទៅ ​ចាយវាយរាងគួរសម​ ដល់យើងដាច់​​មួយវគ្គអ៊ីចឹងទៅ ​វា​រាងពិបាក​តិចដែរ​ ទាល់តែរកចំណូលក្រៅ ​ដូចជា​ ឆ្លៀតទៅដឹកដី​ឱ្យគេ​អ៊ីចឹង ទៅ​យក​លុយ​តិច​តួចមក​រួម​ផ្សំ​អ៊ីចឹងទៅ​ គ្រាន់ចាយ​កូន ទៅអ៊ីចឹង​ទៅ​»។

កសិកររូបនេះនិយាយថា ប្រសិនបើតម្លៃជីនិង​ប្រេងបន្តឡើង​ថ្លៃទៀត ស្របពេលពូជស្រូវ​ថ្លៃ រីឯតម្លៃស្រូវចុះថោកនោះ លោកនឹងពិចារណាឈប់ធ្វើស្រូវខ្លីឬស្រូវប្រាំងតែម្ដង។ ​

លោកថា៖ «ឱ្យ​តែ​ប្រេងជី​ឡើងថ្លៃ គេលែងហ៊ាន​ធ្វើស្រូវ​ខ្លី​ហើយ ព្រោះស្រូវ​ខ្លី​យើង​ដាក់​ជី​ច្រើន​ វាទៅ៧ទៅ៨បេ​ក្នុងមួយហិកតា។ ស្រូវ​ខ្លី​យើង យើង​បាចជី​៣ដង​ ម្ដងយើងបាច៣បេ»។

មានវ័យ​៣៤ឆ្នាំ កសិករម្នាក់ទៀត​រស់នៅ​ភូមិ​ព្រៃក្វែក ឃុំ​ស្វាយអន្ទរ ស្រុក​ស្វាយ​អន្ទរ​ ខេត្តព្រៃវែង អ្នកស្រី សុត ផា មានប្រសាសន៍ថា​ ជារៀងរាល់​ឆ្នាំ ​អ្នកស្រី​ធ្វើ​ស្រូវ​​លើដីស្រែជិ​ត១ហិកតា ហើយភាគច្រើន​អ្នកភូមិយក​ប្រភេទ​ស្រូវខ្លី ឬ​ស្រូវស្រាលមកធ្វើ ប៉ុន្តែឆ្នាំនេះ ស្ទើរតែខាតទាំងអស់​ ដោយសារ​ជំនន់ទឹកភ្លៀង។ ​យ៉ាងនេះក្ដី គាត់​ថា មកដល់ខែនេះ​ចាប់ផ្ដើមខ្សត់ទឹកបន្តិច ហើយ​កសិករត្រូវបូមទឹក​ពីប្រឡាយ ដែលត្រូវចំណាយលើប្រេងសាំង​ច្រើនផងដែរ។

អ្នកស្រី​ថា៖ «ដឹងសល់បានប៉ុន្មានទេ សារហ្នឹង​មិនស្រួល​ សងគេមិនគ្រាន់ផង​ ដោយសារបូមទឹកពេក បូមលេង១ហិកតា [ប្រើប្រេង​សាំង​អស់]២កាន មិន​ទាន់ពេ​ញ​ផង ហើយបូមមិនទាន់ដកម៉ាស៊ីនផង​ រីង! ដក​ម៉ាស៊ីន រីង!​ លុយគិត​២០ម៉ឺនជាង​ហើយ បើគិត​​១កាន​១០ម៉ឺនជាង​។ យើងបូម៣យប់៣ថ្ងៃ​ អ៊ីចឹង​​ហើយ​យើងដកម៉ាស៊ីន​​មិនទាន់ផង​ រីង​បាត់ទៀតហើយ ចុះទម្រាំគ្រប់​៣ខែ​ មិនដឹងជាប៉ុន្មានកានទេ ហើយជីអន់បំផុតក៏​៧បេដែរ»។

អ្នកស្រី​បញ្ជាក់​ថា ការ​រស់ពឹង​​តែលើការធ្វើស្រែ​មួយមុខ មិន​អាច​​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន​​ទាំង​ស្រុង​នោះទេ​ ព្រោះបច្ចុប្បន្ន ការធ្វើស្រែចំណាយដើមទុន​ច្រើនខ្លាំងពេក ទៅលើ​ការភ្ជួររាស់ដី ការទិញ​ថ្នាំ ជី ប្រេងសាំង និងការ​ច្រូតកាត់ ជាដើម ខណៈតម្លៃជីនិងតម្លៃប្រេងសាំងនៅឆ្នាំនេះបាន​ហក់ឡើង​ខ្ពស់​នោះ។

អ្នកស្រីបន្ត៖ «ប្ដីធ្វើសំណង់រាល់​ថ្ងៃហ្នឹង​។ ធ្វើស្រែពឹងស្រូវសុទ្ធមិនកើតទេ បើធ្វើឱ្យតែចិន មិនគ្រាន់ផង​ហ្នឹង​ គ្រាន់តែម៉ាស៊ីន​ច្រូត​ ១ហិកតា​២០​ម៉ឺន​ជាង​ អាត្រាក់[ភ្ជួររាស់]១ហិកតា ៣០ម៉ឺនជាង​ ជួលគេមួយចប់! ទោះអ្នកមានគោយន្ត​ ក៏គេជួលដែរ»។

កាលពីដើមខែវិច្ឆិកា ឆ្នាំនេះ​ តម្លៃប្រេងសាំង​បានហក់ឡើងដល់​៤ ៥៥០រៀល​ក្នុង​មួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ៤ ១០០រៀលក្នុងមួយលីត្រ ប៉ុន្តែ​តម្លៃបានធ្លាក់ចុះបន្តិចវិញ គិត​ចាប់​​ពីថ្ងៃទី១៥ ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងនោះ ​​តម្លៃសាំងធម្មតា​បាន​ចុះមក​ត្រឹម​៤ ១០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ៣ ៧៥០រៀល​ក្នុងមួយលីត្រ។

អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង​ លោក សំ សារុន លើកឡើងថា កសិកម្មនៅខេត្តនេះមានគ្រប់រដូវកាល ហើយ​​មន្ទីរកសិកម្មខេត្ត​ក៏ធ្លាប់ជំរុញឱ្យកសិករប្រើជីធម្មជាតិជំនួសជីគីមីវិញ ដើម្បីកាត់បន្ថយការចំណាយ​។

លោកថា៖ «​គាត់និយាយចេះនិយាយហើយ ប៉ុន្តែ​តាមខ្ញុំមើលតាមភាពជាក់ស្ដែង​គ្មានរដូវកាល​ទេឥលូវ​។ ឃើញស្រូវបែកគុម្ពនៅបែកគុម្ព ស្រូវទុំនៅតែទុំ​ ប៉ុន្តែមន្ទីរកសិកម្មក៏មិនផ្ដោតលើជីគីមីហ្នឹងដែរ​​​​​​​ ឱ្យគាត់គិតលើថ្លៃដើមផលិតរបស់ពួកគាត់។ ហើយបច្ចុប្បន្ននេះ យើងមិនមែនផ្ដោតលើទិន្នផលខ្ពស់ទេ​ យើងចង់បានទីផ្សារ»។

លោកបន្តថា បច្ចុប្បន្ន​ ​មន្ទីរកសិកម្មខេត្តក៏កំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយចំនួន ក្នុងគោលបំណងប្រមូលលាមកសត្វ​ដើម្បីកែច្នៃទៅជាជីធម្មជាតិវិញ​។ ក្រៅពីនេះ លោក​រំពឹង​ថា ​ប្រជាពលរដ្ឋ​​នឹងពិចារណា​រវាង​ការប្រើប្រាស់ជីគីមីនិង​ជីធម្មជាតិ។ បន្ថែមពីនេះ លោកថា ប្រជាកសិករគួរដាំបន្លែនិ​ង​ដំណាំផ្សេងៗ​ ដើម្បីជំនួសការធ្វើស្រែតែមួយមុខ​។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) លោក ​ថេង សាវឿន យល់ថា ការ​លើកឡើង​របស់​ប្រជាកសិករ គឺ​​ជា​ក្ដីបារម្ភមួយ ពិសេសការជំ​ពាក់​បំ​ណុល​គេ ដោយសារ​តែ​តម្លៃជីនិង​​សម្ភារផ្សេងៗបន្ត​ឡើង​​ថ្លៃ ​ហើយ​​​នៅ​ពេលដែល​ទទួល​បាន​ផល​ស្រូវ បែរជាស្រូវ​​​មាន​តម្លៃថោកទៀត។ លោកថា បញ្ហានេះ​ជា​ហេតុ​ដែល​ធ្វើ​​ឱ្យ​​កសិករ​មិនអាចប្រថុយប្រថានក្នុងការប្របករបរធ្វើស្រូវប្រាំងបន្តទៀត។

លោក​​ថា៖ «ហើយចំណុចទី​២ ​ដើម្បី​​ឱ្យពួក​គាត់ទទួល​បាន​នូវការចំណេញ ​រដ្ឋាភិបាល​ត្រូវ​តែ​គិត​ពិនិត្យទៅ​លើតម្លៃជី​​​​​​​​ឬប្រេង​ដែលហក់ឡើង​ថ្លៃ​ ដោយធ្វើ​យ៉ាង​ណា​អន្តរាគមន៍ដោះស្រាយ​បញ្ហា​ហ្នឹង​! បើ​ពុំដូច្នោះទេ ការបោះ​បង់ចោលស្រែស្រូវ​ស្រាលហ្នឹង​ ធ្វើឱ្យ​យើងខាត​បង់​ច្រើន​ទៅលើស្បៀងអាហារ រួមទាំងការទុកដី​ទំនេរចោល»។

លោក ថេង សារឿន ​បន្ថែមថា ​​ក្នុង​ករណី​​ធ្វើស្រែមិន​ចំណេញឬខាតបង់នោះ កសិករអាច​ប្ដូរ​ទៅប្រកប​របរចិញ្ចឹម​សត្វ​បាន​ ដោយ​សារ​បច្ចុប្បន្នមុខរបរនេះកំពុង​​ទទួល​បាន​ការគាំទ្រ ​និង​មាន​តម្រូវ​ការទី​ផ្សារ​ខ្លាំង ហើយ​មិន​​សូវ​​ខាត​បង់​នោះដែរ។

ត្រលប់មករកកសិករនៅខេត្តព្រៃវែងវិញ លោក​ ឈន ផាន បាន​ស្នើដល់​​​រដ្ឋាភិបាលនិងក្រសួងស្ថាប័ន​ពាក់​ព័ន្ធជួយ​អន្តរាគមន៍​ធ្វើយ៉ាងណា​ដោះស្រាយបញ្ហាជីឡើងថ្លៃ និងជួយរកទីផ្សារស្រូវឱ្យមានតម្លៃយ៉ាងតិចក៏៩០០រៀលដែរ ទើបអាចឱ្យកសិករមានជីវភាពសមរម្យបាន។

លោកថា៖ «ខ្ញុំអត់មានអីទេ ចង់បានតែជីចុះថោកបន្តិច ស្រូវឡើងថ្លៃបន្តិច ឱ្យបានសមរម្យមក បានរស់ស្រួលហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ