ប្រធានាធិបតី​ហ្វីលីពីន ថា​ខ្លួន​នឹង​មិន​សុំទោស​ចំពោះ​ការស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ឡើយ

ប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Rody Duterte)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ (Rodrigo Duterte) បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា លោកនឹងមិនសុំទោសជាដាច់ខាតចំពោះការស្លាប់បាត់បង់ជីវិត​របស់​អ្នក​ប្រើប្រាស់និង​ជួញដូរគ្រឿងញៀន​ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឡើយ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីប្រធានាធិបតីហ្វីលីពីនរូបនេះ ដែល​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​ប្រចាំ​សប្ដាហ៍​ថា៖ «ខ្ញុំនឹងមិនសុំទោសជាដាច់ខាតចំពោះការស្លាប់ទាំងនេះ។ បើទោះបីជាត្រូវស្លាប់ឬចាប់ខ្ញុំដាក់គុក ក៏ខ្ញុំមិនធ្វើការសុំទោសឡើយ»។

យោង​តាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញ​ថា ជន​សង្ស័យ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជាង​៦ ០០០​នាក់បាន​​ស្លាប់​បាត់​បង់​ជីវិត​នៅក្នុងប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​ គិត​ចាប់តាំង​ពីលោក ​ឌុយទែរតេ ចូល​កាន់​តំណែង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៦ រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ២០២១។

ទាក់ទិន​នឹង​ករណី​នេះ ប្រទេស​ហ្វីលីពីន​ក៏ទទួល​រង​សម្ពាធ​ពី​អង្គការ​សហប្រជាជាតិ​ ក្នុង​​ការ​ស៊ើបអង្កេតលើការចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ជា​ប្រព័ន្ធ​លើជនសង្ស័យគ្រឿងញៀនទាំងឡាយ ខណៈដែល​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីពេលកន្លងទៅ ក៏ធ្លាប់បានប្រកាសពីគោលបំណងក្នុងការ​ស៊ើបអង្កេត​យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ​ឌុយទែរតេ ដែលបានសម្លាប់មនុស្សរាប់​ពាន់​នាក់​នេះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ