ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ដោយ​សារ​អំពើ​ពុក​រលួយ​

ចំណុចដៅលើផែនទីដែលជាទីតាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលនឹងត្រូវដកហូតមកជាសម្បត្តិរដ្ឋវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ (ហ្វេសប៊ុក៖ Ministry of Environment)

ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអះអាងថា មាន​ករណី​កាប់បំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់។

ការអះអាង​របស់​ប្រជាពលរដ្ឋនេះ ​បន្ទាប់ពី​ពួកគេ​បាន​ពើប​ប្រទះ​នឹង​គំនរ​ឈើ​ដែល​ទើប​កាប់​ថ្មីៗ និង​ឈើ​ដែល​បាន​ដឹកជញ្ជូន​ចេញ​ទាំង​ថ្ងៃ​ទាំង​យប់ ដែល​ពួកគេ​សន្មត់​ថា អាជ្ញាធរ​ដែល​ការពារ​នៅ​ក្នុង​តំបន់​នេះ ​គឺ​ជា​អ្នក​បើកដៃ​ឱ្យ​អ្នកកាប់ និង​ឈ្មួញឈើ​ធ្វើសកម្មភាព​ខុស​ច្បាប់​ទាំង​នេះ​។

អ្នក​នាំ​ភ្ញៀវ​លើ​ភ្នំឱរ៉ាល់ មាន​ស្រុក​កំ​ណើត ​នៅ​ភូមិ​ល្ងឹម ឃុំ​ត្រពាំង​ជោ ស្រុកឱរ៉ាល់ ខេត្ត​កំ​ពង់ស្ពឺ លោក​ កាយ គិន​ បានឱ្យដឹង​ថា បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំ ​​មាន​ការ​កាប់​បំ​ផ្លាញជា​រៀងរាល់​ថ្ងៃ​ដែលធ្វើឱ្យ​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់​ស្ទើ​តែ​បាត់​​បង់​។ លោកបន្តថា ​ការ​កាប់​នេះ​ពេល​ខ្លះ​មកពី​អ្នក​ចំណូល​ថ្មី​និង​អ្នក​ស្រុក​ភូមិដែល​មាន​របរ​ជា​អ្នក​កាប់​ឈើ​លក់ ខណៈដែល​អា​ជ្ញាធរ​និង​មន្ទីរ​បរិស្ថាន​​មិន​មាន​ការ​អើ​ពើ​ចំ​ពោះ​បញ្ហា​នេះ​ឡើយ។

លោកថា៖ «អាជ្ញាធរ​ឬក្រសួង​មន្ទីរ​បរិស្ថាន​អី ​គាត់​អត់​អើពើ​ផង ចេញមួយយប់ៗ​ច្រើន​គោយន្ត​ មាន​ការ​ដឹក​ចេញ​រហូត​»

លោក​បាន​សង្កេតឃើញ​ថា ឈើដែលអាចដឹកចេញបានមកពីមន្ត្រីមិនបានយកចិត្តទុកដាក់ និងគុបគិតជាមួយឈ្មួញ​។ លោកបន្ថែមថា ​ឈើប្រភេទល្អទីមួយ ស្ទើរតែបាត់បង់ហើយ នៅសល់តែប្រភេទឈើទីពីរ និងទីបីប៉ុណ្ណោះ​។​

លោកថា៖ «រាល់​ថ្ងៃ​មាន​តែ​លុយ​ហ្នឹង! បើអត់​លុយ​មិនអាច​ចេញ​បានទេ​ តែ​គាត់ការពារ​ឆ្នាំង​បាយ​​របស់​គាត់​ដែរ​ ជួយ​រក​ហេតុ​ផល​វែក​ញែក​រឿង​ទប់​ស្កាត់​ធនធាន​ធម្មជាតិ ជួយបន្តឹង​បើអត់ទេ នៅតែ​ចឹង​រហូត​ព្រៃឈើ​កាន់​តែ​អស់​ ប្រជា​ពលរដ្ឋ​មានអី មាន​តែ​រង​ទុក្ខវេទនា​ហ្នឹង​»

លោក ហុង ប៊ុនហាន ប្រជាជន​ដែល​រស់​នៅ​ភូមិឈើទាលជ្រុំ ឃុំ​ត្រពាំងជោ ស្រុកឱរ៉ាល់ ថា ដោយសារមានការកាប់ព្រៃឈើលើ​ភ្នំឱរ៉ាល់​កើតឡើង​ស្ទើរ​តែ​រាល់​ថ្ងៃ​ ហើយភាគច្រើនដែលមកពីគ្រប់តំបន់ប្រមាណជា ១០ គីប ឬ ស្មើ ៥៨០ សន្លឹកក្នុងមួយថ្ងៃៗ សម្រាប់តែ​ឃុំត្រពាំងជោមួយ ដោយមិនគិតពីរឃុំផ្សេងទៀតនៃស្រុកឱរ៉ាល់នោះទេ​​។ ​លោកបន្តថា អាជ្ញាធរដែលពាក់​ព័ន្ធក៏បាន​ដឹង​អំពីការកាប់ព្រៃឈើ​ដែរ ឬអាចជាអ្នក​ទទួលសំណូកពីឈ្មួញផងដែរ​។​

លោកថា៖ «មិនមែន​មិនដឹង​ទេ​លោកគ្រូ​អើយ! ដឹង​ហើយតែ​គ្រាន់ថា! ធម្មតា​គេឱ្យលុយ​​ឱ្យកាក់​តិចតួតទៅ​​ គេចេះ​​ឱ្យឈើ​ចេញ​ចឹងទៅ​ណា»

លោកមានការបារម្ភថា ​ប្រសិនបើមិនមានការចូលរួមទប់ស្កាត់​ទាំងអស់គ្នាទេ​ នោះតំបន់ភ្នំឱរ៉ាល់ប្រាកដជាមិនមានព្រៃឈើ​សម្រាប់មនុស្ស​ជំនាន់ក្រោយនោះឡើយ។

លោកថា​៖ «បើទៅអនា​គត​គ្មានសល់ទៀតទេ​ បើយើងមិនបានទប់ស្គាត់ការកាប់បំផ្លាញ​ឱ្យបានរឹងមាំ គឺព្រៃឈើ​ គឺច្បាស់តែរលាយ​ទៅអ​នាគត»

អ្នកស្រី ឃន ផាន អាយុ៦៥ រស់​នៅ​ភូមិ​ពោមារ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ បាន​សង្កេតឃើញថា នៅព្រៃសហគមន៍​ដែលហៅ​ថា​ព្រៃមាតាធម្មជាតិជិត​តំបន់​​​ភ្នំឱរ៉ាល់​ ក៏មានការកាប់បំផ្លាញរាល់ថ្ងៃ រហូត​ដល់ថ្ងៃខ្លះការកាប់ឈើឈានដល់៥ហិកតាក្នុងមួយថ្ងៃ​ ចំណែកឯការ​កាប់​នេះសុទ្ធតែបានការពារពីសំណាក់អាជ្ញាធរទៅវិញ។

អ្នកស្រីថា៖ «បើតាមខ្ញុំដែលពិនិត្យផ្ទាល់​​ ជួបផ្ទាល់ហ្មង ​គេឃុបឃិត​តាំងពីភូមិដល់ឃុំ​ តាំងពីឃុំដល់ស្រុកខេត្ត​»

លោកស្រីបន្តថា ​បច្ចុប្បន្នមានតែប្រជាពលរដ្ឋទេ ដែលជាអ្នករួមគ្នាការពានិងតវ៉ាការកាប់បំផ្លាញព្រៃឈើក្នុងព្រៃសហគមន៍ ​ទោះបីជាមិន​មាន​ប្រសិទ្ធភាពច្រើនក៏ដោយ។

អ្នកស្រីថា៖ «មួយរយៈនេះយើងនាំប្រជាពលរដ្ឋគ្រប់ភូមិទាំងអស់​ផ្ដិតមេដៃឡើងទៅឱ្យ​ឈប់កាប់ហ្មង​ អត់ឱ្យហ្មងការពារទុករហូត​ដល់ក្មេង​ជំនាន់​ក្រោយ​បើនៅបំផ្លាញទៀតយើងតវ៉ារហូតហ្មង»

មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញ​យុវជន​កម្ពុជា លោក ម៉ា ចិត្រា បាន​លើក​ឡើង​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​​​តំបន់​ឱរ៉ាល់​នៅ​តែ​បន្ត​កើត​មាន​ដោយ​សារបញ្ហា​ចម្បង​​​មក​ពី​មា​ន​អំ​ពើ​ពុក​រលួយ​និង​អា​ជ្ញាធរ​អសមត្ថភាព​នៅ​ក្នុងការ​គ្រប់​គ្រង​​តំបន់​នោះ​ ទន្ទឹម​នឹង​នេះ​ក៏មាន​ការ​យក​លុយ​ពី​អ្នក​កាប់​ឈើ​ជាដើម​ដែល​ជា​មូល​ហេតុនៅ​តែ​បន្ត​កើត​មាន​។

លោក​ថា៖ «អ្វី​ដែល​សំ​ខាន់​នោះ​ គឺ​វា​អា​ច​មាន​ មិនអាច​ដោះ​ស្រាយ​បាន​ទេ ​ព្រោះ​វា​កើត​ទៅ​​ជា​ប្រព័ន្ធ​ទៅ​ហើយ​ មិន​ថាតំ​​បន់​ឱរ៉ាល់​ទេ ​សូម្បី​តែកន្លែងតំបន់ផ្សេងទៀត​ហ្នឹងក៏ដោយ ​​ជួន​ណា​ទៅ​ ខាង​រដ្ឋ​ហ្នឹង ​គេ​យក​ហេតុ​ផល​ថា ដោយសារ​តែ​សេដ្ឋកិច្ច​ពល​រដ្ឋ​អ៊ីចឹង​ជា​ដើម​ យើង​មើល​ទៅ​មិនអាច​ទប់ស្កាត់បានទេ​ ​បើ​សិន​ជា​រដ្ឋាភិបាល​គាត់​មិន​ព្រម​ផ្លាស់​ប្ដូ​រឥរិយាបថ​ក្នុង​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​ឱ្យ​បាន​ល្អ»

លោក​បាន​បន្ថែមថា ដើម្បីថែ​រក្សា​ព្រៃ​ឈើ​ឱ្យ​នៅ​គង់​វង្ស​រដ្ឋាភិបាល​គួរតែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​ការ​ពារ​ពិតប្រាកដ ​មិនមែន​យក​តួនាទី​ការការពារ​ព្រៃ​ឈើ​ទៅ​រក​លុយ​ពី​អ្នក​កាប់​ឈើ​ដើម្បី​ភាព​មាន​បាន​ខ្លួន​ឯងឬ​បក្សពួក​ខ្លួន​ឯងនោះ​ទេ។ លោកបន្តថា លុះ​ត្រា​តែ​មន្រ្តី​យក​តួនាទី​របស់​ខ្លួន​ឯង​ការពារ​ព្រៃ​ឈើ​ពិត​ប្រាកដទើប​មាន​ការ​ការ​ពារបាន ចំណែកប្រជាពលរដ្ឋត្រូវចាត់ទុកព្រៃឈើជារបស់ខ្លួននិងចូលរួមការពារព្រៃយ៉ាងសកម្មផងដែរ បានអាចការពារបានតទៅមុខទៀត។

លោកថា៖ «ដើម្បីរក្សាការពារព្រៃឈើឱ្យបានគង់វង្សទាល់តែមន្ត្រីរាជការមានការប្ដេជ្ញាចិត្តក្នុងការការពារមែនទែន មិនមែន​យកតួនាទី​ការពារព្រៃឈើ​ដើម្បីទៅរកលុយបំពាក់បំប៉ន​បក្សពួក គូកន​យកតួនាទីអ្នកការពារព្រៃឈើហ្នឹងទៅយកលុយ​ពីអ្នកកាប់ព្រៃឈើដើម្បី​ភាព​មានបានក្រុមគ្រួសារខ្លួនឯកបក្សពួកខ្លួនឯងទេ»

វីអូឌីមិនអាចសុំការឆ្លើយតបពី​ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា និងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបាននោះទេ។ គួរបញ្ជាក់ថា ​​ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់ជាងគេនៅកម្ពុជា មានកំពស់ ១,៨១៣ ម៉ែត្រ ស្ថិតនៅផ្នែកខាងកើតនៃជួរភ្នំក្រវាញ​និងជាតំបន់​ការពារភ្នំដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលចេញដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៩៣ មានផ្ទៃដី២៥៣,៧៥០ហិចតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ